បន្ទាប់ពីបានចុះជួយប្រជាពលរដ្ឋជាច្រើន រងគ្រោះដោយទឹកជំនន់ទឹកភ្លៀង ទទួលបានការកោតសរសើរជាខ្លាំងពីមហាជនមកនោះ ព្រមទាំងមានការជំរុញពីមិត្តភក្តិ ពេលនេះលោក ឧកញ៉ា ប៊ុន រតនា (សេម) បានសម្រេចបង្កើតមូលនិធិផ្ទាល់ខ្លួនមួយហើយ ដែលមានឈ្មោះថា«មូលនិធិជួយជនរងគ្រោះ»។ ក្នុងគោលដៅប្រមែប្រមូលថវិកាពីសប្បុរសជន បូកជាមួយថវិកាលោកឧកញ៉ាផ្ទាល់ ដើម្បីយកទៅជួយដល់ជនក្រីក្រ ពិសេសគឺជួយដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ ចំពោះមុខតែម្ដង។
លោក ឧកញ៉ា ប៊ុន រតនា (សេម) បានបញ្ជាក់ឲ្យដឹងថា មូលហេតុដែលនាំឲ្យលោកបង្កើត «មូលនិធិជួយជនរងគ្រោះ» ក៏ព្រោះតែមានការជំរុញពី មិត្តភ័ក្ដិ បងប្អូនដៃគូរកស៊ី គួបផ្សំខ្លួនលោកឧកញ៉ាផ្ទាល់ជា មនុស្សម្នាក់ ចូលចិត្តធ្វើកិច្ចការសប្បុរសធម៌នេះផងនោះ ទើប សម្រេចបង្កើតឡើងតែម្ដង។
លោកថា គ្រាន់តែប្រកាសភ្លាម ឃើញមានសប្បុរសជនជាច្រើនបានចូលរួមជាបន្តបន្ទាប់ ហើយនៅផេករបស់លោកឧកញ៉ា ឃើញមានអ្នកចូលរួមជួយ ព្រមទាំងផុសថ្លែងអំណរគុណ ជាបន្តបន្ទាប់។
សូមបញ្ជាក់ផងដែរ កាលពីថ្ងៃទី១៥ខែតុលាឆ្នាំ២០២០ លោកឧកញ៉ា ប៊ុន រតនា(សេម) និងលោកជំទាវ ខៀវ យឺនពុទ្ធារ័ត្ន (លីឈី) អគ្គនាយក Amazing Family Trading Co,.Ltd និងឃ្លាំងទិញលក់រថយន្ត អេសអូតូ ខេមបូឌា បាននាំយកអង្ករចំនួន ១០តោនជូនដល់ឯកឧត្តម ម៉ៅ ធនិន អភិបាល នៃគណៈអភិបាលខេត្ត ពោធិ៍សាត់ ហើយក៏បានចូលរួមជាមួយឯកឧត្តម និងឯកឧត្តម ឌី វិជ្ជា ព្រមទាំងក្រុមការងារសហភាពសហព័ន្ធយុវជន ក្រុមការងារសាលាខេត្ត និងកងកម្លាំងប្រដាប់អាវុធ ចុះចែកដោយផ្ទាល់ជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង ជាច្រើនពាន់គ្រួសារ នៅក្នុងខេត្តពោធិ៍សាត់។
ទទឹមនឹងការប្រកាស បង្កើត«មូលនិធិជួយជនរងគ្រោះ» លោក ឧកញ៉ា ក៏សូមអំពាវនាវដល់ពុកម៉ែបងប្អូនជនរួមជាតិទាំងក្នុងនិងក្រៅប្រទេស ជួយចូលរួមជាមួយលោកឧកញ៉ា តាមរយៈ៖
-ABA: 001 142 816 (BUN RATANA)
-ACLEDA ទាន់ចិត្ត: 1135 6761 4 (BUN RATANA)
-Wing លេខទូរសព្ទ: 010 330 011 – 090 330 011៕