លោកស្រី ចម ក្រស្នា អគ្គនាយិកាក្រុមហ៊ុន សោម៉ា គ្រុប ដែលត្រូវជាភរិយារបស់លោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានដឹកនាំបុគ្គលិករបស់ខ្លួនរាប់រយនាក់ ធ្វើដំណើរកម្សាន្តទៅកាន់រីស៊ត២កន្លែង របស់អ្នកឧកញ៉ា សួរ វីរៈ នៅកោះស្តេច ខេត្តកោះកុង កាលពីថ្ងៃទី០៤ ដល់ថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៤។

ដំណើរកម្សាន្តរបស់បុគ្គលិកក្រុមហ៊ុន សោម៉ា គ្រុប នេះ គឺជាការបើកទំព័រឆ្នាំថ្មីនៃដំណើរកម្សាន្ត ជួបជុំបុគ្កលិករបស់ក្រុមគ្រួសារ សោម៉ា គ្រុប ឆ្នាំ២០២៤ ជាមួយនេងការរៀបចំសហការរួមគ្នា បង្កើតជាក្រុម និងលេងហ្គេមសប្បាយជុំគ្នា (Team Building) ក្នុងគោលបំណង ដើម្បីពង្រឹងចំណងមិត្តភាព ឱ្យកាន់តែមានភាពជិតស្និត។

សូមជម្រាបថា ក្នុងដំណើរកម្សាន្តរបស់ក្រុមហ៊ុន សោម៉ា គ្រុប នេះ បានរៀបចំសកម្មភាពកម្សាន្តនៅឆ្នេរចំនួនពីរ គឺកោះស្តេច រីស៊ត និងកោះអភិជនរីស៊ត ខេត្តកោះកុង ដែលសុទ្ធសឹងតែជាគម្រោងអភិវឌ្ឍន៍ដោយអ្នកឧកញ៉ា សួរ វីរៈ។
សោម៉ា គ្រុប មានបុត្រសម្ព័ន្ធប្រមាណចំនួន ១០ក្រុមហ៊ុនក្នុងដៃ ដែលធ្វើការក្នុងវិស័យផ្សេងគ្នា រួមមាន៖ វិស័យសំណង់ កសិកម្ម បច្ចេកវិទ្យា ពាណិជ្ជកម្ម អប់រំ បដិសណ្ឋារកិច្ច និងអភិវឌ្ឍអចលនវត្ថុ ជាដើម។ លោកស្រី ចម ក្រស្នា បានបម្រើការនៅ សោម៉ា គ្រុប រយៈពេលជាង ១៥ឆ្នាំមកហើយ ខណៈដែលលោកស្រី បានឡើងកាន់តួនាទីជា CEO ចាប់ពីឆ្នាំ២០១៨ មក៕








