សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤នេះ បានថ្លែងអំណរគុណដល់ អ្នកឧកញ៉ា លាង ឃុន សហស្ថានិកក្រុមហ៊ុន ជីប ម៉ុង គ្រុប ដែលជានិច្ចកាលតែងតែចូលរួមឧបត្ថម្ភនូវគ្រឿងអេឡិចត្រូនិកដល់សិស្សនិទ្ទេស A។

ក្នុងពិធីជួបសំណេះសំណាលជាមួយសិស្សនិទ្ទេស A ក្នុងឆ្នាំសិក្សា២០២២-២០២៣ សរុប ១,៦៩១នាក់ រាប់ទាំងបេក្ខជនអប់រំបច្ចេកទេស ១៨នាក់ ដែលធ្វើឡើងនៅមជ្ឈមណ្ឌលពាណិជ្ជកម្មជ្រោយចង្វារ (OCIC) កាលពីព្រឹកមិញនេះ សម្តេចធិបតី មានប្រសាសន៍ថា សម្តេចពិតជាមានសេចក្តីសោមន្សរីករាយជាខ្លាំង ដែលបានជួបជាមួយក្មួយៗនិទ្ទេស A ទាំង ១,៦៩១នាក់។ នេះជាលើកទី១ សម្រាប់សម្តេចដែលជួបជាមួយក្មួយៗនិទ្ទេស A ប៉ុន្តែនេះជាលើកទី៩ នៃប្រពៃណីការជួបរវាងនាយករដ្ឋមន្ត្រី និងក្មួយៗនិទ្ទេស A គិតតាំងពីចាប់ផ្តើមឡើងកាលឆ្នាំ២០១៤ ដែលសម្តេចតេជោ តែងតែឆ្លៀតឱកាសជួបជាមួយក្មួយៗទាំងអស់ លើកលែងតែឆ្នាំ២០២០ គ្មាននិទ្ទេសនោះទេ គឺឱ្យជាប់ទាំងអស់គ្នា ដោយសារជំងឺកូវីដ-១៩។
សម្តេចធិបតី បានបន្ថែមដូច្នេះថា៖ “ឆ្នាំនេះពិធីជួបជុំរៀងពន្យាពេលបន្តិច ដោយសារយើងនៅរង់ចាំការបញ្ជាទិញគ្រឿងអេឡិចត្រូនិក Galaxy Tab ដែលក្រុមហ៊ុន ជីប ម៉ុង គ្រុប ជាអ្នកបញ្ជាទិញ។ ហើយក៏សូមអរគុណដល់អ្នកឧកញ៉ា លាង ឃុន ដែលជានិច្ចកាលតែងជួយឧបត្ថម្ភគ្រឿងអេឡិចត្រូនិកនេះ សម្រាប់ជារង្វាន់ជូនក្មួយៗជិត ១,៧០០នាក់។ សូមអរគុណណាស់ ចំពោះក្រុមហ៊ុន ជីប ម៉ុង ដែលបានជួយផ្តល់សម្ភារៈទាំងនេះ”។

គួរបញ្ជាក់ថា ការប្រលងមធ្យមសិក្សាទុតិយភូមិ ឬហៅបាក់ឌុប ដែលបានប្រព្រឹត្តទៅនាថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣ មានសិស្សប្រឡងជាប់សរុប ៩៨,៤៦០នាក់ ស្មើនឹង ៧២.៨៩ភាគរយ។ ក្នុងនោះសិស្សទទួលបាននិទ្ទេស A ចំនួន ១,៦៧៣នាក់, និទ្ទេស B ចំនួន ៦,៩៦៤នាក់, និទ្ទេស C ចំនួន ១៨,៣០៨នាក់, និទ្ទេស D ចំនួន ៣៤,២៤៦នាក់ និងនិទ្ទេស E ចំនួន ៣៧,២៦៩នាក់។ សម្រាប់សិស្សនិទ្ទេស A ទាំងអស់ ទទួលបាន Galaxy Tab មួយគ្រឿង, កាក់រូបហង្សចំនួនមួយ, សៀវភៅអានមួយប្រអប់ (សៀវភៅក្រមង៉ុយ និងសៀវភៅបណ្ឌិតអ៊ូចុង) និងថវិកាចំនួន ២លានរៀល៕


