ធនាគារ វឌ្ឍនៈ សាខាស្រុកស្នួល ខេត្តក្រចេះ ដែលជាសាខាថ្មីទី៣៩ មានទីតាំងស្ថិតនៅភូមិក្បាលស្នួល ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ បានបើកសម្ពោធដាក់ឱ្យដំណើរការផ្តល់សេវាកម្មធនាគារជូនអតិថិជនជាផ្លូវការ កាលពីព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤។

ពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ ធនាគារ វឌ្ឍនៈ ខាងលើនេះ បានធ្វើឡើងក្រោមអធិបតីភាពលោក គង់ គឹមនី អភិបាលរងនៃគណ:អភិបាលខេត្តក្រចេះ និង អ្នកឧកញ៉ា សំ អាង ប្រធានក្រុមប្រឹក្សាភិបាល ធនាគារ វឌ្ឍនៈ ព្រមទាំងភ្ញៀវកិត្តិយសជាច្រើនរូបទៀត។
នេះជាការបើកសម្ពោធសាខាថ្មីស្រឡាងមួយទៀតនៃធនាគារ វឌ្ឍនៈ ក្រោមវត្តមាន អ្នកឧកញ៉ា សំ អាង បន្ទាប់ពីអ្នកឧកញ៉ា បានអញ្ជើញទៅបើកសម្ពោធធនាគារ វឌ្ឍនៈ សាខាស្រុកត្រាំកក់-ឃុំអង្គតាសោម ខេត្តតាកែវ ដែលជាសាខាទី៣៨ កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ និងបើកសម្ពោធធនាគារ វឌ្ឍនៈ សាខាខេត្តព្រះសីហនុ ជាសាខាទី៣៧ មានទីតាំងស្ថិតនៅវិថីឯករាជ្យ ភូមិ២ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៣។

សូមជម្រាបថា ធនាគារ វឌ្ឍនៈ គឺជាធនាគារ ដែលមានភាគទុនិកក្នុងស្រុកសុទ្ធ បង្កើតឡើងនៅក្នុងឆ្នាំ២០០២។ ធនាគារនេះ មានទីស្នាក់ការកណ្តាល នៅជាន់ទី២ នៃវិមានវឌ្ឍនៈ កាពីតាល នៅរាជធានីភ្នំពេញ។ បច្ចុប្បន្នថ្នាក់ដឹកនាំធនាគារ វឌ្ឍនៈ រួមមាន អ្នកឧកញ៉ា សំ អាង ជាប្រធានក្រុមប្រឹក្សាភិបាល, អ្នកឧកញ៉ា ឈុន លាង បណ្ណាធិការ, លោក Anthony Chin Min Khong ជនជាតិម៉ាឡេស៊ី ជាអគ្គនាយកប្រតិបត្តិ និងអ្នកឧកញ៉ា សំអាង វឌ្ឍនៈ ជានាយកមិនប្រតិបត្តិ៕



