សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ប្រកាសអរគុណឧកញ៉ា ខេមរៈ សិរីមន្ដ និងក្រុមការងារសម្រាប់ចម្រៀងដ៏ពិរោះ និងមានអត្ថន័យជូនសម្តេច និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ក្នុងថ្ងៃខួបអាពាហ៍ពិពាហ៍ គម្រប់១៨ឆ្នាំ នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២៤។
លើទំព័រហ្វេសប៊ុកផ្ទាល់ខ្លួន សម្តេចធិបតី ហ៊ុន ម៉ាណែត បានស៊ែវីដេអូបទចម្រៀង (Share) ច្រៀងដោយឧកញ៉ា ខេមរៈ សិរីមន្ដ នឹងបានភ្ជាប់ជាមួយសារអរគុណយ៉ាងដូច្នេះថា៖ «អរគុណប្អូនៗសម្រាប់ចម្រៀងដ៏ពិរោះ និងមានអត្ថន័យមួយបទនេះ»។
ជាមួយគ្នានេះ គណនីហ្វេសប៊ុកផ្ទាល់ខ្លួនរបស់ស្រ្តីទី១កម្ពុជា គឺលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ក៏បាន Share Video បទចម្រៀងបកស្រាយជូនដោយឧកញ៉ា ខេមរៈ សិរីមន្ដ មួយបទនេះជាមួយនឹងសញ្ញារូបបេះដូងផងដែរ។
បើតាមបណ្តាញសង្គមតេឡេក្រាម អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ម្ចាស់ផលិតកម្ម Galaxy Navatra បានឱ្យដឹងថា ឧកញ៉ា ខេមរៈ សិរីមន្ត បានបកស្រាយចម្រៀងមួយបទ ដែលនិពន្ធដោយលោក ខេមរៈ ភារុណ ជាពិសេស ជូនដល់សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ក្នុងឱកាសអបអរសាទរ ខួបទី៤៥ ទិវាជ័យជម្នះ ៧មករា (៧ មករា ១៩៧៩ – ៧ មករា ២០២៤) និងជាថ្ងៃខួបអាពាហ៍ពិពាហ៍១៨ឆ្នាំ របស់សម្តេចធិបតី និងលោកជំទាវបណ្ឌិត។
ក្នុងថ្ងៃដ៏វិសេសវិសាលនេះដែរ នៅព្រឹកព្រលឹមស្រាងៗ ថ្ងៃ៧មករា សម្តេចធិបតី ហ៊ុន ម៉ាណែត បានបង្ហោះរូបភាពថ្ងៃរៀបអាពាហ៍ពិពាហ៍ចំនួនពីរសន្លឹក ហើយភ្ជាប់ជាមួយសារថ្លែងអំណរគុណលោកជំទាវបណ្ឌិត បែបនេះថា៖ «ខួប ១៨ឆ្នាំ នៃជីវិតអាពាហ៍ពិពាហ៍បានកន្លងផុតទៅយ៉ាងលឿន។ សូមអរគុណភរិយាជាទីស្រឡាញ់ចំពោះ ១៨ឆ្នាំ ដែលពោរពេញទៅដោយសេចក្តីស្រឡាញ់ សុភមង្គល និងភាពកក់ក្តៅនៅក្នុងគ្រួសារតូចមួយរបស់យើង។ រីករាយខួប ១៨ឆ្នាំ នៃចំណងអាពាហ៍ពិពាហ៍របស់យើង (៧ មករា ២០០៦ – ៧ មករា ២០២៤)»៕
សូមទស្សនាវីដេអូបទចម្រៀងខាង៖