អ្នកឧកញ៉ា គិត ម៉េង អគ្គនាយកក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប នៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២៤ បានបើកដំណើរការ ក្រុមហ៊ុន Royal Group Exchange (RGX) ដែលជាថ្នាលជួញដូរមូលបត្រឌីជីថលដំបូងគេ ដោយប្រើប្រាស់ បច្ចេកវិទ្យាប្លុកឆេន(Blockchain)នៅកម្ពុជា ក្រោយទទួលបានការអនុញ្ញាតពីនិយ័តករមូលបត្រកម្ពុជា។

ការបើកដំណើរក្រុមហ៊ុន Royal Group Exchange (RGX) នេះជាជំហានដ៏សំខាន់មួយក្នុងការវិវត្តក្នុង វិស័យហិរញ្ញវត្ថុរបស់កម្ពុជា ដែលអនុញ្ញាតឱ្យបុគ្គល និងអាជីវកម្មចូលរួមក្នុងសេដ្ឋកិច្ចឌីជីថល សកល។ RGX ផ្តល់នូវសុវត្ថិភាព តម្លាភាព និងប្រសិទ្ធភាពសម្រាប់ មូលបត្រផលិតផលឌីជីថល ការលើកកម្ពស់ការដាក់បញ្ចូល ហិរញ្ញវត្ថុ និងការពង្រឹងសហគមន៍តាមរយៈបច្ចេកវិទ្យាទំនើប និងភាពជាដៃគូក្នុងឧស្សាហកម្ម។

លើកឡើងនៅក្នុងកម្មវិធីនេះ អ្នកឧកញ៉ា គិត ម៉េង បានគូសបញ្ជាក់ថា RGX មានគោលបំណងក្លាយជាកាតាលីករសម្រាប់ការផ្លាស់ប្តូរ ការលើកកម្ពស់ បរិយាបន្ន ហិរញ្ញវត្ថុ និងការផ្តល់សិទ្ធិអំណាចដល់សមាជិកទាំងអស់ នៃសហគមន៍របស់យើង ក្នុងការទទួលបានឱកាសនានា ដែលផ្តល់ដោយសេដ្ឋកិច្ចឌីជីថល។

ជាមួយគ្នានេះ លោក ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយតករមូលបត្រកម្ពុជា បាន លើក ឡើងថា ការបើកដំណើរការថ្នាលជួញដូរ RGX ដែលត្រូវបានអនុញ្ញាតក្រោមគម្រោង Sandbox បទប្បញ្ញត្តិ FinTech ក្នុងវិស័យមូលបត្រ គឺជាសក្ខីភាពមួយចំពោះភាពជឿនលឿននៃបច្ចេកវិទ្យាហិរញ្ញវត្ថុ FinTech ក្នុងវិស័យមូលបត្រកម្ពុជា។ ការបើកដំណើរការនេះក៏បង្ហាញពីកិច្ចខិតខំប្រឹងប្រែងរបស់ និយ័តករ មូលបត្រកម្ពុជា ក្នុងការលើកកម្ពស់ការបង្កើតថ្មីផ្នែកហិរញ្ញវត្ថុ សុចរិតភាពទីផ្សារ និងការការពារវិនិយោគិន រួម ជាមួយនឹងការចូលរួមយ៉ាងសកម្មពីវិស័យឯកជន។
សូមជម្រាបជូនថា ការបើកដំណើរការថ្នាលជួញដូរមូលបត្រឌីជីថលដំបូងគេ ខាងលើនេះ RGX នឹងត្រៀមខ្លួន ក្លាយជាជម្រើសជាទីពេញចិត្តសម្រាប់ការជួញដូរផលិតផល ឌីជីថលមូលបត្រនៅកម្ពុជា៕
អត្ថបទ៖ សុកធា