អ្នកឧកញ៉ា លឹម ហេង៖ គម្រោងព្រែកជីកហ្វូណនតេជោ នឹងផ្តល់ផលប្រយោជន៍ច្រើន មិនត្រឹមតែវិស័យដឹកជញ្ជូន

ជុំវិញ​ឧកញ៉ា

អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា យល់​ឃើញ​ថា គម្រោងព្រែកជីកហ្វូណនតេជោ ដែល​​គ្រោង​​ចំណាយ​ទុន​វិនិយោគ​ប្រមាណ ១,៧០០​លាន​ដុល្លារ ​​នឹង​ផ្តល់​ផល​ប្រយោជន៍​ច្រើន​ដល់​សេដ្ឋកិច្ច​កម្ពុជា ហើយ​មិន​ត្រឹម​តែ​វិស័យ​ដឹកជញ្ជូន​នោះ​ទេ វិស័យ​​សំខាន់ៗ​មួយ​ចំនួន​ធំ​ទៀត​ ក៏​នឹង​ទទួល​ផល​ដូច​គ្នា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ថ្លែង​ប្រាប់ Oknha News នៅ​ព្រលប់​ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤​ ​អ្នកឧកញ៉ា លឹម ហេង ​​បាន​​មាន​ប្រសាសន៍​ថា គម្រោង​ព្រែកជីកហ្វូណនតេជោនេះ មាន​សារៈសំខាន់​ណាស់​សម្រាប់​ផ្លូវទឹក​កម្ពុជា ជាពិសេស​ផ្លូវ​ទន្លេ​​​ ចេញ​ពី​ក្នុង​ប្រទេស​យើង​ទៅ​តែ​ម្តង ដែល​ជា​ការ​តភ្ជាប់​មួយ​ពី​ទន្លេ​​ទៅ​កាន់​សមុទ្រ​ដោយ​ឯករាជ្យភាព​របស់​យើង ​ជៀស​វាង​ការ​ឆ្លងកាត់​បណ្តា​ប្រទេស​ជិត​ខាង​ដែល​ធ្វើ​ឱ្យ​មាន​ការ​លំបាក​ ចំណាយ​ទាំង​ពេលវេលា​ និង​ថវិកា​ច្រើន​ ​កន្លង​មក​នេះ។ ដូច្នេះ​បើ​យើង​មាន​ព្រែក​ជីក​នេះ​ ​​នឹង​ក្លាយ​ទៅ​ជា​ការ​ដឹក​ជញ្ជូន​តាម​​ផ្លូវ​ទឹក ផ្លូវ​ទន្លេ​ ដោយ​ឯករាជ្យភាព​​របស់​យើង។

អ្នកឧកញ៉ា បន្ថែម​ដូច្នេះ​ថា៖ “ខ្ញុំ​គិត​ថា ព្រែកជីក​នេះ​នឹង​ផ្តល់​​ផល​ប្រយោជន៍​ច្រើន ​មិន​ត្រឹម​តែ​វិស័យ​ដឹក​ជញ្ជូន​​នោះ​ទេ ក្នុង​នោះ​​ក៏​នឹង​មាន​ចរាចរលើ​វិស័យ​ទេសចរណ៍​ផង​ដែរ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ វា​នឹង​ក្លាយ​ជា​ប្រភព​ទឹក​ដ៏​សំខាន់​ ដែល​អាច​ស្រោចស្រព​ផលិត​ផល​កសិកម្ម​របស់​យើង​គ្រប់​ប្រភេទ​​នៅ​តាម​ផ្លូវ​អម​ព្រែក​ជីក​នេះ​ផង​ដែរ។ ​​បន្ថែម​ពី​នេះ​ យើង​ឃើញ​ថា ព្រែក​ជីក​នេះ​នឹង​មាន​អម​​ដោយ​ផ្លូវ​​​មេ​សងខាង​​ទៀត មានន័យ​ថា​មាន​ទាំង​ផ្លូវ​ទឹក​និង​ផ្លូវ​គោក ដូច្នេះ​វា​​នឹង​បម្រើ​ឱ្យ​ស្ទើរ​គ្រប់​​វិស័យ​ ទាំង​ការ​ដឹក​ជញ្ជូន​ផ្លូវ​គោកនិង​ផ្លូវទឹក ក្លាយ​ជា​តំបន់​ទេសចរណ៍ កសិទេសចរណ៍ ក៏​ដូចជា​តំបន់​ផលិត​កសិកម្ម​ខួប​ប្រាំង​ខួបវស្សា ព្រោះ​​យើង​មាន​ប្រភព​ទឹក​អាច​ផ្គត់ផ្គង់​បាន។ ខ្ញុំ​គិត​ថា នេះ​ជា​ផល​ប្រយោជន៍ដ៏​សំខាន់​​​សម្រាប់​សេដ្ឋកិច្ច​ជាតិ​ ហើយ​នឹង​​ជួយ​ជំរុញ​កំណើន​សេដ្ឋកិច្ច​ជាតិ​យើង​មួយ​កម្រិត​ទៀត”។

