ឧកញ៉ា ប៊ុន រតនាសេម អគ្គនាយកក្រុមហ៊ុន អេសអូតូ ខេមបូឌា និងជាស្ថាបនិក S-Auto ទិញលក់រថយន្ត កាលពីពេលថ្មីៗនេះ បានបង្ហាញពីរូបថតប៉ុន្មានសន្លឹក នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ ភ្ជាប់នឹងសារ៖ “លាបងប្អូនទៅឌូបៃ ប៉ុន្មានថ្ងៃ! បងប្អូនកុំសង្ស័យ អេសអូតូ នឹងមានអ្វីថ្មីឆាប់ៗនេះ! ដោយក្តីគោរពស្រលាញ់ពុកម៉ែបងប្អូន” ។

ភ្លាមៗក្រោយ ឧកញ៉ា ប៊ុន រតនាសេម បង្ហោះសារ Oknha News បានសាកសួរលម្អិតបន្ថែម ពីការធ្វើដំណើរពីកម្ពុជា ទៅទីក្រុងឌូបៃ ដែលទឹកដីដ៏សុីវិល័យលំដាប់ពិភពលោក ប្រមូលផ្ដុំទៅដោយមហាសេដ្ឋី អ្នកវិនិយោគគ្រាក់ៗ និងអ្នកជំនួញ គ្រប់ប្រភេទនៅទីនោះ។
ទោះបីមិនទាន់ ទទួលចម្លើយលម្អិតពី ឧកញ៉ា ប៊ុន រតនាសេម ប៉ុន្តែតាមការបង្ហោះសារកាលពីព្រឹកមិញនេះ អគ្គនាយកក្រុមហ៊ុន អេសអូតូ ខេមបូឌា រូបនេះ ទំនងជា កំពុងស្វែងរកឱកាសវិនិយោគលើការនាំចូលណាមួយ ក្នុងវិស័យរថយន្តពីទីក្រុងឌូបៃ ទឹកដីនៃពិភពរថយន្តប្រេនល្បីៗរបស់ពិភពលោក មកកាន់ប្រទេសកម្ពុជា។

បច្ចុប្បន្ន លោកឧកញ៉ា ប៊ុន រតនាសេម មានមុខជំនួញមួយចំនួនក្នុងដៃ ដូចជា៖
១. S-AUTO Cambodia៖ ដែលជា ការ៉ាស់ ទិញ-លក់រថយន្តធុនតូចគ្រប់ប្រភេទ លក្ខណៈគ្រួសារ
២. S-AUTO ជួលរថយន្ត៖ សម្រាប់ជួលរថយន្តទំនើបៗ
៣. S-AUTO Sevice៖ ការ៉ាសបម្រើសេវាកម្មជួសជុលរថយន្ត
៤. អេសឆ្ងាញ់៖ លក់បោះដុំទាខ្វៃ (បង្កើតឡើងសម័យកូវីដ-១៩)
៥. លំហែរ៖ អភិវឌ្ឍន៍គម្រោងផ្ទះលំហែទំនើប ជាយក្រុង ចម្ងាយប្រហែល៣០គីឡូម៉ែត្រពីរាជធានីភ្នំពេញ បើកលក់ កាលពីចុងឆ្នាំ២០២២ កន្លងទៅ
៦. ហាងលក់ពេជ្រ ឈីវែលរី ៖ លក់គ្រឿងអលង្ការមាសពេជ្រ
៧. Amazing Family Trading Co.,Ltd ៖ ជាក្រុមហ៊ុន នាំចូល និងចែកចាយផលិតផល គ្រឿងសំអាង និងសាប៊ូរ ។ល។
តាមរយៈមុខជំនួញជាច្រើន ក្រោមការគ្រប់គ្រងរបស់ លោកឧកញ៉ា សហគ្រិនខ្មែររូបនេះ បានរួមចំណែកផ្ដល់ការងារ ជាច្រើនកន្លែងដល់ប្រជាពលរដ្ឋខ្មែរ និងរួមចំណែកកសាងសេដ្ឋកិច្ចជាមួយរាជរដ្ឋាភិបាលកម្ពុជា ៕


