វិទ្យាស្ថានហិរញ្ញវត្ថុកម្ពុជា (Financial Institute of Cambodia) ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ២០០៩ ដោយលោកឧកញ៉ា ស៊ន សុខណា ក្នុងគោលបំណងដើម្បីលើកកម្ពស់ទីផ្សារមូលបត្រកម្ពុជា ដោយផ្តល់ការអប់រំនិងការបណ្តុះបណ្តាល ដល់អ្នកពាក់ព័ន្ធទាំងអស់របស់ទីផ្សារ ដោយអ្នកជំនាញអន្តរជាតិ និងគ្រូមានបទពិសោធន៍ក្នុងតំបន់។

វិទ្យាស្ថានហិរញ្ញវត្ថុកម្ពុជា ត្រូវបានទទួលស្គាល់ដោយក្រសួងអប់រំ យុវជន និងកីឡា ហើយវិទ្យាស្ថាននេះ បានបើកវគ្គបណ្តុះបណ្តាល ចាប់ពីបរិញ្ញាបត្ររងឡើង រហូតដល់ទៅថ្នាក់អនុបណ្ឌិត ដោយមាននាយកដ្ឋានចំនួនបីគឺនាយកដ្ឋានពាណិជ្ជកម្ម, នាយកដ្ឋានសេដ្ឋកិច្ច និងនាយកដ្ឋានគ្រប់គ្រងបច្ចេកវិទ្យាពត័មានវិទ្យា។ វិទ្យាស្ថានហិរញ្ញវត្ថុកម្ពុជា មានកិច្ចសហប្រតិបត្តិការជាមួយគណៈកម្មាការកម្ពុជា (SECC) និងវិទ្យាស្ថានមូលបត្រក្រុងហុងកុង (HKSI) ដើម្បីផ្តល់នូវការបណ្តុះបណ្តាលមូលបត្រនៅប្រទេសកម្ពុជា។ វិទ្យាស្ថានហិរញ្ញវត្ថុកម្ពុជា មានទីតាំងស្ថិតនៅផ្លូវព្រះមុនីវង្ស សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។

សូមជម្រាបថា ឧកញ៉ា ស៊ន សុខណា គឺជាស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន សូណាត្រាគ្រុប ដែលមានក្រុមហ៊ុនបុត្រសម្ពន្ធ័ ដូចជាវិទ្យាស្ថានហិរញ្ញវត្ថុកម្ពុជា, សូណាត្រាមីក្រូហិរញ្ញវត្ថុភីអិលស៊ី, សូណាត្រាកសិកម្ម សូណាត្រាសំណង់ ក្រុមហ៊ុនអចលនទ្រព្យ សូណាត្រាលែន ក្រុមហ៊ុនអ៊ីសវិង សវនកម្មនិងប្រឹក្សាយោបល់ ក្រុមហ៊ុនបុរីសូណាត្រា និងភោជនីយដ្ឋានជប៉ុនជាច្រើនសាខា និងអាគារអាផាតមែនសំរាប់ជួលផងដែរ៕