ក្នុងព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ និងជាលើកដំបូងបំផុតសម្រាប់សមាគមឧកញ៉ាកម្ពុជា ដែលថ្នាក់ដឹកនាំរួមទាំងសមាជិក សមាជិកាមានគោរមងារជា អ្នកឧកញ៉ា និងឧកញ៉ា រហូតដល់ទៅ ២០០រូប បានចូលគ្រាបបង្គំគាល់ព្រះករុណា ព្រះបាទសម្តេចបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ នៅព្រះបរមរាជវាំង កាលពីព្រឹកថ្ងៃសៅរ៍ ទី២០ ខែមករា ឆ្នាំ២០២៤ គឺស្ថិតក្នុងគោលបំណងសំខាន់ៗចំនួន ៥។ នេះបើតាមការបញ្ជាក់ឱ្យដឹងពីសមាគមឧកញ៉ាកម្ពុជា។
តាមរយៈទំព័រហ្វេសប៊ុក សមាគមឧកញ៉ាកម្ពុជា បានបង្ហោះរូបថតអនុស្សាវរីយ៍របស់អ្នកឧកញ៉ា និងឧកញ៉ា ក្នុងឯកសណ្ឋានផ្លូវការនៅបវរិវេណខាងមុខព្រះទីន័ងទេវាវិនិច្ឆ័យនៃព្រះបរមរាជវាំងចតុម្មុខដ៏ពិសិដ្ឋរបស់ប្រជាជាតិខ្មែរ នៅព្រឹកថ្ងៃទី២៣ ខែមករានេះ ព្រមទាំងបានបញ្ជាក់ថា ការទទួលបាននូវព្រះបរមរាជានុញ្ញាត និងមហាកិត្តិយសចូលក្រាបថ្វាយបង្គំគាល់ក្នុងគ្រាតែមួយជាមួយគ្នាបែបនេះ គឺក្នុងគោលបំណងសំខាន់ៗដូចជា៖ ១)ថ្វាយព្រះពរព្រះអង្គទាំងទ្វេក្នុងវរោកាសឆ្នាំថ្មី ២)ថ្វាយអំណរព្រះរាជគុណព្រះករុណាថ្លៃវិសេសដែលបានប្រោសព្រះរាជទានគោរមងារជាអ្នកឧកញ៉ា និងឧកញ៉ា នាពេលកន្លងមក ៣)ថ្វាយអំណរព្រះរាជគុណព្រះករុណាជាអម្ចាស់ជីវិតលើត្បូងដែលបានសព្វព្រះរាជហឬទ័យត្រាស់បង្គាប់ឱ្យប្រើព្រះរាជក្រឹត្យស្តីពី «គោរមងារឧកញ៉ា» នាថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣កន្លងមក ៤)ក្រាបបង្គំទូលថ្វាយរបាយការណ៍នៃវឌ្ឍនភាពរបស់សមាគមឧកញ៉ាកម្ពុជា ៥)ថ្វាយព្រះរាជតង្វាយរួមមានថវិកា និងអង្ករថ្វាយដើម្បីចូលរួមដង្ហែក្នុងព្រះរាជសកម្មភាពសប្បុរសធម៌ដ៏ឧត្តុង្គឧត្តមប្រកបដោយទសពិធរាជធម៌របស់ ព្រះអង្គទាំងទ្វេ។
គួររំឭកថា អ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា បានដឹកនាំថ្នាក់នាំក្រុមប្រឹក្សាភិបាល សមាជិក សមាជិកា ដែលមានគោរមងារអ្នកឧកញ៉ា ឧកញ៉ា ចំនួន ២០០រូប (ស្ត្រីចំនួន ៤០រូប) ពាក់ឯកសណ្ឋានថ្មី ចូលគ្រាបបង្គំគាល់ព្រះករុណា ព្រះបាទសម្តេចបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ នៅព្រះបរមរាជវាំង នាព្រឹកថ្ងៃសៅរ៍ ទី២០ ខែមករា ឆ្នាំ២០២៤។
ក្នុងវរោកាសដ៏ប្រពៃថ្លៃថ្លានោះ ព្រះករុណាព្រះមហាក្សត្រ មានព្រះរាជបន្ទូលកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អ្នកឧកញ៉ា លី យ៉ុងផាត់ ក្នុងការដឹកនាំសមាគមឧកញ៉ាកម្ពុជា ទទួលបាននូវភាពជោគជ័យជាច្រើន នាពេលកន្លងមក ក៏ដូចជាការរួបរួមសាមគ្គីរបស់អ្នកឧកញ៉ា និងឧកញ៉ា ទាំងអស់ដែលជាសមាជិកសមាគមក្នុងការរួមចំណែកជំរុញកំណើនសេដ្ឋកិច្ច និងបង្កើតការងារជាច្រើនម៊ឺនកន្លែង ដល់ប្រជាជនកម្ពុជាតាមរយៈការវិនិយោគ និងសកម្មភាពជំនួញនានា ស្របទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា៕