អ្នកឧកញ៉ា សួរ វីរៈ ជូនកាដូបាច់ផ្កាក្រដាស១០០ដុល្លារ មួយបាច់ធំដល់ភរិយា ក្នុងថ្ងៃខួបកំណើត

ជុំវិញ​ឧកញ៉ា

អ្នកឧកញ៉ា សួរ វីរៈ ​អគ្គនាយកក្រុមហ៊ុនវិរៈ ប៊ុនថាំអ៊ិចប្រេស ​​បាន​ជូនកាដូ​បាច់ផ្កា​ភ្ជាប់​ជាមួយ​ក្រដាស​ប្រាក់ ១០០ដុល្លារ​ជា​ច្រើន​សន្លឹក​​​ចំនួន​មួយ​បាច់ធំ ដល់​ភរិយា​​របស់​លោក​គឺ លោកជំទាវ ប៊ុន ចន្ធូ ក្នុង​ឱកាស​​ថ្ងៃ​ខួប​កំណើត ​​កាលពី​យប់​ថ្ងៃទី​២១ ខែមករា ឆ្នាំ២០២៤។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ម្ចាស់​​ក្រុមហ៊ុនដឹកជញ្ជូនអ្នកដំណើរ និងសេវាកម្មបញ្ញើរឆាប់រហ័ស​ឈានមុខគេ​មួយ​នៅកម្ពុជា​​រូប​នេះ​ បាន​បង្ហោះ​រូបភាព​លើ​ទំព័រហ្វេសប៊ុក មាន​​​កាន់​​បាច់​ផ្កា​ក្រដាស​១០០ដុល្លារ នៅ​មុខ​នំខេក​ជា​ច្រើន ​ព្រម​ទាំង​ការ​ផ្តល់​ស្នាម​ថើម​ដ៏​ផ្អែម​ល្ហែម​ជូន​ដល់​ភរិយា​ជាមួយ​នឹង​សារ​​​​ខ្លី​មួយ​​​ នៅ​ព្រលប់​ថ្ងៃទី២២ ខែមករា​នេះ​ យ៉ាង​ដូច្នេះ​ថា៖​ “ខ្ញុំខ្សឹបប្រាប់គាត់ថា ពេលខួបបង មេត្តាឱ្យ​កាដូ​បងដូចចឹងវិញផង ព្រោះតាមមើលទៅម្តងគេម្តងគេរហូត”។

គួររំឭក​ថា កាលពី​ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៣ ក្នុង​ឱកាស​ខួប​អនុស្សាវរីយ៍ ១៩ឆ្នាំ អ្នកឧកញ៉ា សួរ វីរៈ ​ក៏​បាន​បង្ហាញ​ភាព​ផ្អែម​ល្ហែម​​ជាមួយ​ភរិយា​ផង​ដែរ។ ក្នុង​ឱកាស​នោះ អ្នកឧកញ៉ា​បាន​បង្ហោះ​សារ​លើ​ទំព័រ​ហ្វេសប៊ុក​ថា៖ ” អរគុណ​ឧត្តមភរិយា​ដែលតែងតែដើរតួជា ប្រពន្ធ ជាម្តាយ ជាកូនប្រសារដ៏សែនល្អមើលថែគ្រួសារដ៏តូចមួយនេះ។ អរគុណដែលតែងតែនៅក្បែរ មើលថែ គាំទ្ររាល់ការសម្រេចចិត្ត គ្រប់កាល:ទេស:មិនថាមានឧបសគ្គអ្វី​ក៏​ដោយ។ អរគុណ​ដែលព្រមទទួលយកវិថីជីវិត ​ដែលផ្តើមចេញពីលុយ ១ពាន់​ដុល្លារ​ ទាំងមិនដឹងថា​មានរឿងអ្វីកើត​ឡើងថ្ងៃ​មុខ”។

អ្នកឧកញ៉ា បាន​បន្ថែម​ថា មកដល់ថ្ងៃនេះ លោក​ក៏នៅតែអរគុណ​ដល់​ភរិយា​ដែលនៅតែយល់ព្រម​គាំទ្រឱ្យ​លោក​បន្ត​អាជីវកម្ម​ក្នុងភាពជាថ្នាក់ដឹកនាំប្រកបដោយការទទួលខុសត្រូវខ្ពស់ និងបានចូលរួមជាថ្នាក់ដឹកនាំ​គ្រប់​អាជីវកម្ម​ទាំងអស់។

​សូម​ជម្រាប​ជូន​ថា ​​​តាំង​ពី​ការចាប់ផ្តើម​ជីវិត​គូ​ជាមួយ​លោកជំទាវ ប៊ុន ចន្ធូ ​​ដែល​តែងតែ​​​គាំទ្រ​និង​ជួយ​ផ្តល់​កម្លាំង​ចិត្ត​​ដល់​ស្វាមី​ ​​បាន​ធ្វើ​ឱ្យ​អ្នកឧកញ៉ា សួរ វីរៈ ​​​​ទទួល​បាន​​ភាពរីកចម្រើន​ជា​បន្តបន្ទាប់​ក្នុង​ការ​​ប្រកប​មុខ​ជំនួញ​នានា។ មក​ដល់​បច្ចុប្បន្ន​ ក្រុមហ៊ុន វិរៈ ប៊ុនថាំ អេចប្រេស របស់​អ្នកឧកញ៉ា សួរ វីរៈ បាន​ពង្រីកសាខា​ ​ច្រើន​ជាង ៨៥០​សាខា នៅ​ទូទាំង​ប្រទេស​កម្ពុជា ព្រម​ទាំង​​មានទាំងសាខានៅប្រទេសថៃ និង​វៀតណាម។ បន្ថែម​ពី​នេះ អ្នកឧកញ៉ា សួរ វីរៈ ​ក៏​ជា​ម្ចាស់រីសត ជា​ច្រើនកន្លែង នៅ​បណ្តា​ខេត្ត​មួយ​ចំនួន​ទៀត​ផង​ដែរ៕