សម្ដេចតេជោ ហ៊ុន សែន ចេញសេចក្តីសម្រេចចាត់តាំង អ្នកឧកញ៉ា ទ្រី ភាព ជាអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ

ជុំវិញ​ឧកញ៉ា

សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ​​បាន​ចេញ​សេចក្តីសម្រេច​ចាត់តាំង អ្នកឧកញ៉ា ទ្រី ភាព អគ្គនាយក​ក្រុមហ៊ុន ទ្រី ភាព គ្រុប ជាអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ ដែលមានលោក វង្សី វិស្សុត ជាប្រធាន ​​កាលពី​ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាម​រយៈ​សេចក្តីសម្រេច​លេខ ០៤៣/០១២៤/សស.គក ​​​​​គណៈអចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​កណ្តាល ​​បាន​សម្រេច​ដូច​ខាង​ក្រោម៖

១.ចាត់តាំង លោក ជា ចាន់តូ អគ្គទេសាភិបាល​កិត្តិយស​ធនាគារ​ជាតិ​នៃ​កម្ពុជា ជា​ប្រធាន​កិត្តិយស​នៃ​ក្រុមការងារគណបក្ស​ចុះមូលដ្ឋានខេត្តកំពង់ធំ។
២.សម្រួលភារកិច្ច លោក ថោង ខុន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ពី​ប្រធាន មក​ជា​អនុប្រធាន​ក្រុមការងារគណបក្ស​ចុះមូលដ្ឋានខេត្តកំពង់ធំ។
៣.ផ្ទេរ​ភារកិច្ច លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី ពី​ប្រធាន​ក្រុមការងារ​គណបក្ស​ចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង មក​ជា​ប្រធាន​ក្រុមការងារគណបក្ស​ចុះមូលដ្ឋានខេត្តកំពង់ធំ ជំនួស​លោក ថោង ខុន។
៤.ចាត់តាំង លោក ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងទ័ពជើងគោក ជា​អនុប្រធាន​ក្រុមការងារគណបក្ស​ចុះមូលដ្ឋានខេត្តកំពង់ធំ បន្ថែម​ភារកិច្ច​ជា​ប្រធាន​ក្រុម​ការងារ​គណបក្ស​ចុះមូលដ្ឋាន​ខេត្ត​ព្រះវិហារ។
៥.ចាត់តាំង លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម ជា​អនុប្រធាន​ក្រុមការងារគណបក្ស​ចុះមូលដ្ឋានខេត្តកំពង់ធំ។
៦.ចាត់តាំង អ្នកឧកញ៉ា ទ្រី ភាព ជា​អនុប្រធាន​ក្រុមការងារគណបក្ស​ចុះមូលដ្ឋានខេត្តកំពង់ធំ។ ​​​​​​​​​​​​

សូម​ជម្រាប​ជូន​ថា អ្នកឧកញ៉ា ទ្រី ភាព មានទួនាទីជាទីប្រឹក្សាផ្ទាល់របស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស​ប្រជាជន​កម្ពុជា ​ហើយ​អ្នកឧកញ៉ា​ ជាអនុប្រធានទី២ ក្រុមការងារចុះពង្រឹងមូលដ្ឋានស្រុកកណ្ដាលស្ទឹង ខេត្តកណ្តាល។ អ្នកឧកញ៉ា ទ្រីភាព ក៏មានកូនប្រុសម្នាក់​កំពុងកាន់តួនាទីជាអនុប្រធានយុវជនស្រុកកណ្តាលស្ទឹង និងជាអនុប្រធាន​ក្រុម​ការងារ​ថ្នាកជាតិ​ចុះជួយ ឃុំត្បែង ស្រុកកណ្តាលស្ទឹង គឺឧកញ៉ា ទ្រី ដាលុច ដែលជាអគ្គនាយករងក្រុមហ៊ុន ទ្រីភាព គ្រុប ផងដែរ៕