មូលនិធិគន្ធបុប្ផាកម្ពុជា បង្កើតឡើងក្នុងគោលបំណងបន្តសកម្មភាពមនុស្សធម៌របស់មន្ទីរពេទ្យគន្ធបុប្ផា តាមរយៈ ការស្វែងរកថវិកាពីបណ្តាសប្បុរសជននានាមកទ្រទ្រង់ ដើម្បីព្យាបាលជំងឺកុមារកម្ពុជាដោយឥតគិតថ្លៃ ប្រកបដោយគុណភាព និងមិនមានការរើសអើង។ មូលនិធិនេះត្រូវបានបង្កើតឡើងនៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៨ ក្រោមអធិបតីភាពសម្ដេចតេជោ ហ៊ុន សែន។

ក្នុងការចូលរួមបរិច្ចាកថវិកាដល់មូលនិធិគន្ធបុប្ផា សប្បុរសជន អាចផ្ដល់អំណោយជាថវិកា ដល់កុមារកម្ពុជា ដែលកំពុងសម្រាកព្យាបាលជំងឺតាមសាខាមន្ទីរពេទ្យគន្ធបុប្ផាទាំង ៥ទីតាំង នៅទូទាំងប្រទេសកម្ពុជា ដោយផ្ទាល់នៅលេខាធិការដ្ឋានមូលនិធិគន្ធបុប្ផាកម្ពុជា ដែលមានទីតាំងនៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុឬតាម គ្រឹះស្ថានហិរញ្ញវត្ថុ និងធនាគារដៃគូរបស់មូលនិធិគន្ធបុប្ផាកម្ពុជា។ ថវិកាទាំងអស់ដែលទទួលបាន នឹងត្រូវចាត់ចែងប្រើប្រាស់ដោយគណៈគ្រប់គ្រងរបស់មន្ទីរពេទ្យនៅពេលមានតម្រូវការ។
ថ្ងៃនេះ ឧកញ៉ាញូស៍សូមបង្ហាញធនាគារដៃគូរបស់មូលនិធិគន្ធបុប្ផាដែលមានម្ចាស់ជាអ្នកឧកញ៉ា នៅកម្ពុជា។ គ្រឹះស្ថានហិរញ្ញវត្ថុ និងធនាគារដៃគូមានសរុបទាំងអស់ចំនួន១៤ ក្នុងនោះ ៤ជារបស់អ្នកឧកញ៉ា ដូចជា៖
១. ធនាគារ កាណាឌីយ៉ា របស់អ្នកឧកញ៉ា ពុង ឃាវសែ

២. ធនាគារ វីង របស់អ្នកឧកញ៉ា គិត ម៉េង

៣. ធនាគារ វឌ្ឍនៈ របស់អ្នកឧកញ៉ា សំ អាង

៤. ធនាគារ ជីប ម៉ុង របស់អ្នកឧកញ៉ា លាង ម៉េង

សូមជម្រាបជូនថា មន្ទីពេទ្យគន្ធបុប្ផា ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៩២ ដោយមានវេជ្ជបណ្ឌិត Beat Richner ជាស្ថាបនិក។ ក្នុងដំណើរការទ្រទ្រង់មន្ទីពេទ្យ ស្ថាបនិកជនជាតិស្វីសរូបនេះ ប្រមូលថវិកាមកពីការសម្ដែងសិល្បៈ របស់ខ្លួនតាមរយៈការលេងសូរឡូ ឬកូដវីយូឡុង, ទទួលបានថវិកាពី មូលនិធិគន្ធបុប្ផាស្វីស ដែលផ្ដល់ឱ្យដោយរដ្ឋាភិបាលស្វីស,ទទួលបានពីសប្បុរសជនក្នុង និងក្រៅប្រទេស រួមទាំងរដ្ឋាភិបាលកម្ពុជាផងដែរ៕
អត្ថបទ៖ សុកធា
