ឧកញ៉ា ព្រាប សុវត្ថិ អំពាវនាវរួបរួមគ្នាឆ្ពោះទៅមុខនាំសិល្បៈកម្ពុជាឲ្យមានភាពល្បីល្បាញលើឆាកអន្តរជាតិនាពេលអនាគត

ជុំវិញ​ឧកញ៉ា

នៅទីបំផុត! តារាចម្រៀងដែលមានងារឧកញ៉ា លោក ព្រាប សុវត្ថិ បានចេញមកទស្សនៈពន្យល់ពាក់ព័ន្ធនឹងការវែកញ៉ែកពេញបណ្តាញសង្គមកក្នុងរឿងការបែងចែកទម្រង់សិល្បៈចម្រៀង បន្ទាប់ពីតារារ៉េបនៅក្រៅស្រុកម្នាក់បាននិយាយចំៗរិះគន់ចំៗថាឲ្យតារាចម្រៀងល្បីឈ្មោះពីររូបនៅកម្ពុជា គឺឧកញ៉ា ព្រាប សុវត្ថិ និងឧកញ៉ា ខេមរៈ សិរីមន្ត ក្នុងការបោះជំហានមកចាប់ចំណែកទីផ្សារចម្រៀងប្រភេទរ៉េប (Rap) នៅប៉ុន្មានឆ្នាំចុងក្រោយនេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លើទំព័រហ្វេសប៊ុកផ្ទាល់ខ្លួននៅថ្ងៃទី១៧ ខែមករានេះ ឧកញ៉ា ព្រាប សុវត្ថិ បានលើកឡើងថា៖ «ខ្ញុំបាទសូមចូលរួមគំនិតយោបល់ខ្លះនៅក្នុងបញ្ហារង្កៀសចិត្តតិចតួចក្នុងរង្វង់សិល្បៈចម្រៀងនាពេលនេះ។ សិល្បៈតន្ត្រីនេះជាទម្រង់មួយក្នុងចំណោមទម្រង់សិល្បៈទាំងប្រាំពីរ ដែលត្រូវបម្រើអារម្មណ៏ មហាជនអ្នកស្តាប់គ្រប់មនោសញ្ចេតនា កម្សត់ ស្នេហា កំប្លែង រីករាយ ស្រែកហ៊ោសប្បាយដើម្បីកំដរអារម្មណ៍ អ្នកស្តាប់ និងអ្នកទស្សនា។ ចំណែកយើងអ្នកសិល្បៈ ក៏ជាអ្នកស្តាប់គ្នាទៅវិញទៅមក យើងមិនមែនស្ដាប់តែចម្រៀង យើងច្រៀងនោះទេ គឺគាំទ្រគ្នាទៅវិញទៅមកគ្រប់ទម្រង់ សិល្បៈក៏ជាទស្សនិកជនម្នាក់ក្នុងចំណោមអ្នកសិល្បៈករទាំងអស់ដែរ។ ភាពរីកចម្រើនរបស់អ្នកសិល្បៈទាំងអស់គឺបានមកពីការគាំទ្រ ពីមហាជនគ្រប់ស្រទាប់ ហើយមហាជនគឺជាកញ្ចក់សំរាប់ឆ្លុះបង្ហាញទាំងចំណុចល្អ ទាំងចំណុចមិនល្អដែលយើងត្រូវកែលំអ»។

លោកឧកញ៉ាបន្តថា សំរាប់យើងជាអ្នកសិល្បៈករវិញត្រូវធ្វើជាគម្រូល្អ ចេះរួបរួមគ្នា អធ្យាស្រ័យល្អរវាងគ្នា ក្នុងនាមជាអ្នកសិល្បៈរួមអាជីពផង ក្នុងនាមជាជនជាតិខ្មែរតែមួយដែលពោរពេញដោយស្នាមញញឹម ក្រោមដំបូលសន្តិភាពតែមួយដើម្បីរួបរួមគ្នាឆ្ពោះទៅមុខ ជាមួយគ្នានាំសិល្បៈកម្ពុជាអោយមានភាពល្បីល្បាញលើឆាកអន្តរជាតិនាពេលអនាគត។

ជុំវិញការលើកឡើងពីតារារ៉េបនៅក្រៅស្រុកក្នុងកម្មវិធី Talkshow មួយចាក់ផ្សាយលើបណ្តាញសង្គមនាពេលកន្លងទៅនោះបានធ្វើឲ្យតារាចម្រៀងឧកញ៉ា ខេមរៈ សិរីមន្ត ចេញមកប្រតិកម្មឆ្លើយតបទៅកាន់វិញភ្លាម ដោយស្នើឲ្យបើកចិត្តទូលាយក្នុងវិស័យសិល្បៈ ខណៈផលិតកម្ម Galaxy Navatra ដែលជាទ្រនំរបស់កំពូលតារាចម្រៀងទាំងពីរដួងនេះវិញ ក៏បានចេញមកសម្តែងការខកចិត្តនៅរាល់ពាក្យសម្តីដែលបានប្រើប្រាស់ពាក្យមិនសមរម្យលើតារាចម្រៀងរបស់ខ្លួន។

ផលិតកម្ម Galaxy Navatra បានបញ្ជាក់ថា៖ «បងប្អូនយើងសុទ្ធតែជាសិល្បករ ហើយជាជនជាតិខ្មែរដូចគ្នា អ្វីដែលសំខាន់គួរតែសាមគ្គីគ្នាជាធ្លុងមួយដើម្បីឆ្ពោះទៅមុខជាមួយគ្នាប្រកួតប្រជែងជាមួយអន្តរជាតិលើកកម្ពស់កិត្យានុភាពជាតិយើងជាមួយគ្នា។ សន្តិភាពផ្លូវចិត្ត, សន្តិភាពគ្រួសារ, សន្តិភាពសតិអារម្មណ៍សិល្បៈ  និងសន្តិភាពប្រទេសផ្ដើមចេញពីយើងទាំងអស់គ្នាដែលមាននូវការយោគយល់អធ្យាស្រ័យដល់គ្នាទៅវិញទៅមកទើបជាការប្រសើរ និងក្លាយជាគំរូល្អដល់អ្នកគាំទ្រ និងយុវជនជំនាន់ក្រោយ»៕