ឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាល នៃសមាគមមូលនិធិសម្ដេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា និងជាប្រធាន FASMEC នៅតែបន្តដឹកនាំ និងរៀបចំកម្មវិធីសិក្ខាសាលាស្ដីពី “ការអភិវឌ្ឍន៍អាជីវកម្មក្រោយបរិបទកូវីដ១៩” ដល់សមាជិក សមាជិការបស់ FASMEC នៅខេត្តប៉ៃលិននៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤។

ក្រៅពីមានវត្តមានឧកញ៉ា តែ តាំងប៉ ដែលជាអ្នកការដឹកនាំ និងរៀបកម្មវិធីសិក្ខាសាលានេះហើយ ក៏មានការចូលរួមពីលោក ងួន លីណា អភិបាលរងខេត្តប៉ៃលិន រួមទាំងដៃគូសហការឧបត្ថម្ភនានា មានដូចជា សហគ្រិនខ្មែរ និងដៃគូសហការផ្សេងៗទៀត ដោយមានSMEចូលរួមប្រមាណ១៥០នាក់ផងដែរ។
បើតាម FASMEC គោលបំណងនៃកម្មវិធីសិក្ខាសាលាខាងលើនេះ គឺដើម្បីចែករំលែកអំពីខ្សែសង្វាក់ទីផ្សារក្នុងស្រុក និងការនាំចេញ ព្រមទាំងជួយបំពេញបន្ថែមនូវចំណេះដឹងដែលម្ចាស់សហគ្រាសធុនតូច និងមធ្យមក្នុងខេត្តនៅមានចំណុចខ្វះខាត។

សូមបញ្ជាក់ថា សមាគមមូលនិធិសម្ដេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា និងសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា(FASMEC) កន្លងមកតែងតែរៀបចំកម្មវិធីសិក្ខាសាលាស្តីពី «ការអភិវឌ្ឍន៍អាជីវកម្មក្រោយបរិបទកូវីដ-១៩» នៅតាមបណ្តាខេត្តនានា ដោយមានឧកញ៉ា តែ តាំងប៉ ជាប្រធានដឹកនាំកម្មវិធីផ្ទាល់។
ការរៀបចំកម្មវិធីសិក្ខាសាលាកន្លងមកនេះ គឺដើម្បីឱ្យម្ចាស់សហគ្រាស ឬអាជីវកម្មធុនតូច និងមធ្យម អាចលើកពីផលវិបាកដែលទាក់ទងនឹងការលក់ផលិតផលក្នុងស្រុក និងការនាំចេញ។លើសពីនោះ ក៏ជាការចែករំលែកខ្សែសង្វាក់ទីផ្សារក្នុងការនាំចេញ និងចែករំលែកចំណេះដឹងផ្សេងៗដល់ម្ចាស់សហគ្រាសធុនតូច និងមធ្យមផងដែរ៕







