អ្នកឧកញ៉ា សំអាង វឌ្ឍនៈ អគ្គនាយកក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី បានអញ្ជើញចូលជួបពិភាក្សាការងារជាមួយលោក នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងបាននាំយកនូវអង្ករចំនួន ៦០ តោនសម្រាប់ ១ឆ្នាំ និងភេសជ្ជៈរបស់ក្រុមហ៊ុនចំនួន ១២០កេស ជូនដល់ក្រសួងព័ត៌មាន ដើម្បីអនុវត្តកម្មវិធីគាំពារមន្ត្រីរាជការរបស់ក្រសួង កាលពីរសៀលថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤។

កម្មវិធីជួបពិភាក្សា និងប្រគល់ទទួលខាងលើនេះ បានធ្វើឡើងនៅទីស្តីការក្រសួងព័ត៌មាន ដែលក្នុងនោះអ្នកឧកញ៉ា សំអាង វឌ្ឍនៈ បានប្រគល់ជូនអង្ករចំនួន ៦០តោន រួមជាមួយភេសជ្ជៈ Krud និងភេសជ្ជៈ V-Active ជាច្រើនកេស។ ជាមួយគ្នានោះ លោករដ្ឋមន្ត្រីក្រសួងព័ត៌មានក៏បានប្រគល់ជូននូវលិខិតថ្លែងអំណរគុណដល់អ្នកឧកញ៉ា អគ្គនាយកក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើ ផងដែរ។

តាមការបញ្ជាក់លើបណ្តាញសង្គម លោក នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានឱ្យដឹងថា ក្រសួងព័ត៌មានបានអនុវត្តកម្មវិធីគាំពារមន្ត្រីរាជការដោយបានឧបត្ថម្ភជាប្រចាំខែ នូវអង្ករនិងគ្រឿងឧបភោគបរិភោគខ្លះៗជូនមន្ត្រីរាជការ ដែលមានការខ្វះខាតក្នុងជីវភាព។ លោករដ្ឋមន្ត្រី បានបន្ថែមដូច្នេះថា៖ “ក្នុងនាមថ្នាក់ដឹកនាំនិងមន្ត្រីរាជការនៃក្រសួងព័ត៌មាន ខ្ញុំសូមអរគុណចំពោះអ្នកឧកញ៉ា និងក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី ដែលបានផ្តល់ការគាំទ្រ”។
សូមជម្រាបជូនថា លោក នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន មានការគិតគូខ្ពស់ចំពោះសុខមាលភាព និងជីវភាពរស់នៅរបស់មន្រ្តីរាជការរបស់ក្រសួង ដោយលោកបានដាក់ចេញវិធានការគាំទ្រសំខាន់ៗមួយចំនួនដូចជា៖ ១)ក្រសួងព័ត៌មាន បានសហការជាមួយ មជ្ឈមណ្ឌលរោគវិនិច្ឆ័យ ប៊ីយ៉ូមេឌីក ដើម្បីទទួលបានការបញ្ចុះតម្លៃ ៣០% លើសេវាពិនិត្យសុខភាព, ២)បង្កើតជាទារកដ្ឋាន សម្រាប់ឱ្យមន្រ្តីជាស្រ្តីមានទីកន្លែងបំបៅដោះកូន មានកន្លែងក្មេងលេង និងមានបណ្ណាល័យអានសៀវភៅថែមទៀត, ៣)ផ្តល់ជាអង្ករ និងត្រីខ កំប៉ុង ជារៀងរាល់ខែដល់មន្រ្តីដែលមានជីវភាពខ្វះខាត ប្រមាណ ៣០០ នាក់, ៤)គិតគូពីគោលការណ៍ ក.៣ កើត ការ និងកប់, ៥)ការរៀបចំទីតាំងឱ្យមានផាសុខភាពសម្រាប់មន្រ្តីរាជការបំពេញកិច្ចការងារ៕

