លោកឧកញ៉ា ហួត អៀងតុង ប្រធានអគ្គនាយក ធនាគារ ហត្ថា និងភរិយា បានចូលក្រាបថ្វាយបង្គំគាល់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្ដម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ នៅព្រះរាជដំណាក់សិរីមង្គលនៃព្រះបរមរាជវាំង កាលពីព្រឹកថ្ងៃសៅរ៍ ទី២៧ ខែមករា ឆ្នាំ២០២៤។
ក្នុងឱកាសដ៏ឧត្តុង្គឧត្តមនេះ លោកឧកញ៉ា ហួត អៀងតុង ព្រមទាំងលោកស្រី បានសំដែងនូវសេចក្តីសោមនស្សរីករាយជាអនេកកប្បការ និងសូមក្រាបថ្វាយថ្លែងអំណរព្រះគុណយ៉ាងជ្រាលជ្រៅ ក្នុងឱកាសដែលព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្ដម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ បានសព្វព្រះរាជហឬទ័យ ព្រះបរមរាជានុញ្ញាតឱ្យចូលក្រាបថ្វាយបង្គំគាល់ដោយផ្ទាល់។
ការចូលក្រាបថ្វាយបង្គំគាល់ព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី ខាងលើនេះ បានប្រព្រឹត្តឡើង ក្នុងឱកាសដែលឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមមូលនិធិសម្ដេចតេជោដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា និងលោកជំទាវ ទឹម គឹមហ៊ាង បានដឹកនាំសមាជិកក្រុមប្រឹក្សាភិបាល ចំនួន ១០៨រូប ចូលក្រាបថ្វាយបង្គំគាល់ព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី នៅព្រះរាជដំណាក់សិរីមង្គលនៃព្រះបរមរាជវាំង។
សូមជម្រាបថា ឧកញ៉ា ហួត អៀងតុង ស្ថាបនិក និងជាប្រធានអគ្គនាយក ធនាគារ ហត្ថា ធ្លាប់មានប្រវត្តិក្រខ្សត់កាលនៅកុមារភាព និងធ្លាប់ជាក្មេងដើរទូលនំបុ័ងលក់ ប៉ុន្តែបានខិតខំសិក្សារៀនសូត្រ ដើម្បីឈានចាប់បានឱកាសការងារមួយចំនួន រហូតក្លាយខ្លួនជាម្ចាស់ធនាគារពាណិជ្ជដ៏ឈានមុខមួយ នៅក្នុងប្រទេសកម្ពុជា នាពេលបច្ចុប្បន្ន។ ឧកញ៉ា ហួត អៀងតុង បានបង្កើត គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហត្ថាកសិករ លីមីតធីត នៅឆ្នាំ២០០១។ ដល់ឆ្នាំ២០១៦ លោកឧកញ៉ាក៏បានចុះកិច្ចព្រមព្រៀងជាមួយនឹងម្ចាស់ភាគហ៊ុនក្រៅប្រទេសធំមួយទៀតគឺ ធនាគារ ក្រុងស្រ៊ី របស់ប្រទេសថៃ ដែលមានម្ចាស់ជាជនជាតិជប៉ុន។ ក្រោយកិច្ចសហការចូលហ៊ុននេះ លោកឧកញ៉ាបានបំលែងខ្លួនមកជា ធនាគារពាណិជ្ជកម្ម (ធនាគារ ហត្ថា) នៅឆ្នាំ២០២០៕