អ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា បានដឹកនាំថ្នាក់នាំក្រុមប្រឹក្សាភិបាល សមាជិក សមាជិកាដែលមានគោរមងារអ្នកឧកញ៉ា ឧកញ៉ា ពាក់ឯកសណ្ឋានថ្មី ចូលគ្រាបបង្គំគាល់ព្រះករុណា ព្រះបាទសម្តេចបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ នៅព្រះបរមរាជវាំង នាព្រឹកថ្ងៃសៅរ៍ ទី២០ ខែមករា ឆ្នាំ២០២៤។

អ្នកឧកញ៉ា ហ៊ុន ឡាក់ អគ្គលេខាធិការនៃសមាគមឧកញ៉ាកម្ពុជា ថ្លែងប្រាប់ Oknha News ឲ្យដឹងថា ថ្នាក់ដឹកនាំ និងសមាជិករបស់សមាគមឧកញ៉ាកម្ពុជា ដែលព្រះករុណា ព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ទ្រង់សព្វព្រះរាជហឬទ័យ ព្រះបរមរាជានុញ្ញាតចូលគាល់មានចំនួន ២០០រូប ក្នុងនោះរូបវន្តបុគ្គលជាស្រ្តីមានចំនួន ៤០រូប នាព្រះរាជដំណាក់សិរីមង្គលនៃព្រះបរមរាជវាំង នាថ្ងៃទី២០ ខែមករានេះ។

អ្នកឧកញ៉ា ហ៊ុន ឡាក់ បានបញ្ជាក់ថា ក្នុងឱកាសនេះ អ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា បានទូលថ្វាយនូវសកម្មភាពជាច្រើននាពេលកន្លងមករបស់សមាគមឧកញ៉ាកម្ពុជាទាំងលើវិស័យសង្គមកិច្ច អប់រំ មនុស្សធម៌ សុខាភិបាល និងផ្នែកពុទ្ធចក្រ ព្រមទាំងការជំរុញសកម្មភាពពាណិជ្ជកម្ម និងវិនិយោគស្របទៅតាមចក្ខុវិស័យ និងបេសកកម្មរបស់សមាគមដែលមានការទទួលស្គាល់ពេញលេញតាមផ្លូវច្បាប់ជាធរមាននៃព្រះរាជាណាចក្រកម្ពុជា។
ទន្ទឹមនឹងនេះ ក៏បានថ្វាយនូវព្រះរាជតង្វាយរួមមានអង្ករ និងថវិកាមួយចំនួនដើម្បីចូលរួមដង្ហែក្នុងព្រះរាជសកម្មភាពសប្បុរសធម៌ប្រកបដោយទសពិធរាជធម៌របស់ព្រះអង្គទាំងទ្វេ ដែលតែងតែមានព្រះរាជហឬទ័យខ្វល់ខ្វាយជាប់ជានិច្ចអំពីសុខទុក្ខរបស់ប្រជារាស្ត្រជាកូនជាចៅរបស់ព្រះអង្គ។ អ្នកឧកញ៉ាបន្ថែម។

ក្នុងវរោកាសដ៏ប្រពៃថ្លៃថ្លានេះ ព្រះករុណាព្រះមហាក្សត្រ មានព្រះរាជបន្ទូលកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អ្នកឧកញ៉ា លី យ៉ុងផាត់ ក្នុងការដឹកនាំសមាគមឧកញ៉ាកម្ពុជាទទួលបាននូវភាពជោគជ័យជាច្រើននាពេលកន្លងមកក៏ដូចជាការរួបរួមសាមគ្គីរបស់អ្នកឧកញ៉ា និងឧកញ៉ា ទាំងអស់ដែលជាសមាជិកសមាគមក្នុងការរួមចំណែកជំរុញកំណើនសេដ្ឋកិច្ច និងបង្កើតការងារជាច្រើនម៊ឺនកន្លែងដល់ប្រជាជនកម្ពុជាតាមរយៈការវិនិយោគ និងសកម្មភាពជំនួញនានាស្របទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា៕







