ឧកញ៉ាម្ចាស់សាកលវិទ្យាល័យល្បីឈ្មោះ២រូប ជាប់ជាក្បាលស៊ីនដឹកនាំសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា

ជុំវិញ​ឧកញ៉ា

ពេលថ្មីៗនេះ សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា រៀបចំបោះឆ្នោតជ្រើសរើស ប្រធានក្រុមប្រឹក្សាភិបាល និងប្រធានគណៈប្រតិបត្តិ សម្រាប់អាណត្តិទី៧ ដែលមានសមាជិក សមាជិកាជាង១០០នាក់។ ក្នុងនោះ ឧកញ៉ា ហេង វ៉ាន់ដា បន្តជាប់ជាប្រធានក្រុមប្រឹក្សាភិបាល និងឧកញ៉ា លី ឆេង បន្តជាប់ជាប្រធានគណៈប្រតិបត្តិ សម្រាប់អាណត្តិថ្មី ឆ្នាំ២០២៤-២០២៦។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការបោះឆ្នោតជ្រើសរើសប្រធានក្រុមប្រឹក្សាភិបាល និងប្រធានគណៈប្រតិបត្តិអាណត្តិទី៧ នេះ បានប្រព្រឹត្តទៅដោយរលូន តម្លាភាព និងយុត្តិធម៌ ហើយជាលទ្ធផលសមាជិកក្រុមប្រឹក្សាភិបាលដែលមានវត្តមានបានបោះឆ្នោតគាំទ្រជ្រើសតាំង ឧកញ៉ា ហេង វ៉ាន់ដា ជាប្រធានក្រុមប្រឹក្សាភិបាល និងឧកញ៉ា លី ឆេង ជាប្រធានគណៈប្រតិបត្តិ សម្រាប់អាណត្តិថ្មី ឆ្នាំ២០២៤-២០២៦ បន្តទៀត។

សូមជម្រាបថា ឧកញ៉ា ហេង វ៉ាន់ដា ជាប្រធានក្រុមប្រឹក្សាភិបាលវិទ្យាស្ថានវ៉ាន់ដាគណនេយ្យ ចំណែកឧកញ៉ា លី ឆេង ជាប្រធានក្រុមប្រឹក្សាសាកលវិទ្យាល័យប៊ែលធី អន្តរជាតិ និងជាសមាជិករដ្ឋសភាជាតិ ជាអ្នកតំណាងរាស្រ្តមណ្ឌលភ្នំពេញ។

ក្នុងឱកាសនោះ ឧកញ៉ាទាំងពីរដែលបន្តកាន់តំណែងដដែលនោះបានឡើងប្តេជ្ញាចិត្តបន្តខិតខំប្រឹងប្រែងដឹកនាំសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា ឱ្យបានកាន់តែរីកចម្រើន ជាពិសេស ពង្រឹងកិច្ចសហប្រតិបត្តិការ និងបង្កើនទំនាក់ទំនងល្អជាមួយក្រសួង-ស្ថាប័ន និងដៃគូនានាទាំងក្នុង និងក្រៅប្រទេស ដើម្បីរួមចំណែកលើកកម្ពស់វិស័យអប់រំជាមួយរាជរដ្ឋាភិបាលកម្ពុជា។

សូមបញ្ជាប់ថា សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា បច្ចុប្បន្នមានគ្រឹះស្ថានសិក្សា ចំនួន១២៨គ្រឹះស្ថានសិក្សា ជាសមាជិក តែងតែរៀបចំការបោះឆ្នោតជ្រើសរើសប្រធានក្រុមប្រឹក្សាភិបាល និងប្រធានគណៈប្រតិបត្តិថ្មី ជារៀងរាល់ ៣ឆ្នាំម្តង ដែលបោះឆ្នោតដោយសមាជិកក្រុមប្រឹក្សាភិបាលទាំង ២២គ្រឹះស្ថាន៕