អ្នកឧកញ៉ា គួច ម៉េងលី អគ្គនាយកប្រតិបត្តិក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន បានអញ្ជើញសម្ពោធជាផ្លូវការ សៀវភៅ ក្សត្រិយៈ ភាពជាអ្នកដឹកនាំតាមបែបប្រពៃណីខ្មែរ ដែលនិពន្ធដោយបូជាចារ្យ គង់ វៀល អ្នកផ្សព្វផ្សាយសាសនាកាតូលិក មកពីប្រទេសម៉ូណាកូ។

ពិធីសម្ពោធនេះ ធ្វើឡើងនៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ នៅសាលប្រជុំ សូវ ហុងគុយ (ជាន់ទី១៧) អគារ លីម គីមណយ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាម៉ៅសេទុង រៀបចំដោយគ្រឹះស្ថានបោះពុម្ពនៃសាកលវិទ្យាល័យ ម៉េងលី ជេ. គួច។
សៀវភៅនេះគឺជាស្នាដៃដំបូងដែលនិពន្ធជាភាសាខ្មែរដោយលោកបូជាចារ្យ គង់ វៀល ដែលមានវត្តមាននៅប្រទេសកម្ពុជាតាំងពីសតវត្សទី១៧មកម៉្លេះ។ បន្ទាប់ពីរៀនភាសាខ្មែរអស់រយៈពេល៣ឆ្នាំ ធ្វើដំណើរទៅស្ទើរតែគ្រប់ខេត្តក្នុងព្រះរាជាណាចក្រកម្ពុជា រស់នៅខេត្តសៀមរាប១ឆ្នាំពេញដើម្បីស្វែងយល់ពីបុរាណស្ថានក្នុងតំបន់អង្គរ និងសិក្សានៅបណ្ណាល័យនៃមជ្ឈមណ្ឌលខេមរសិក្សា ស្ថិតក្នុងវត្តដំណាក់ លោកបានប្រមូលផ្តុំការឆ្លុះបញ្ចាំងរបស់លោកចេញពីប្រភពផ្សេងៗ ទាំងប្រពៃណី និងការសិក្សាស្វែងយល់ពីការដឹកនាំរបស់ខ្មែរពីដើម។

តើមានសៀវភៅណារៀបរាប់ពីភាពជាអ្នកដឹកនាំតាមបែបខ្មែរជាក់លាក់ទេ? ក្នុងចំណោម ប្រភេទផ្សេងៗ ជាច្រើន យើងឃើញមានច្រើន គឺប្រលោមលោកបែបមនោសញ្ចេតនា សៀវភៅរឿងកុមារ សៀវភៅស្រាវជ្រាវ ពីប្រវត្តិសាស្ត្រ គន្លឹះជោគជ័យ និងមានវត្តមានជាពិសេសនៅក្នុងបណ្ណាគារកម្ពុជា គឺសៀវភៅស្តីពីភាពជា អ្នកដឹកនាំទូទៅតែប៉ុណ្ណោះ។ លើសពីនេះទៅទៀត គំរូនៃភាពជាអ្នកដឹកនាំដែលត្រូវបានបោះពុម្ពផ្សាយ ភាគច្រើនជាសៀវភៅ ដែលលើកយគំរូបរទេស រាប់ចាប់ពីលោក Elon Musk រហូតដល់ Barack Obama ឬពីលោក មហាត្មៈគន្ធី រហូតដល់លោក ម៉ៅ សេទុង។ ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីបង្រួមគម្លាតរវាងការសិក្សាប្រវត្តិសាស្ត្រ និងការណែនាំ អំពីភាពជាអ្នកដឹកនាំ ខ្លឹមសារក្នុងសៀវភៅនេះ សិក្សាអំពីជីវិតរបស់ព្រះមហាក្សត្រខ្មែរទាំងប្រាំបីអង្គ ទាំងរឿង ព្រេងនិទាននិងប្រវត្តិសាស្ត្រមុននិងក្រោយអាណាចក្រអង្គរដ៏រុងរឿង ហើយបានទាំងលើកឡើងពីកត្តារួម ក្នុងការដឹកនាំ គឺគុណធម៌។

ក្សត្រិយៈ គឺមានប្រភពមកពីពាក្យសំស្ក្រឹត សំដៅលើវណ្ណៈមួយក្នុងចំណោមបួននៅក្នុងសង្គម ឥណ្ឌាន័យកម្ម ដែលជាក្រុមអ្នកចម្បាំង។ ព្រះមហាក្សត្រដែលគេស្គាល់ជាភាសាខ្មែរថា មហាកស្សបតិយ្យ ជាអ្នកចម្បាំងដ៏អស្ចារ្យ ជាអ្នកចម្បាំងនៃសន្តិភាព «ជានិមិត្តរូបនៃឯកភាពជាតិនិងភាពអមតៈ» ដូចមានចែងក្នុងមាត្រា៨ នៃរដ្ឋធម្មនុញ្ញដែលជាច្បាប់មូលដ្ឋានរបស់ព្រះរាជាណាចក្រកម្ពុជា។ ស្តេចមួយអង្គៗ បង្ហាញពីទេពកោសល្យ ដ៏អស្ចារ្យផ្សេងៗគ្នា រាប់ចាប់ពីព្រះបាទយសោវរ្ម័នទី១ ដល់ព្រះបាទអង្គឌួង ដែលមានគំនិតច្នៃប្រឌិត។ ព្រះបាទ ជ័យវរ្ម័នទី៧ ដ៏អស្ចារ្យ នៅតែមានឥទ្ធិពលឱ្យសិស្សានុសិស្សគ្រប់សាលាទាំងអស់ ក្នុងប្រទេសកម្ពុជាជ្រួតជ្រាបពីភាពជាអ្នកដឹកនាំ ហើយតួលេខនៃភាពជាអ្នកដឹកនាំបែបនេះ អាចត្រូវបានគេរកឃើញនិងណែនាំជាគំរូនៃ ភាពជាអ្នកដឹកនាំដ៏យូរអង្វែងសម្រាប់កម្ពុជា។

ជាជាងនិក្ខេបបទ សៀវភៅនេះគឺជាការស្រាវជ្រាវដែលនៅតែបន្ត ហើយត្រូវតែមានការកែលម្អតាមរយៈ កិច្ចពិភាក្សានិងការផ្លាស់ប្តូរយោបល់ ដើម្បីជំរុញឱ្យកាន់តែមានវប្បធម៌នៃការដឹកនាំប្រកបដោយ ភាពក្លាហាន និងគុណធម៌ ទាំងក្នុងនិងក្រៅប្រទេស។ សូមអរគុណចំពោះការដឹកនាំបច្ចុប្បន្ន ដែលធានាបាននូវយុគសម័យ ដ៏យូរបំផុតមួយនៃសន្តិភាពនៅកម្ពុជា ចាប់តាំងពីរបបរាជានិយមត្រឡប់មកវិញ។
សៀវភៅដែលផ្តល់ចំណារសេចក្តីផ្តើមដោយអ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី នេះ នឹងចរាចរក្នុង ទីផ្សារ សៀវភៅ ទៅគ្រប់បណ្ណាគារទាំងអស់ក្នុងព្រះរាជាណាចក្រកម្ពុជា ហើយស្នាដៃនេះត្រូវបានបោះពុម្ពផ្សាយជាពីរ ភាសាតែម្តង គឺភាសាខ្មែរនិងអង់គ្លេស។ ចំណែកភាសាបារាំង គឺកំពុងតែត្រៀមរៀបចំផងដែរ៕










