ដន្លងអ្នកឧកញ៉ា លាង ម៉េង ទទួលសេចក្តីសម្រេច ជាសមាជិកក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ

ជុំវិញ​ឧកញ៉ា

លោក ម៉ឹង មករា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដែល​ត្រូវ​ជា​ដន្លង​​​ជាមួយ​អ្នកឧកញ៉ា លាង ម៉េង ​​នៅ​ព្រឹក​ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤​នេះ​ ​បាន​អញ្ជើញ​ចូលរួម​ក្នុងពិធីប្រកាសសមាសភាពក្រុមការងារ និងបើកកិច្ចប្រជុំលើកដំបូង​របស់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តត្បូងឃ្មុំ ក្រោម​អធិបតីភាព​លោក​ អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារ​រាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តត្បូងឃ្មុំ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

​​ក្នុងពិធីប្រកាសសមាសភាពក្រុមការងារ និងបើកកិច្ចប្រជុំលើកដំបូង​​ខាង​លើ​នេះ ​លោក ម៉ឹង មករា ក៏​បាន​ទទួល​យក​សេចក្តីសម្រេចជាផ្លូវការ ​ក្នុង​នាម​ជា​សមាជិក​ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ។ ពិធី​នេះ​ដែរ លោក​ អ៊ាង សុផល្លែត ​​បានដាក់ចេញនូវទិសដៅការងារអាទិភាពចំពោះមុខ ៨ចំណុច ដល់ក្រុមការងាររាជរដ្ឋាភិបាល​ចុះមូលដ្ឋាន​ខេត្តត្បូងឃ្មុំ ព្រម​ទាំង​រម្លឹកបន្ថែមអំពីអនុសាសន៍ដ៏ថ្លៃថ្លារបស់សម្តេច​ធិបតី ហ៊ុន ម៉ាណែត អំពីកត្តា៤ ដែលនាំមកនូវ ជោគជ័យនៃការកែទម្រង់ គឺ៖ ១)ចក្ខុវិស័យច្បាស់លាស់ ២)ការប្តេជ្ញាចិត្ត ៣)ការចូលរួមដោយស្មោះត្រង់ និង ៤)ការលះ​បង់​ដើម្បីប្រយោជន៍រួម។

​​រាជរដ្ឋាភិបាលកម្ពុជា ​​កាលពី​ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ ​​បាន​ចេញ​សេចក្តីសម្រេច​ស្តីពី​ការ​ចាត់តាំង​សមាសភាព​ក្រុម​ការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត​ត្បូងឃ្មុំ ក្នុង​នោះ​គឺ លោក អ៊ាង សុផល្លែត ជា​ប្រធាន និង​អនុប្រធាន ចំនួន ៥រូប ព្រម​ទាំង​សមាជិក សមាជិកា ចំនួន ៨៦​រូប​ទៀត។​​​​

សូម​ជម្រាប​ជូន​ថា លោក ម៉ឹង មករា បច្ចុប្បន្ន​ជា​រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ជា​ប្រធាន​សមាគមយុវជន​ក្រុម៨។ លោក​ជា​​កូនប្រុសបង្កើត​របស់​នាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និង​ជា​រដ្ឋលេខាធិការ​ប្រចាំការ​ក្រសួងការពារជាតិ, កូនប្រសារលោក​ឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា ឧត្តមប្រឹក្សាផ្ទាល់​ព្រះ​មហាក្សត្រ ហើយ​លោក​ក៏ជាដន្លងជាមួយអ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិក និងជាអគ្គនាយកក្រុមហ៊ុន ជីបម៉ុង គ្រុប៕