អ្នកឧកញ៉ា គង់ សាង បន្តជាប់ឆ្នោតជាប្រធានសមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា នៅក្នុងអាណត្តិថ្មី

ជុំវិញ​ឧកញ៉ា

អ្នកឧកញ៉ា គង់ សាង ប្រធានសមាគមវាយណភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា នៅក្នុងអាណត្តិថ្មីឆ្នាំ២០២៤នេះ នៅបន្តទទួលបានការសេចក្តីទុកចិត្តពីសមាជិក-សមាជិកា ក្នុងការបោះឆ្នោត ឱ្យ ធ្វើជាប្រធានសមាគមដដែល។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លទ្ធផលនៃការជាប់ឆ្នោត ធ្វើឡើងនៅក្នុងសន្និបាតលើកទី១៦ របស់សមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC) ដែលមានការអញ្ជើញចូលរួមពីលោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អមដោយរដ្ឋលេខាធិការចំនួន៣រូប និងតំណាងក្រសួងពាណិជ្ជកម្ម តំណាងអង្គការអន្តរជាតិ ព្រមទាំងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិផ្សេងៗទៀត កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤។

ពិធីសន្និបាតនេះ ធ្វើឡើងក្នុងគោលបំណងបង្ហាញអំពីលទ្ធផលការងារក្នុងអាណត្តិចាស់ និងបោះឆ្នោតជ្រើសរើសប្រធាន និងសមាជិកគណៈកម្មាធិការប្រតិបត្តិថ្មីសម្រាប់អាណត្តិឆ្នាំ២០២៤-២០២៥ ស្របតាមមាត្រា១៨ ក្នុងជំពូកទី៦នៃ លក្ខន្តិកៈ របស់សមាគម។

បេក្ខជនចំនួន ២៦រូបចម្រុះជាតិសាសន៍ ជាម្ចាស់និងថ្នាក់ដឹកនាំជាន់ខ្ពស់របស់រោងចក្រ ត្រូវបានសមាជិកបោះឆ្នោតជ្រើស តាំង ជាសមាជិកគណៈកម្មាធិការប្រតិបត្តិថ្មី សម្រាប់អាណត្តិឆ្នាំ២០២៤-២០២៥ ដែលក្នុងនោះអ្នកឧកញ៉ា គង់ សាង នៅ តែទទួលបានសំឡេងឆ្នោតគាំទ្រច្រើនលើសលប់ ជាប់ជាប្រធានសមាគមបន្តទៀត។

អ្នកឧកញ៉ា គង់ សាង

ក្នុងតួនាទីជាប្រធានសមាគមអាណត្តិថ្មី អ្នកឧកញ៉ា គង់ សាង បានថ្លែងអំណរគុណដល់គ្រប់ភាគីពាក់ព័ន្ធ ដែលបានផ្តល់ កិច្ច សហការបានយ៉ាងល្អក្នុងអាណត្តិចាស់ ក្នុងការដោះស្រាយនូវរាល់បញ្ហាប្រឈមនានា ដែលសមាជិកជួបប្រទះក្នុង ប្រតិបត្តិការ ផលិតកម្មប្រចាំថ្ងៃ ក៏ដូចជាការដាក់ចេញនិងអនុវត្តនូវផែនការ និងគោលនយោបាយជាយុទ្ធសាស្ត្រនានា ដើម្បី អភិវឌ្ឍវិស័យរបស់សមាគម ហើយអ្នកឧកញ៉ាក៏សូមអរគុណសមាជិកទាំងអស់ដែលបន្តបោះឆ្នោតជូនលោក ធ្វើជាប្រធាន។

អ្នកឧកញ៉ាបានបន្ថែមថា៖ “ជាមួយនឹងតួនាទីដ៏មានកិត្តិយសនេះ ខ្ញុំ និងសហការីទាំងអស់នៅក្នុងគណៈកម្មាធិការប្រតិបត្តិ ដែលត្រូវបានជ្រើសរើសដោយការបោះឆ្នោត ក៏ដូចជាបុគ្គលិកគ្រប់លំដាប់ថ្នាក់នៃលេខាធិការដ្ឋាន ប្តេជ្ញាបំពេញតួនាទី និង ការទទួលខុសត្រូវរៀងៗខ្លួន ដើម្បីការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់សមាជិកទាំងអស់ ក៏ដូចជាការអភិវឌ្ឍន៍ រួម នៃវិស័យរបស់យើង”។

លោក ហេង សួរ

ជាមួយគ្នានោះដែរលោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានវាយតម្លៃខ្ពស់ចំពោះនីតិវិធី និង ការរៀបចំបោះឆ្នោតប្រកបដោយតម្លាភាព និងសម្តែងនូវក្តីអបអរសាទរចំពោះអ្នកឧកញ៉ា គង់ សាង ដែលត្រូវបានសមាជិក បោះឆ្នោតគាំទ្រ ជាប្រធានសមាគម ក៏ដូចជាបេក្ខជន២៥រូបផ្សេងទៀតជា អនុប្រធាន និងសមាជិកគណៈកម្មាធិការ ប្រតិបត្តិ របស់សមាគមសម្រាប់អាណត្តិថ្មី។

បន្ថែមទៀតនោះ រដ្ឋមន្រ្តីក្រសួងការងារ ក៏បានកោតសរសើរនូវកិច្ចសហប្រតិបត្តិការរបស់ក្រសួង និងសមាគមកន្លងមក លើវិស័យការងារ ហើយបានផ្តល់អនុសាសន៍ដល់ក្រុមការងារនៃស្ថាប័នទាំងពីរ និងគ្រប់ភាគីពាក់ព័ន្ធបន្តកិច្ច សហប្រតិបត្តិការ ពង្រឹងការអនុវត្តច្បាប់ ដើម្បីឱ្យ មានតម្លាភាព សម្រាប់វិនិយោគិន ក៏ដូចជាបងប្អូនកម្មករកម្មការិនី។

សូមជម្រាបជូនផងដែរថា អ្នកឧកញ៉ា គង់ សាង ក្រៅពីជាប្រធានសមាគមវាយណភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា លោកក៏ជាស្ថាបនិកនៃរោងចក្រ Evergreen Apparel Cambodia Co., Ltd. រោងចក្រ Evergreen Industrial Co., Ltd. និងរោងចក្រ Evergreen Computerized Embroidery Company។ បន្ថែមលើនេះ អ្នកឧកញ៉ាក៏បានធ្វើការវិនិយោគលើវិស័យផ្សេងៗមួយចំនួនទៀត រួមមានវិស័យអចលនទ្រព្យ និងកសិកម្មផងដែរ។ បច្ចុប្បន្ន អ្នកឧកញ៉ា ក៏ជាទីប្រឹក្សាសភាពាណិជ្ជកម្មកម្ពុជា (CCC) ជាអនុប្រធាន នៃសមាគម WU Chinese Association in Cambodia (WAC) និងជាសមាជិកក្រុមប្រឹក្សាភិបាល និងជាសមាជិកស្ថាបនិកនៃសមាគមឧកញ៉ាកម្ពុជា ផងដែរ៕

អត្ថបទ៖ សុកធា