ឧកញ៉ា ចាន់ សុឃាំង ដឹកនាំកិច្ចប្រជុំក្រុមការងារផ្នែកឯកជន ក្រុម “ឈ” “ផ្នែកស្រូវ-អង្ករ” នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន

ជុំវិញ​ឧកញ៉ា

ឧកញ៉ា ចាន់ សុឃាំង ប្រធាន​សហព័ន្ធស្រូវអង្ករកម្ពុជា និង​ជា​សហប្រធាន​ក្រុមការងារ “ឈ” ផ្នែកឯកជន ​​បាន​ដឹកនាំ កិច្ច​ប្រជុំ​ក្រុមការងារផ្នែកឯកជន ក្រុម “ឈ” “ផ្នែកស្រូវ-អង្ករ” នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន នៅអគ្គនាយកដ្ឋាន​សភា​ពាណិជ្ជកម្មកម្ពុជា ​​កាលពី​រសៀល​ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក​ឧកញ៉ា ចាន់ សុឃាំង ​​បាន​ឱ្យ​ដឹង​ថា កិច្ចប្រជុំ​នេះ​មានការចូលរួមពីសមាជិក សមាជិកា នៃសហព័ន្ធស្រូវអង្ករកម្ពុជា ដែលជាអ្នកនាំចេញស្រូវអង្ករ ម្ចាស់រោងម៉ាស៊ីនកិនស្រូវ និងតំណាងសហគមន៍កសិករ។ ជាមួយ​គ្នា​នោះ​ ក៏មានការចូលរួម​ផងដែរ​ពីសំណាក់អនុសហប្រធានក្រុមការងារ “ឈ” ផ្នែកឯកជន, តំណាងសមាគមភស្តុភារកម្មកម្ពុជា, ក្រុមហ៊ុននាំចេញ នាំចូលស្រូវ អង្ករ និងសមាជិក សមាជិកាពាក់ព័ន្ធនៃក្រុមការងារផ្នែកឯកជនជាច្រើនទៀតផងដែរ។

សម្រាប់​គោលបំណងនៃកិច្ចប្រជុំ​ខាង​លើ​នេះ គឺដើម្បីបន្តពិគ្រោះ ពិភាក្សានូវបញ្ហាប្រឈមចាស់ ដែលជាកង្វល់របស់ផ្នែក​ឯកជន​ពាក់ព័ន្ធនឹងវិស័យស្រូវ-អង្ករ និងលើកឡើងនូវបញ្ហាថ្មីដែលផ្នែកឯកជនកំពុងជួបប្រទះផងដែរ ដូចជា ការនាំ​ចេញ​ស្រូវអង្ករ តម្លៃផ្នែកដឹកជញ្ជូន បញ្ហាពន្ធដារ សវនកម្ម និងរបាយការណ៍គណនេយ្យជាដើម ​ដើម្បីស្នើសុំដំណោះ​ស្រាយ​ពី​សំណាក់ដៃគូ គឺក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនាពេលខាងមុខនេះ។

គួរបញ្ជាក់ថា នេះគឺជាកិច្ចប្រជុំក្រុមការងារ “ឈ” ផ្នែកឯកជនលើកដំបូង បន្ទាប់ពីវេទិការាជរដ្ឋាភិបាលផ្នែក-ឯកជន​លើកទី១៩ ដែលប្រារព្ធឡើងកាលពីខែវិច្ឆិកាកន្លងទៅនេះ។

សូម​ជម្រាប​ជូន​ថា រាជរដ្ឋាភិបាលកម្ពុជា ​​បាន​ចេញ​សេចក្តីសម្រេច​​​ស្តីពីការ​ទទួលស្គាល់​ជាផ្លូវការ​នូវ​សមាសភាព​ក្រុមការងារ​ទាំង​១៤ ផ្នែកឯកជន​នៃ​វេទិកា​រាជរដ្ឋាភិបាល-ផ្នែកឯកជន ​​កាលពី​ថ្ងៃទី​១២ ខែតុលា ឆ្នាំ២០២៣ ដោយ​​មាន​​សមាសភាព​ចំនួន ៣៩​រូប ក្នុង​នោះ​មាន​ អ្នកឧកញ៉ា និង​ឧកញ៉ា ចំនួន ១០​រូប រួមមាន​ដូចជា៖ ឧកញ៉ា ចាន់ សុឃាំង សហប្រធាន, អ្នកឧកញ៉ា ហ៊ុន ឡាក់ អ្នកឧកញ៉ា ភួ វាសនា ឧកញ៉ា សុង សារ៉ន ឧកញ៉ា គឹម សាវុធ (អនុប្រធាន) ឧកញ៉ា យិន វែងអាន ឧកញ៉ា គឹម ប៊ុនសាន្ត ឧកញ៉ា ស៊ិន ចន្ធី ឧកញ៉ា ម៉ែន សុភក្តិ និង​ឧកញ៉ា ហង្ស សុគន្ធ ជា​សមាជិក។ ក្រៅពី​នេះ​ មាន​លោក-លោកស្រី ​ព្រម​ទាំង​​តំណាង​​សហព័ន្ធ​ស្រូវអង្ករ​កម្ពុជា តំណាង​សមាគម​ភស្តុភារកម្ម​កម្ពុជា តំណាង​សមាគម​ដឹក​ជញ្ជូន និង​តំណាង​សមាគម​ធនាគារ​នៅ​កម្ពុជា៕