សមាគមសហគ្រិនស្រ្តីកម្ពុជារៀបចំវេទិកាសហគ្រិនស្រ្តីកម្ពុជា ក្រោមប្រធានបទ «ភាពខ្លាំងនៃសាមគ្គីភាពស្រ្តី» ដើម្បីរួមចំណែកលើកកម្ពស់អាជីវកម្មរបស់ស្ដ្រីនៅកម្ពុជា និងគៀងគរសហគ្រិនស្ដ្រីទាំងអស់នៅកម្ពុជា ឱ្យចូលជាធ្លុងមួយ ដើម្បីសម្រេចគោលដៅឱ្យបានជោគជ័យទាំងអស់គ្នា នាព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ នៅសណ្ឋាគារហ៊ីម៉ារ៉ារី។

ឧកញ៉ា កែវ មុំ ប្រធានសមាគមសហគ្រិនស្រ្តីកម្ពុជា មានប្រសាសន៍ថា វេទិកានេះនឹងជួយដល់ស្រ្តីទាំងអស់ឱ្យមានភាពក្លាហាន មានភាពជឿជាក់លើខ្លួនឯង នឹងរួមគ្នាធ្វើការងារជាក្រុម ដើម្បីសម្រេចជោគជ័យ…! ដូចពាក្យចាស់លោកពោលថា «ចង្កឹះមួយបាច់កាច់មិនបាក់» ហើយម្យ៉ាងទៀតនឹងជួយដោះស្រាយបញ្ហាមួយចំនួនទៅលើតុល្យភាពគ្រួសារ និងការងារដែលសហគ្រិនស្ដ្រីតែងតែជួបប្រទះ។
លោកស្រីឧកញ៉ាគូសបញ្ជាក់ថា ស្រ្ដីមិនមែនទន់ខ្សោយនោះទេ ស្រ្តីរឹងមាំនិងទន់ភ្លន់ ហើយប្រសិនបើស្ដ្រីមានភាពរឹងមាំ អ្វីៗដែលធ្វើគឺពិតជាទទួលបានជោគជ័យ ហើយវេទិកាដែលយើងរៀបចំនៅថ្ងៃនេះក៏នឹងបង្ហាញយ៉ាងច្បាស់ថា ស្ដ្រីខ្លាំងមិនចាញ់បុរសនោះទេ។ ទន្ទឹមនឹងនេះលោកស្រីបន្តថា «សុភាពផ្លូវកាយ និងសុខភាពផ្លូវចិត្តត្រូវតែមានភាពស្មើគ្នា ទើបធ្វើឱ្យយើងម្នាក់ៗអាចដើរទៅមុខបាន»។
បើតាមលោកស្រីឧកញ៉ា កែវ មុំ ការរៀបចំវេទិកានេះ សមាគមសហគ្រិនស្រ្តីកម្ពុជា បានមើលឃើញពីភាពខ្វះខាតមួយចំនួនរបស់ស្រ្តីដែលមិនទាន់ចេះធ្វើទីផ្សារក្នុងការលក់ផលិតផលរបស់ខ្លួន។ ជាដំណោះស្រាយសមាគមបាននឹងកំពុងគិតគូរទៅលើផលិតផលទាំងនោះ ហើយប្រមូលមកដាក់លក់មួយកន្លែង ព្រមទាំងនាំចេញទៅលក់លើទីផ្សារថ្នាក់ជាតិ និងអន្តរជាតិផងដែរនាពេលខាងមុខ៕









