កម្ពុជាកំពុងរៀបចំគម្រោងទាក់ទាញ់ភ្ញៀវទេសចរជនជាតិថៃឱ្យចូលទស្សនាដល់ខេត្តសៀមរាបកើនឡើង

ជុំវិញ​ឧកញ៉ា

បើពុំមានការប្រែប្រួលណាមួយធ្វើខកខាននោះទេ សមាគមទេសចរណ៍កម្ពុជានឹងរៀបចំគម្រោងសិក្សាដំណើរទស្សនកិច្ចនៅតាមច្រកអន្តរជាតិ ផ្លូវគោក និងតាមច្រករបៀង នៅពេលដែលពិធីបុណ្យចូលឆ្នាំចិនហើយ ដើម្បីទាក់ទាញភ្ញៀវទេសចរជនជាតិថៃ ឱ្យចូលទៅទស្សនាដល់ខេត្តសៀមរាបឱ្យបានកាន់តែច្រើនថែមទៀត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកស្រីឧកញ៉ា ឆាយ ស៊ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជា មានប្រសាសន៍ថា «ដើម្បីទាក់ទាញភ្ញៀវទេសចរថៃបានទៅដល់ខេត្តសៀមរាប សមាគមទេសចរណ៍កម្ពុជា គ្រោងធ្វើទស្សនៈកិច្ចសិក្សាមួយអញ្ចើញខាងភាគីថៃ ពិសេសសមាគមទេសចរណថៃដែលមានសមាជិកជាទីភ្នាក់ងារទេសចរណ៍ឱ្យគាត់ធ្វើការសិក្សាមកទស្សនៈទៅដល់ខេត្តសៀមរាប តាមរយៈការធ្វើដំណើរតាមផ្លូវគោក តាមច្រកអន្តរជាតិ និងច្រករបៀង ដើម្បីឱ្យការផ្សព្វផ្សាយកើតមានឡើង»។

លោកស្រីឧកញ៉ាលើកឡើងថា កាលដើមឡើយសមាគមត្រៀមរៀបចំគម្រោងទាក់ទាញភ្ញៀវទេសចរជនជាតិថៃ នៅដើមខែមករា ប៉ុន្តែដោយសារពេលវេលានេះវាគៀកទៅនិងពិធីចូលឆ្នំាចិន ហើយម្យ៉ាងទៀតយល់ប្រជាជនថៃអាចនិងប្រារព្ធពិធីចូលឆ្នាំចិនផងដែរនោះ ទើបសម្រេចលើកពេល ថានិងរៀបចំក្រោយពិធីចូលឆ្នាំចិនរួចរាល់ ហើយគម្រោងខាងលើនេះមានការចែកចេញជាច្រើនដងដោយក្នុងពេលម្តង អាចមានក្រុមហ៊ុនចូលរួម៥០ទៅ៦០ក្រុមហ៊ុន។

លោកស្រីឧកញ៉ាប្រធានសមាគមទេសចរណ៍កម្ពុជា បានសង្កត់ធ្ងន់ថា«បើកម្ពុជាអាចទាក់ទាញភ្ញៀវទេសចរជនជាតិថៃឱ្យមកចូលទស្សនាកម្ពុជាតាមច្រកអន្តរជាតិ និងតាមច្រករបៀងដូចដែលកម្ពុជា ចង់បាននេះគឺវាបានចូលរួមបានយ៉ាងច្រើនក្នុងការផ្តល់អត្ថប្រយោជន៍ដល់ប្រជាជនរស់នៅតាមបណ្តោយផ្លូវចាប់ពីច្រកព្រំដែនមួយណាក៏បាន រហូតដល់ខេត្តសៀមរាប ហើយអាចទាញយកការស្នាក់នៅបានច្រើនថ្ងៃយូរជាងមុន។ បើភ្ញៀវទេសចរថៃ បើមិនបានមកដល់ខេត្តសៀមរាបទេ មានន័យថា គាត់បានតែទស្សនានៅខេត្តដែលជាប់ព្រំដែនតែប៉ុណ្ណោះ អីចឹងភ្ញៀវទេសចរថៃចូលមកទស្សនាកម្ពុជាបានត្រឹមតែក្នុងរយៈពេលខ្លី អាចថាមកព្រឹកហើយត្រឡប់ទៅថៃវិញនៅពេលល្ងាច ឬអាចស្នាក់នៅត្រឹមតែមួយយប់»។

ពាក់ព័ន្ធនិងការផ្តួចផ្តើមបង្កើតឱ្យមានគម្រោងសិក្សាដំណើរទស្សនកិច្ចខាងលើ បើតាមប្រធានសមាគមទេសចរណ៍កម្ពុជា ឧកញ៉ា ឆាយ ស៊ីវលីន ថា កាលពីចុងឆ្នាំ២០២៣ សមាគមទេសចរណ៍កម្ពុជា បានចូលជួបសម្តែងការគួរសម និងអបអរសាទរ នៃការទទួលបានមុខតំណែងថ្មីរបស់រដ្ឋមន្ត្រីក្រសួងទេសចរណ៍ថៃ។ នៅក្នុងជំនួប ពេលនោះសមាគមទេសចរណ៍កម្ពុជាបានស្នើសុំឱ្យមានការផ្សព្វផ្សាយរួមគ្នា ជំរុញការសហការកាន់តែជិតស្និទ ពិសេសជំរុញឱ្យមានទស្សនៈកិច្ចសិក្សាសម្រាប់ដំណើរកម្សាន្ត នៅតាមច្រកអន្តរជាតិ ផ្លូវគោក ពិសេសតាមច្រករបៀង ដោយមើលឃើញថាមានកំណើនភ្ញៀវទេសចរថៃ ចូលមកមកកម្ពុជាជាប់ចំណាត់ថ្នាក់នាំមុខគេ ហើយការធ្វើដំណើរតាមផ្លូវគោកក៏មានចំនួនច្រើន។ ក៏ប៉ុន្តែចំនួនភ្ញៀវទេសចរថៃ ដែលធ្វើដំណើរទៅដល់ខេត្តសៀមរាបនៅមានចំនួនតិចតួច ហេតុដូចនេះ ទើបសមាគមចង់ឱ្យមានទស្សនៈកិច្ចសិក្សាតាមផ្លូវគោកដើម្បីជំរុញឱ្យប្រជាជនថៃដែលចូលមកតាមច្រកផ្លូវគោក ធ្វើយ៉ាងណាបានទៅដល់ខេត្តសៀមរាប៕ តាកែវ