ក្នុងដំណើរទៅបំពេញបេសកកម្មគោះទ្វារវិនិយោគទៅកាន់តំបន់អឺរ៉ុបរយៈពេលពេញ១សប្តាហ៍របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៅដើមឆ្នាំ២០២៤នេះ បាននឹងកំពុងបន្តបំពេញការទូតសេដ្ឋកិច្ច និងគោលនយោបាយទាក់ម៉ូយយ៉ាងមមាញឹកនៅទីក្រុងដាវ៉ុស ប្រទេសស្វីស បន្ទាប់ពីសម្តេចបញ្ចប់បេសកកម្មនៅប្រទេសបារាំងជួបជាមួយថ្នាក់ដឹកនាំក្រុមហ៊ុនធំៗ និងអង្គការស្ថាប័នល្បីៗនៅទីនោះ។
ក្រោមទស្សនាទានការទូតសេដ្ឋកិច្ច និងគោលនយោបាយទាក់ម៉ូយដែលសម្តេចធិបតី ហ៊ុន ម៉ាណែត បានដាក់ចេញគឺជាសក្ខីភាពថ្មីមួយនៃការប្តេជ្ញាជំរុញការធ្វើពិពិធកម្មសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ អមដោយក្រុមអ្នកឧកញ៉ា ឧកញ៉ា ម្ចាស់ក្រុមហ៊ុនធំៗនៅកម្ពុជាច្រើនរូប ដើម្បីបើកផ្លូវពាណិជ្ជកម្មឱ្យកាន់តែទូលំទូលាយជាមួយនឹងអឺរ៉ុបបន្ថែមលើអ្វីដែលកំពុងតែមានស្រាប់។
ដោយឡែក មុនចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោកលើកទី៥៤ នៅទីក្រុងដាវ៉ុស សម្តេចធិបតី ហ៊ុន ម៉ាណែត អមដំណើរដោយអ្នកឧកញ៉ា សៀ ឬទ្ធី អនុប្រធានសមាគមឧកញ៉ាកម្ពុជា និងមន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា បានជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំនៃក្រុមហ៊ុនធំៗ ថ្នាក់ដឹកនាំក្រសួងស្ថាប័ននៃបណ្តាប្រទេសមួយចំនួនដែលមានវត្តមាននៃវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) ក្នុងគោលបំណងបង្ហាញអំពីកាលានុវត្តភាពថ្មីៗ និងទាក់ទាញវិនិយោគិនដើម្បីមកបណ្តាក់ទុនវិនិយោគនៅក្នុងប្រទេសកម្ពុជា។
អ្នកឧកញ៉ា សៀ ឬទ្ធី អគ្គនាយកក្រុមហ៊ុន វើលប៊្រីដគ្រុប និងជាម្ចាស់អគារខ្ពស់កប់ពពក The Bridge នៅខាងត្បូងស្ថានទូតអូស្រ្តាលី ជានិច្ចកាលតែងតែអមដំណើរមេដឹកនាំកម្ពុជាចូលរួមគោះទ្វារវិនិយោគនៅបណ្តាប្រទេសលើពិភពលោកដើម្បីបង្ហាញអំពីសក្តានុពលប្រទេសកម្ពុជាក្នុងការទាញចំណាប់អារម្មណ៍វិនិយោគិនបរទេសមករកស៊ី។ បច្ចុប្បន្នអ្នកឧកញ៉ាមានតួនាទីជាអនុប្រធានសមាគមឧកញ៉ាកម្ពុជា ទទួលបន្ទុកដឹកនាំទំនាក់ទំនងសាធារណៈ និងអន្តរជាតិ ដែលមានអ្នកឧកញ៉ា លី យ៉ុងផាត់ ជាប្រធាន។
សូមជម្រាបជូនថា វេទិកាសេដ្ឋកិច្ចពិភពលោក World Economic Forum ដែលជាអង្គការអន្តរជាតិសម្រាប់កិច្ចសហប្រតិបត្តិការសាធារណៈ និងឯកជន បង្កើតឡើងតាំងពីឆ្នាំ១៩៧១ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាបានចាត់ទុកជាដៃគូមួយដ៏សំខាន់តាំងតែពីឆ្នាំ២០១៧ ហើយកម្ពុជាក៏ធ្លាប់ទទួលធ្វើជាម្ចាស់ផ្ទះរៀបចំវេទិកាសេដ្ឋកិច្ចពិភពលោកម្តងរួចមកហើយ ស្តីពីអាស៊ាន នៅរាជធានីភ្នំពេញ កាលពីឆ្នាំ២០១៧ផងដែរ៕