អ្នកឧកញ៉ា ភួ វាសនា អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានសភាពាណិជ្ជកម្មខេត្តបាត់ដំបង កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤ បានទទួលជួបសំណេះសំណាល និងពិភាក្សាការងារស្ដីពីសក្កានុពល និងឱកាសវិនិយោគនៅក្នុងខេត្តបាត់ដំបង ជាមួយលោក XUE JIA នាយកផ្នែកទីផ្សារ និងក្រុមការងារតំណាងក្រុមហ៊ុនBrand of China National Heavy Machinery Corporation។

ក្នុងឱកាសជួបពិភាក្សាការងារខាងលើនេះ ធ្វើឡើងក្នុងគោលបំណងដើម្បីទាញវិនិយោគិនក្រៅប្រទេស ពិសេសប្រទេសចិន ឱ្យមកវិនិយោគក្នុងខេត្តបាត់ដំបង និងបង្កើតកិច្ចសហការរវាងសភាពាណិជ្ជកម្មខេត្តបាត់ដំបងជាមួយក្រុមហ៊ុនចិន។ក្នុងកិច្ចពិភាក្សានេះដែរ លោកXUE JIA បានចាប់អារម្មណ៍វិនិយោគទៅលើការកែច្នៃកាកសំណល់កសិផល បន្លែ ផ្លែឈើ និងវិស័យថាមពលអគ្គិសនី។
សូមជម្រាបថា ក្នុងនាមជាប្រធានសភាពាណិជ្ជកម្មខេត្ត អ្នកឧកញ៉ា ភួ វាសនា តែងតែស្វែងរកឱកាសដើម្បីទាក់ទាញអ្នកវិនិយោគិនបរទេសឱ្យមកវិនិយោគក្នុងខេត្តបាត់ដំបងកាន់តែច្រើន តាមរយៈជំនួបជាមួយប្រតិភូបរទេសជាហូរហែ។ ជាក់ស្តែង កាលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣ អ្នកឧកញ៉ា ភួ វាសនា បានទទួលជួបលោក Nyuyen Thanh Van អគ្គកុងស៊ុលនៃស្ថានអគ្គកុងស៊ុលសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រចាំខេត្តបាត់ដំបង និងបានទទួលគណៈប្រតិភូនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលកំពុងស្វែងរកឱកាសវិនិយោគ នៅខេត្តបាត់ដំបង ហើយអ្នកឧកញ៉ាបានអញ្ជើញគណៈប្រតិភូវៀតណាមទៅទស្សនកិច្ច រោងចក្រកិនស្រូវ កសិដ្ឋានចញ្ចឹមគោ ចំការទុរេន និងប្រភេទដីនៅស្រុកសំឡូតផងដែរ៕


