អាហារូបករណ៍ អ្នកឧកញ៉ា ចេន ហ្ស៉ី ជំនាន់ទី៣ ឆ្នាំ២០២៤ ចាប់ផ្តើមទទួលពាក្យជាផ្លូវការ

ជុំវិញ​ឧកញ៉ា

អាហារូបករណ៍ អ្នកឧកញ៉ា ចេន ហ្សុី (Chen Zhi) ជំនាន់ទី៣ សម្រាប់ឆ្នាំសិក្សា២០២៤ ដែលមានការចូលរួមពីក្រសួង​អប់រំ យុវជន និងកីឡា សម្រាប់និស្សិតនៅកម្ពុជាក្នុងការទទួលបានការ​ឧបត្ថម្ភ​​ ដើម្បីបន្តការសិក្សា​ថ្នាក់​ឧត្តមសិក្សា​របស់​ខ្លួន បាន​បើកទទួលពាក្យអនឡាញ​ជា​ផ្លូវការ​ហើយ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាម​ការ​បញ្ជាក់ពី​មូលនិធិព្រីនស៍ (Prince Foundation) របស់​អ្នកឧកញ៉ា ចេន ហ្ស៉ី បាន​ឱ្យ​ដឹង​ថា អាហារូបករណ៍​នេះ​ទទួល​បាន​អត្ថប្រយោជន៍​​រួមមាន៖ ១)ការបង់ថ្លៃ​សិក្សា​រយៈពេល ៤ឆ្នាំពេញ, ២)ប្រាក់ឧបត្ថម្ភប្រចាំខែ​សម្រាប់ការ​ចំណាយ​ផ្ទាល់ខ្លួន, ៣)ការចូលរួមក្នុងកម្មវិធីអភិវឌ្ឍន៍ខ្លួនឯង និង ៤)ឱកាសហាត់ការ​ដើម្បីទទួលបានបទពិសោធន៍​ការងារនៅក្នុងក្រុមហ៊ុនព្រីនស៍​ផ្ទាល់​តែ​ម្តង។

ចំពោះ​លក្ខខណ្ឌ​​ក្នុង​ការ​ចុះឈ្មោះ​គឺ​ត្រូវ​មាន សញ្ជាតិខ្មែរ, បញ្ចប់ថ្នាក់បត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២២ ឬ ២០២៣ និង​បានចុះឈ្មោះចូលរៀនរួចរាល់​ទៅតាមមុខជំនាញ ​និងសកលវិទ្យាល័យដូចខាងក្រោម៖
១. សកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP)៖ ផ្នែក វិស្វកម្មបច្ចេកវិទ្យាព័ត៌មាន, ព័ត៌មានវិទ្យា, ការគ្រប់គ្រងពាណិជ្ជកម្ម​អន្តរជាតិ, ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍។
២. វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា(ITC)៖ ផ្នែក វិស្វកម្មសំណង់ស៊ីវិល
៣. សាកលវិទ្យាល័យជាតិគ្រប់គ្រង(NUM)៖ ផ្នែក សេដ្ឋកិច្ចឌីជីថល, ទេសចរណ៍ និងបដិសណ្ឋារកិច្ច។

សិស្សានុសិស្ស អាច​ដាក់ពាក្យសុំអាហារូបករណ៍តាមរយៈតំណភ្ជាប់នេះ៖ https://forms.gle/DdjnAX9rSg1UiBEs6
ផុតកំណត់ថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ ២០២៤ម៉ោង ១១:៥៩ យប់។

គួរ​រំឭក​ថា មូលនិធិព្រីនស៍​របស់​អ្នកឧកញ៉ា ចេន ហ្ស៊ី ប្រធាន​ក្រុម​ប្រឹក្សាភិបាល​សម្ព័ន្ធក្រុមហ៊ុន​ព្រីនស៍ ហូលឌីង គ្រុប ​​ក្រោម​កិច្ច​សហការ​ជាមួយ​ក្រសួង​អប់រំ យុវជន និង​កីឡា ក៏​បាន​​​ផ្តល់​អាហារូបករណ៍​​ដល់​និស្សិត​ថ្នាក់​បរិញ្ញាបត្រ ចំនួន ៤០០​នាក់​ផង​ដែរ​ ​​សម្រាប់​ជំនាន់ទី​២ ​កាល​ឆ្នាំ២០២៣។

កម្មវិធីអាហារូបករណ៍របស់ មូលនិធិព្រីនស៍ គឺជាមូលនិធិសប្បុរសធម៌របស់ ព្រីនស៍ ហូល​ឌីង គ្រុប ហើយ​អាហារូបករណ៍ ចេន ហ្ស៊ី នេះ​ គឺ​ដាក់ឈ្មោះតាមអ្នកឧកញ៉ា ចេន ហ្ស៊ី ប្រធានសម្ព័ន្ធ​ក្រុមហ៊ុន ព្រីនស៍ គ្រុប ដែល​មានគោលបំណងផ្តល់​ទាំង​ជំនួយក្នុងការសិក្សា និងបទពិសោធន៍ការងារ​ដល់​និស្សិត ដោយធានាថាពួកគេទទួលបានការអប់រំ​ដែលមានគុណភាព ក៏ដូចជាឱកាសក្នុងការដក​បទពិសោធន៍​ការងារស្ដង់ដាអន្តរជាតិ៕