អ្នកឧកញ៉ា ពុង ឃាវសែ អគ្គនាយកក្រុមហ៊ុន OCIC ដែលជាអ្នកទទួលបន្ទុកសាងសង់គម្រោងស្ពានអាកាសព្រះមុនីវង្ស បានចូលរួមភ្ជាប់«ស្ពានអាកាសមរតកតេជោ» ស្ថិតនៅចំណុចប្រសព្វរវាងមហាវិថីសម្តេចតេជោ ហ៊ុន សែន ៦០ម៉ែត្រ, មហាវិថីព្រះមុនីវង្ស និងមហាវិថីយោធពលខេមរភូមិន្ទ (ផ្លូវ២៧១) ស្ថិតនៅខណ្ឌមានជ័យ និងខណ្ឌចំការមន រាជធានីភ្នំពេញ។

ពិធីតភ្ជាប់«ស្ពានអាកាសមរតកតេជោ» ធ្វើឡើងនៅព្រឹកថ្ងៃចន្ទ ទី២៩ ខែមករា ឆ្នាំ២០២៤ ក្រោមវត្តមានលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។ មន្ទីរសាធារណការ និងដឹកជញ្ជួនក្រុងភ្នំពេញ បានឲ្យដឹងថាស្ពានអាកាសមរតកតេជោ តភ្ជាប់មហាវិថី ព្រះមុនីវង្ស និងមហាវិថី សម្តេចតេជោ ហ៊ុន សែន (ស្ពានអាកាសមេផ្នែកខាងលើ) សម្រេចបានលទ្ធផល ៨០%ហើយ។
បើតាមលោក ឃួង ស្រេង ការប្រសិទ្ធនាមស្ពាអាកាសនេះ ជាស្ពានអាកាសមរតកតេជោគ្រាន់តែជាគម្រោងដែលលោកនឹងសុំទៅប្រមុខរាជរដ្ឋាភិបាលសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី។

លោកបន្តថា ស្ពានអាកាសមរតកតេជោ សម្រេចបានលើការសាងសង់ ក្នុងដំណាក់កាលទី១ ហើយ៧៤ថ្ងៃទៀត យើងនឹងសុំទៅសម្ដេច ហ៊ុន ម៉ាណែត ដើម្បីប្រកាសដាក់ឲ្យប្រើប្រាស់ស្ពានអាកាសនេះ ជាបណ្តោះអាសន្ន ដើម្បីឲ្យប្រជាពលរដ្ឋបានធ្វើដំណើរឆ្លងកាត់កាត់បន្ថយបាននូវការកកស្ទះចរារចរ។
គម្រោងសាងសង់ស្ពានអាកាសទី៨នេះ ដែលនឹងប្រសិទ្ធនាម «ស្ពានអាកាសមរតកតេជោ» ស្ថាបនាដោយក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា OCIC គ្រោងចំណាយថវិកាជាង ៣៦លានដុល្លារ និងចំណាយពេលវេលាសាងសង់ ៣៦ខែ។ សូមជម្រាបជូនថា គិតមកពេលនេះ រាជធានីភ្នំពេញមានស្ពានដែលបានឲ្យដំណើការចំនួន៧ហើយ។ ជារួមបើគិតទាំងស្ពានអាកាសដែលបានដាក់ឱ្យដំណើរការរួចរាល់ហើយ ចាយថវិកាប្រមាណ ៨៥,៦៤៨,៥០៩.៧ដុល្លារ ខណៈដែលកំពុងសាងសង់ និងត្រៀមបើកការដ្ឋានសាងសង់នៅរាជធានីភ្នំពេញមិនទាន់រាប់បញ្ចូលនោះទេ៕



