ក្រុមហ៊ុន អ៉ីឆែ គ្រុប (Y Chhe Group Co., Ltd.) ដែលមាន អ្នកឧកញ៉ា តែ អ៉ីឆែ ជាស្ថាបនិកនិងជាអគ្គនាយក គឺជាក្រុមហ៊ុនផ្គត់ផ្គង់សម្ភារៈសំណង់ឈានមុខគេមួយនៅកម្ពុជា នាពេលបច្ចុប្បន្ន ដែលមានបុគ្គលិកបម្រើការងារជាង ៤០០នាក់។ ក្រុមហ៊ុននេះ មានសមត្ថភាពផ្គត់ផ្គង់សម្ភារៈសាងសង់សម្រាប់គម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗអគារពាណិជ្ជកម្ម និងលំនៅដ្ឋានជាដើម។

ក្រុមហ៊ុន អ៉ីឆែ គ្រុប ត្រូវបានបង្កើតឡើងដំបូងក្នុងឆ្នាំ១៩៨៦ ក្នុងទម្រង់ជាអាជីវកម្មខ្នាតតូចលក្ខណៈគ្រួសារ ដោយផ្តើមចេញពីការលក់គ្រឿងដែក និងលួសចំណង។ នៅឆ្នាំ១៩៩២ ក្រុមហ៊ុនបានពង្រីកអាជីវកម្មទៅជាអ្នកលក់រាយនូវប្រភេទដែកចម្រុះ និងគ្រឿងសម្ភារៈសំណង់ផ្សេងៗ។ លុះដល់ឆ្នាំ២០០២ អ្នកឧកញ៉ា តែ អ៉ីឆែ បានបង្កើតជាក្រុមហ៊ុន អ៊ីឆែ អាហរ័ណ នីហរ័ណ ដែលផ្គត់ផ្គង់គ្រឿងសំណង់គ្រប់ប្រភេទ។ នៅឆ្នាំ២០១០ ក្រុមហ៊ុនចាប់ផ្តើមនាំចូល និងចែកចាយស៊ីម៉ង់ត៍យុថ្កា ដែលមានគុណភាពខ្ពស់ និងកម្រិតស្តង់ដាអាមេរិក។

បន្ទាប់មក នៅឆ្នាំ២០១២ ក្រុមហ៊ុនបានអភិវឌ្ឍទៅជា ក្រុមហ៊ុន អ៉ីឆែ គ្រុប ដែលមានផ្គត់ផ្គង់សម្ភារៈសំណង់គុណភាពខ្ពស់គ្រប់ប្រភេទ។ ចូលឆ្នាំ២០១៤ ចាប់ផ្តើមធ្វើការចែកចាយផលិតផល នៅតាមតំបន់អភិវឌ្ឍន៍សំខាន់ៗ ទូទាំង ២៥រាជធានី/ខេត្ត។ ដល់ឆ្នាំ២០១៦ បានដាក់បង្ហាញស្លាកសញ្ញាក្រុមហ៊ុនថ្មី ជាមួយពាក្យស្លោក “កសាងអនាគតជាមួយអ្នក” ក្នុងន័យឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន ដើម្បីកសាងអនាគតប្រទេសកម្ពុជា។ ឆ្នាំ២០១៧ បានបង្កើតទីតាំងដាក់បង្ហាញ (Showroom) ផលិតផលរបស់ក្រុមហ៊ុន ស្ថិតនៅក្នុងខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ នៅឆ្នាំ២០១៩ បានផ្លាស់ប្តូរទីតាំងការិយាល័យកណ្តាលថ្មី មកកាន់អគារពាណិជ្ជកម្មចម្រុះ ធីខេ សេនត្រល នៅខណ្ឌទួលគោក។ មកដល់ឆ្នាំ២០២១ ក្រុមហ៊ុន អ៉ីឆែ គ្រុប បាននាំចូលផ្តាច់មុខដែកថ្មីម៉ាក 7ST នៅក្នុងប្រទេសកម្ពុជា និងបន្តអភិវឌ្ឍទៅលើស៊ីម៉ង់ត៍យុថ្កា ដោយធ្វើការផ្លាស់ប្តូររូបរាងថ្មី គុណភាពកាន់តែពិសេស និងថែរក្សាបរិស្ថាន រហូតមកដល់បច្ចុប្បន្ន។

សូមជម្រាបថា អ្នកឧកញ៉ា តែ អ៉ីឆែ សមាជិកក្រុមប្រឹក្សាភិបាលសមាគមឧកញ៉ាកម្ពុជា កើតក្នុងឆ្នាំ១៩៦២ នៅខេត្តកណ្តាល ហើយលោកបានចូលប្រឡូកក្នុងវិស័យជំនួញតាំងពីឆ្នាំ១៩៨៦។ កន្លងមក អ្នកឧកញ៉ាបានចូលរួមយ៉ាងសកម្មនៅក្នុងសកម្មភាពសង្គម និងសកម្មភាពមនុស្សធម៌ តាមរយៈការបរិច្ចាគទ្រព្យធនជាច្រើន ព្រមទាំងកម្លាំង កាយ ចិត្ត ប្រាជ្ញាស្មារតី និងពេលវេលា។ ឧកញ៉ា តែ អ៉ីឆែ ត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់ផ្តល់គោរមងារ «អ្នកឧកញ៉ា» នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៣៕
