អ្នកឧកញ៉ា ថៃ ជាហួត អគ្គនាយកក្រុមហ៊ុន បុរី ប៉េង ហួត គ្រុប, អ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិកក្រុមហ៊ុន ជីប ម៉ុង គ្រុប ឧកញ៉ាៗ និងអ្នកជំនួញជាច្រើនរូប បានអញ្ជើញចូលរួមពិធីខួប ១៤ឆ្នាំ សមាគមយុវជនក្រុម៨ ក្រោមអធិបតីភាព លោកបណ្ឌិត ម៉ឹង មករា ប្រធានសមាគមយុវជនក្រុម៨ ដែលប្រព្រឹត្តិទៅ កាលពីល្ងាចថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៤ នៅសណ្ឋាគារហ្វែរហ្វៀល ភ្នំពេញ។
ក្នុងឱកាសអបអរសាទរ ពិធីខួប ១៤ឆ្នាំ សមាគមយុវជនក្រុម៨ ប្រកបដោយបរិយាកាសសប្បាយរីករាយនេះ ក៏មានការអញ្ជើញចូលរួមពីឧកញ៉ា អេង ចំរើន អគ្គនាយកក្រុមហ៊ុន មង្គល គ្រុប, ឧកញ៉ា ហៀង សែ, កូនប្រុសស្រី និងកូនប្រសាររបស់លោកបណ្ឌិត ម៉ឹង មករា ព្រមទាំងភ្ញៀវកិត្តិយសជាច្រើននាក់ទៀត។ ដើម្បីចូលរួមអបអរសាទរ អ្នកឧកញ៉ា ថៃ ជាហួត និងលោកស្រី ក៏បានជូនបាច់ផ្កាដល់លោកបណ្ឌិត ម៉ឹង មករា មុននឹងទទួលទានអាហារសាមគ្គីជាមួយគ្នាផងដែរ។
សូមជម្រាបថា សមាគមយុវជនក្រុម៨ ត្រូវបានបង្កើតឡើងកាលពី១៤ឆ្នាំមុន ប៉ុន្តែទើបបានចុះបញ្ជីជាផ្លូវការនៅក្រសួងមហាផ្ទៃ កាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៥។ សមាគមនេះ បង្កើតឡើងក្នុងគោលបំណង ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលនៅក្នុងវិស័យអប់រំ សុខាភិបាល កសិកម្ម ការកសាងហេដ្ឋារចនាសម្ព័ន្ធនានា និងការងារសប្បុរសធម៌ជាច្រើនទៀត ដើម្បីចូលរួមអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែមានការរីកចម្រើន។ សមាគមយុវជនក្រុម៨ បច្ចុប្បន្ននេះ គឺដឹកនាំដោយលោកបណ្ឌិត ម៉ឹង មករា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាប្រធានសមាគម៕