បណ្ឌិត តាន់ មុនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា តំណាងអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានអញ្ជើញចូលរួមក្នុងពិធីអបអរសាទរខួបគម្រប់១០ឆ្នាំ នៃការបង្កើតមជ្ឈមណ្ឌលជាតិនៃមជ្ឈត្តការផ្នែកពាណិជ្ជកម្ម (ម.ជ.ម) ដែលដឹកនាំដោយ លោក បួន សារៈមុនី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងលោក សាន គីរី ប្រធានមជ្ឈមណ្ឌលជាតិនៃមជ្ឈត្តការផ្នែកពាណិជ្ជកម្ម នៅសណ្ឋារគារ Hyatt Regency ភ្នំពេញ កាលពីព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤។

គោលបំណងធំក្នុងពិធីនេះ គឺដើម្បីអបអរសាទរចំពោះការបង្កើត និងការដាក់ឱ្យដំណើរការជាផ្លូវការនូវមជ្ឈមណ្ឌលជាតិនៃមជ្ឈត្តការផ្នែកពាណិជ្ជកម្ម និងដើម្បីផ្តល់ជាលិខិតថ្លែងអំណរគុណជូនដល់ថ្នាក់ដឹងនាំរបស់ ម.ជ.ម ចាប់តាំងពីអាណត្តិដំបូងរហូតដល់បច្ចុប្បន្ននេះ។

ពិធីខាងលើនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់តំណាងគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា, តំណាងសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ, តំណាងសភាពាណិជ្ជកម្មអាមេរិក, តំណាងសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា, តំណាងមជ្ឈមណ្ឌលមជ្ឈត្តការអន្តរជាតិហុងកុង និងបណ្តារសមាគម ក្រុមហ៊ុនធុរកិច្ចពាក់ព័ន្ធជាច្រើនទៀតផងដែរ។
សូមជម្រាបថា មជ្ឈមណ្ឌលជាតិនៃមជ្ឈត្តការផ្នែកពាណិជ្ជកម្ម គឺជាស្ថាប័នមិនស្វែងរកប្រាក់ចំណេញមួយ មានទីតាំងស្ថិតនៅក្នុងរាជធានីភ្នំពេញ ហើយត្រូវបានបង្កើតឡើងក្រោមច្បាប់ស្តីពីមជ្ឈត្តការផ្នែកពាណិជ្ជកម្ម នៅឆ្នាំ ២០០៦។ ម.ជ.ម បានចាប់ផ្តើមប្រតិបត្តិការជាផ្លូវការនៅចុងឆ្នាំ២០១៣ ដើម្បីផ្តល់ឱ្យសហគមន៍ពាណិជ្ជករនូវយន្តការដោះស្រាយវិវាទពាណិជ្ជកម្មមួយក្រៅប្រព័ន្ធតុលាការ។ បច្ចុប្បន្នតួនាទី ម.ជ.ម កាន់តែមានសារៈសំខាន់ខ្លាំងឡើង ដោយសារមានការកើនឡើងនូវតម្រូវការនៃការដំណោះស្រាយវិវាទ ដែលបណ្តាលមកពីការរីកចម្រើនយ៉ាងឆាប់រហ័សនៃវិស័យសេដ្ឋកិច្ច កំណើនគួរឱ្យកត់សម្គាល់នៃប្រតិបត្តិការពាណិជ្ជកម្ម ក៏ដូចជាកំណើនវិវាទ ដែលកើតចេញពីប្រតិបត្តិការទាំងនោះ៕


