លោកឧកញ៉ា លីម លាង អគ្គនាយកក្រុមហ៊ុន Han Thong Group និងជាអគ្គនាយក ផ្សារសិនជូរី ផ្លាហ្សា កាលពីព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤ បានរៀបចំកម្មវិធីសម្ពោធការិយាល័យតាំងបង្ហាញ «ផ្សារសិនជូរី ផ្លាហ្សា» នៅលើដងមហាវិថីសហព័ន្ធរុស្ស៊ី ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ពិធីសម្ពោធការិយាល័យលក់តូបនៅក្នុងផ្សារសិនជូរី ផ្លាហ្សា ខាងលើនេះ មានការអញ្ជើញពីសំណាក់អាជីវករ និងភ្ញៀវកិត្តិយសជាច្រើនរូបផងដែរ។ ក្រុមហ៊ុន Han Thong Group ក្រោមការដឹកនាំរបស់លោកឧកញ៉ា លីម លាង និងផ្សារសិនជូរី ផ្លាហ្សា របស់អ្នកឧកញ៉ា ចាន់ សុទ្ធា អភិវឌ្ឍន៍គម្រោងដោយក្រុមហ៊ុន JLECC បានចុះអនុស្សរណៈយោគយល់ស្តីពី «ការសហការជាដៃគូយុទ្ធសាស្ត្រ» និងបើកលក់ជាន់ផ្ទាល់ដីជាផ្លូវការ ចាប់តាំងពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៤។
ឧកញ៉ា លីម លាង មានទំនុកចិត្តថា ផ្សារសិនជូរី ផ្លាហ្សា ដែលមានប្រវត្តិដំណើរការបានជាង៣០ឆ្នាំមកហើយ នឹងអាចជួយឱ្យបងប្អូនអាជីវករទាំងអស់ ប្រកបអាជីវកម្មដោយស្ថេភាព និងទទួលបានប្រាក់ចំណូលខ្ពស់ ហើយនឹងក្លាយជាចំណែកមួយដ៏សំខាន់ ក្នុងការជួយជំរុញសេដ្ឋកិច្ចជាតិកាន់តែលូតលាស់បន្ថែមទៀត។ លោកឧកញ៉ា ធ្លាប់បានបញ្ជាក់យ៉ាងដូច្នេះថា៖ “ផ្សារសិនជូរី ផ្លាហ្សា នឹងប្រគល់តូបជូនអតិថិជនក្នុងអំទ្បុងចុងខែមករា ដល់ខែកុម្ភៈ ឆ្នាំ២០២៤នេះ ហើយផ្សារសិនជូរី ផ្លាហ្សា នឹងចាប់ផ្តើមបើកធ្វើអាជីវកម្មនៅខែមេសា ឆ្នាំ២០២៤ ឆាប់ៗខាងមុខ”។
សូមជម្រាបថា ផ្សារទំនើបសិនជូរី ផ្លាហ្សា បានសម្ពោធបើកការដ្ឋាន កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្រោមអធិបតីភាពលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងអ្នកឧកញ៉ា ចាន់ សុទ្ធា អគ្គនាយិកាក្រុមហ៊ុន សិនជូរី គ្រុប។ ផ្សារទំនើបសេនជូរីផ្លាហ្សា ជាផ្សារប្រពៃណីបោះដុំ និងលក់រាយដ៏ធំជាងគេបំផុត ក្នុងតំបន់ខណ្ឌពោធិ៍សែនជ័យ ដែលសាងសង់លើផ្ទៃដី ១,១៤០០ម៉ែត្រការ៉េ ស្ថិតនៅលើផ្លូវសហព័ន្ធរុស្ស៊ី សង្កាត់កាកាបទី១ មានកម្ពស់៧ជាន់ ផ្នែកខាងលើ៥ជាន់ និងក្រោមដី២ជាន់។ ផ្សារទំនើបសិនជូរីផ្លាហ្សានេះ នឹងក្លាយជាតំបន់ ឧស្សាហកម្ម ពាណិជ្ជកម្ម សេវាកម្ម និងតំបន់ទេសចរណ៍ដ៏សំខាន់ សម្រាប់បម្រើឱ្យសេចក្ដីត្រូវការរបស់អតិថិជន៕