តាម​​ទំព័រហ្វេសប៊ុក​ផ្លូវការ​របស់​ក្រសួងសាធារណការ និងដឹកជញ្ជូន នៅ​ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ បាន​ឱ្យ​ដឹង​ថា គម្រោង​ផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្ដុភារកម្មទន្លេបាសាក់​ ដែលត្រូវបាន​ប្រសិទ្ធ​នាម​ថាគម្រោង «ព្រែកជីកហ្វូណនតេជោ» និង​ជាគម្រោងព្រែកជីកជាប្រវត្តិសាស្ត្រនៅកម្ពុជា គ្រោងរៀបចំពិធីបើកការដ្ឋានសាងសង់ ក្នុងអំឡុងត្រីមាសទី៤ ឆ្នាំ២០២៤ ខាងមុខនេះ។ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងបញ្ជាក់​ថា៖ “យើង​នឹង​មានគម្រោងព្រែកជីកហ្វូណនតេជោ ជាគម្រោងព្រែកជីកជាប្រវត្តិសាស្ត្រនៅកម្ពុជា ដែលគ្រោងរៀបចំពិធីបើកការដ្ឋាន​សាងសង់ ក្នុងអំឡុងត្រីមាសទី៤ ឆ្នាំ២០២៤ ខាងមុខនេះ”។

គម្រោងព្រែកជីកហ្វូណនតេជោនេះ ក៏​ត្រូវបានសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី​កម្ពុជា ចាត់ទុកថាជាគម្រោង​ដែលទាញសមុទ្រ​ឱ្យជាប់ទន្លេ ហើយ​បន្ទាប់ពីគម្រោងលេចចេញជារូបរាងឡើង​រួចរាល់ នឹងជួយបង្កើនលទ្ធភាព​ក្នុងការ​ដឹក​ជញ្ជូន ពីខេត្តដែលជាប់ដងទន្លេសាប ជាប់ដងទន្លេមេគង្គ ចុះទៅសមុទ្របានកាន់តែលឿន ហើយសេដ្ឋកិច្ចរបស់ប្រជា​ពលរដ្ឋ​នៅតាមបណ្តោយដងទន្លេនឹងកាន់តែរីកចម្រើនផងដែរ។

បើ​តាម​គម្រោង «ផ្លូវទឹកព្រែកជីកហ្វូណនតេជោ» មានប្រវែង​ប្រមាណ ១៨០គីឡូម៉ែត្រ ចាប់ពីព្រែកតាកែវនៃទន្លេមេគង្គ ឆ្លងកាត់តាមព្រែកតាឯកនៃទន្លេបាសាក់ រួចចូលតាមព្រែកតាហីង នៃទន្លេបាសាក់ ស្រុកកោះធំ និងបន្តរហូតដល់​សមុទ្រ​ខេត្តកែប ដោយឆ្លងកាត់ខេត្តចំនួន៤ រួមមាន ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប ដែលមានប្រជាជន​សរុប​ប្រមាណ ១.៦លាននាក់ រស់នៅអមសងខាងផ្លូវទឹក។

សូម​ជម្រាប​ថា គម្រោងនេះ​នឹងសាងសង់សន្ទះផ្លូវនាវាចរណ៍ចំនួន៣កន្លែង, សាងសង់ស្ពាន​ចំនួន ១១កន្លែង, សាង​សង់​ផ្លូវអមសាងខាងប្រវែង ២០៨គីឡូម៉ែត្រ និងមាន​បំពាក់​សញ្ញាជំនួយនាវាចរណ៍ និងហេដ្ឋារចនាសម្ព័ន្ធឆ្លងកាត់​ទន្លេផ្សេងៗ​ទៀត។ ការសាងសង់គម្រោងផ្លូវទឹកថ្មីនេះ ត្រូវបានប៉ាន់ស្មានថា នឹង​ប្រើ​រយៈពេលសាងសង់ប្រមាណ ៤ឆ្នាំ ហើយ​នឹង​ចំណាយ​ទុន​វិនិ​យោគ ១,៧០០លានដុល្លារ៕