បងបង្កើតឧកញ៉ា ផៃ ប៊ុនវណ្ណៈ គឺលោក ផៃ ប៊ុនឈឿន ត្រូវបានព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ ត្រាស់បង្គាប់តែងតាំងជារដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ តាមរយៈព្រះរាជក្រឹត្យលេខ នស/រកត/០១២៤/១០៣ ។
លោក ផៃ ប៊ុនឈឿន ជាបងបង្កើតឧកញ៉ា ផៃ ប៊ុនវណ្ណៈ អតីតអភិបាលខេត្តរងព្រះសីហនុ ហើយដែលត្រូវដកតំណែងវិញ។ បច្ចុប្បន្នលោក ប៊ុនវណ្ណៈ កំពុងកាន់តួនាទីជាអភិបាលរងខេត្តឧត្តរមានជ័យ។
លោក ផៃ ប៊ុនឈឿន បច្ចុប្បន្នជារដ្ឋលេខាធិការប្រចាំការក្រសួងបរិស្ថាន ដែលកាន់តំណែងនេះតាំងពីរដ្ឋមន្រ្តីអាណត្តិទី៦ គឺលោក សាយ សំអាល់ មកម្លេះ។ លោកជាអតីតអភិបាលខេត្តកណ្តាល ហើយបានក្លាយជារដ្ឋលេខាធិការក្រសួងបរិស្ថាន ចាប់តាំងពីឆ្នាំ២០១៦មក។ បច្ចុប្បន្ន លោកក៏ជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្ទឹងត្រែងផងដែរ។
លោក ផៃ ប៊ុនឈឿន មានកូនប្រុសស្រីចំនួន ៥នាក់ ដែលសុទ្ធសឹងតែទទួលបានការអប់រំខ្ពង់ខ្ពស់ បច្ចុប្បន្នកូនរបស់លោកបានចូលបំពេញការងារជាមន្រ្តីរាជការស្ទើរគ្រប់គ្នាទៅហើយ។ អ្វីដែលជាការកត់សម្គាល់កូនប្រុសស្រីលោកកាន់តួនាទីសំខាន់ៗ និងដឹកនាំកងកម្លាំងទៀតផង ដូចជា៖ លោក ឈឿន សុចិត្រ ជាស្នងការខេត្តកណ្តាល,លោក ឈឿន ប៊ុនឆន ជាស្នងការខេត្តព្រៃវែង, លោក ឈឿន ប៊ុណ្ណារ័ត្ន ជារដ្ឋលេខាធិការក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់, លោក ឈឿន ប៊ុណ្ណារិទ្ធិ ជាវេជ្ជបណ្ឌិត បំរើការងារនៅមន្ទីរសុខាភិបាលខេត្តកណ្តាល និងលោកស្រី ឈឿន បុប្ផារ័ត្ន ជាអភិបាលរងក្រុងតាខ្មៅ ខេត្តកណ្តាល៕