អ្នកឧកញ៉ា គង់ សាង៖ វិស័យវាយនភណ្ឌ នៅតែដើរតួនាទីសំខាន់សម្រាប់ទីផ្សារនាំចេញកម្ពុជា

ជុំវិញ​ឧកញ៉ា

អ្នកឧកញ៉ា គង់ សាង ប្រធានសមាគមវាយណភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា( TAFTAC) យល់ឃើញថា វិស័យវាយនភណ្ឌ នៅតែដើរតួនាទីសំខាន់សម្រាប់ទីផ្សារនាំចេញកម្ពុជា បើទោះបីជាកម្ពុជារងផលប៉ះពាល់ជាអវិជ្ជមានដោយសារការរីករាលដាលជំងឺកូវីដ ១៩ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ និងបញ្ហាខាងក្រៅដែលកំពុងបន្តកើតឡើងក៏ដោយ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
អ្នកឧកញ៉ា គង់ សាង

អ្នកឧកញ៉ា បានលើកឡើងក្នុងមហាសន្និបាតលើកទី ១៦ របស់ TAFTAC កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤ ថា ក្រោយការថមថយឥទ្ធិពលជំងឺកូវីដ ១៩ កម្ពុជា បានចាប់ផ្តើមឆ្នាំ២០២២ ប្រកបដោយភាពសុទិដ្ឋិនិយមជាមួយនឹងកំណើននាំចេញយ៉ាងខ្ពស់ក្នុងឆមាសដំបូង។ ជាអកុសល ក្រោយមកសង្គ្រាមនៅប្រទេសអ៊ុយក្រែនចាប់ផ្តើមមាន ផលប៉ះពាល់ជាអវិជ្ជមាន លើស្ថានភាពសេដ្ឋកិច្ចសកល ហើយការនាំចេញរបស់កម្ពុជាបានចាប់ផ្តើមធ្លាក់ចុះជាពិសេសនៅរយៈពេល ៥ ខែចុងក្រោយឆ្នាំ២០២២។

អ្នកឧកញ៉ាបានបន្តថា ទោះយ៉ាងណាកម្ពុជាបានបិទបញ្ចប់ឆ្នាំ២០២២ ជាមួយនឹងកំណើន ១៤ ភាគរយ។ ក្នុងឆ្នាំ២០២៣ កន្លងទៅសេដ្ឋកិច្ចពិភពលោក បានបន្តឆ្លងកាត់ភាពមិនប្រាកដប្រជា និងបញ្ហាប្រឈមជាច្រើន។ បើតាមតួលេខ អគ្គនាយក ដ្ឋានគយ គឺការនាំចេញរបស់វិស័យវាយនភណ្ឌនៅក្នុងឆ្នាំ២០២៣ មានទឹកប្រាក់ប្រមាណ ១១,៤២ ពាន់លានដុល្លារ ធ្លាក់ចុះ ១២ ភាគរយធៀបនឹងឆ្នាំ២០២២ ដែលមានជិត ១៣ ពាន់លានដុល្លារក្នុងនោះ សម្លៀកបំពាក់ធ្លាក់ចុះជាង ១១ ភាគរយ ស្បែកជើងធ្លាក់ចុះ ៨ ភាគរយ ផលិតផលធ្វើដំណើរ និងកាបូបធ្លាក់ចុះ ២១ ភាគរយ និងផលិត វាយនភណ្ឌ ផ្សេងៗទៀតធ្លាក់ចុះប្រហែល ៤ ភាគរយ។

ទោះមានបញ្ហាប្រឈមជាច្រើនយ៉ាងណាក៏ដោយ ក្នុងនាមជាប្រធានសមាគមវាយណភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា អ្នកឧកញ៉ា បានខិតខំមិនឈប់ឈរក្នុងការស្វែងរកការជួយគាំទ្រ ភ្លាមៗពីសំណាក់ រដ្ឋាភិបាល។ ជាក់ស្តែងលើការជួយឧបត្ថម្ភប្រាក់ឈ្នួលដល់កម្មករ និយោជិតក្នុងអំឡុងពេលការព្យួរកិច្ចសន្យា ការងារបណ្តោះអាសន្ន។ ជាបន្តបន្ទាប់សមាគមបានបន្តកិច្ចពិភាក្សាជាប់ជាប្រចាំ ជាមួយដៃគូរាជរដ្ឋាភិបាលលើការជួយគាំទ្រដល់វិស័យឧស្សាហកម្មមួយនេះ។

អ្នកឧកញ៉ា បានបន្ថែមទៀតថា៖ «យើងនឹងជួបបញ្ហាប្រឈមថ្មីៗជាច្រើនទៀតក្នុងរយៈពេលជាច្រើនឆ្នាំខាងមុខ តែខ្ញុំមាន ទំនុកចិត្តថា យើងនឹងអាចជម្នះបញ្ហាប្រឈមទាំងនោះដោយជោគជ័យតាមរយៈការធ្វើការរួមគ្នា។ ខ្ញុំសូមយកឱកាសនេះ ផងដែរដើម្បីអំពាវនាវ ឱ្យសមាជិកទាំងអស់បន្តកិច្ចសហការ និងចូលរួមក្នុងសកម្មភាពនានា របស់សមាគមដើម្បីជួយវិស័យ របស់យើងផងនិងដើម្បីជួយខ្លួនឯងផង»។

បើយោងតាម TAFTAC គិតត្រឹម ខែធ្នូ ឆ្នាំ ២០២៣  សមាគមមានសមាជិកសរុបចំនួន ៧២០ រោងចក្រ/ក្រុមហ៊ុន ក្នុងនោះរោងចក្រកាត់ដេរសម្លៀកបំពាក់ មានចំនួន ៥២៤ រោងចក្រផលិតផលិតផលធ្វើដំណើរ និងកាបូប ចំនួន ៩៣ រោងចក្រផលិតស្បែកជើង ៨ រោងចក្រ ផលិត ផលិតផលផ្សេងៗមានចំនួន ៤៩ និងក្រុមហ៊ុន ផ្សេងៗជាសមាជិកសហការមានចំនួន ៤៦៕

អត្ថបទ៖ សុកធា