អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា កាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤ បានចុះហត្ថលេខាចេញលិខិតចាត់តាំង អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា ជា «ប្រធានស្តីទីសភាពាណិជ្ជកម្មកម្ពុជា»។

តាមរយៈខ្លឹមសារនៃសេចក្តីប្រកាស ដែលបានហត្ថលេខានិងត្រារបស់អ្នកឧកញ៉ា គិត ម៉េង បានបញ្ជាក់ថា ក្នុងរយៈពេលអវត្តមានរបស់លោក ក្នុងឱកាសចូលរួមអមដំណើរ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋបារាំង ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ លោកសូមប្រគល់សិទ្ធិជូន អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្ម ទទួលភារកិច្ចជា ប្រធានស្តីទីសភាពាណិជ្ជកម្មកម្ពុជា។

អ្នកឧកញ៉ា លឹម ហេង ត្រូវបានគេស្គាល់ថាជាពាណិជ្ជករម្នាក់ដែលមានភាពស្និទស្នាលជាមួយអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា ខណៈបច្ចុប្បន្នអ្នកឧកញ៉ាកំពុងកាន់តួនាទីជាអនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងតែងបង្ហាញពីសកម្មភាពដឹកនាំលើកិច្ចការរបស់សភាពាណិជ្ជកម្មជាច្រើន ទាំងក្នុងប្រទេស និងក្រៅប្រទេស។ ឧកញ៉ា លឹម ហេង ត្រូវបានព្រះមហាក្សត្រចេញព្រះរាជក្រឹត្យផ្តល់គោរមងារ «អ្នកឧកញ៉ា» នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ ហើយអ្នកឧកញ៉ា ក៏បានទទួលការតែងតាំងជា ទីប្រឹក្សាផ្ទាល់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣៕
