ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្ដម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ព្រះអង្គទាំងទ្វេបានសព្វព្រះរាជហឬទ័យ ព្រះបរមរាជានុញ្ញាតដល់ឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមមូលនិធិសម្ដេចតេជោដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា និងលោកជំទាវ ទឹម គឹមហ៊ាង ដឹកនាំសមាជិកក្រុមប្រឹក្សាភិបាល ចំនួន ១០៨រូបចូលក្រាបថ្វាយបង្គំគាល់នាព្រះរាជដំណាក់សិរីមង្គលនៃព្រះបរមរាជវាំង នាព្រឹកថ្ងៃសៅរ៍ ទី២៧ ខែមករា ឆ្នាំ២០២៤។

ក្នុងឱកាសដ៏ឧត្តុង្គឧត្តមនេះ ឧកញ៉ា តែ តាំងប៉ បានក្រាបបង្គំទូលថ្វាយនូវសកម្មភាពជាច្រើននាពេលកន្លងមករបស់សមាគមមូលនិធិសម្ដេចតេជោដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា និងថ្វាយនូវព្រះរាជតង្វាយរួមមានអង្ករ និងថវិកាមួយចំនួនដើម្បីចូលរួមដង្ហែក្នុងព្រះរាជសកម្មភាពសប្បុរសធម៌ដ៏ឧត្តុង្គឧត្តមប្រកបដោយទសពិធរាជធម៌របស់ ព្រះអង្គទាំងទ្វេ ដែលតែងតែមានព្រះរាជហឬទ័យខ្វល់ខ្វាយជាប់ជានិច្ចអំពីសុខទុក្ខរបស់ប្រជារាស្ត្រជាកូនជាចៅរបស់ព្រះអង្គ។

ក្នុងវរោកាសដ៏ប្រពៃថ្លៃថ្លានេះ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូងបានមានព្រះរាជបន្ទូលកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ឧកញ៉ា តែ តាំងប៉ ក្នុងការដឹកនាំសមាគមមូលនិធិសម្ដេចតេជោ SME ទទួលបាននូវភាពរីកចម្រើន និងជោគជ័យជាច្រើននាពេលកន្លងមក ដើម្បីជាការរួមចំណែក អភិវឌ្ឍនិងបង្កើនវិស័យ SMEs ដែលជាផ្នែកមួយជំរុញកំណើនសេដ្ឋកិច្ច និងបង្កើតការងារជាច្រើន ដល់ប្រជាជនកម្ពុជាតាមរយៈការវិនិយោគ និងសកម្មភាពជំនួញនានាស្របទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។


សូមជម្រាបជូនថា មុននឹងប្រោសព្រះរាជទាននូវព្រះរាជសវនាការដ៏វិសេសវិសាលនេះ ព្រះអង្គទាំងទ្វេ បានប្រោសព្រះរាជទាន ឧកញ៉ា តែ តាំងប៉ និងលោកជំទាវ ទឹម គឹមហ៊ាង ព្រមទាំងសមាជិកក្រុមប្រឹក្សាភិបាលនៃសមាគមសម្ដេចតេជោដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា អញ្ជើញចូលក្រាបថ្វាយបង្គំ និងថ្វាយគ្រឿងសក្ការៈបូជាថ្វាយព្រះបរមរូប ព្រះករុណាព្រះមហាវីរក្សត្រ ព្រះវររាជបិតាជាតិខ្មែរ ព្រះបរមរតនកោដ្ឋ នាបរិវេណខាងមុខព្រះរាជដំណាក់គន្ធបុប្ផា៕





















