សកម្មភាពដឹកនាំតារាចម្រៀងល្បីៗក្នុងផលិតកម្មហ្កាឡាក់ស៊ី មានដូចជា លោក ព្រាប សុវត្ថិភាព, ខេម, កញ្ញា តន់ ចន្ទសីម៉ា និងកញ្ញា ក សុវណ្ណារី ចុះទៅ ស្រុក មង្គលបុរី នាំស្បៀងអាហារអង្ករ ៥០តោន និងអាហារហូបចុកផ្សេងៗ ជូនប្រជាពលរដ្ឋដែលកំពុងជន់លិច ឯកឧត្ដម ទេសរដ្ឋមន្ត្រី គន់ គីម បានស្វាគមន៍យ៉ាងកក់ក្ដៅបំផុត ក្នុងនោះឯកឧត្ដម ទេសរដ្ឋមន្ត្រី បាន កោតសរសើរនៅទឹកចិត្តមនុស្សធម៌ដ៏ធំធេង របស់លោក ឧកញ៉ាឡេងណាវ៉ាត់ត្រា ជាខ្លាំង។

ឯកឧត្ដម ទេសរដ្ឋមន្ត្រី គន់ គីម បានចាត់ទុកកាយវិការរបស់លោកឧកញ៉ា ដែល មានអតីតភាពជាក្មេងទីជនបទក្រីក្រ និងជាពលករប្រទេសកូរ៉េខាងត្បូងរូបនេះថា ជាកាយវិការដ៏ល្អប្រសើរ និងជាគំរូមួយនៅក្នុងសង្គមកម្ពុជា។ ឯកឧត្តម ទេសរដ្ឋមន្ត្រី ថ្លែងទៅកាន់លោកឧកញ៉ា ឡេង ណាវ៉ាត្រា ថា”ការរួមចំណែករបស់លោកឧកញ៉ា ឆ្លើយតបចំសភាពការណ៍ និងតម្រូវការរបស់បងប្អូនប្រជាពលរដ្ឋ ដែលគាត់កំពុងជួបការលំបាក និងខ្វះខាត ព្រោះតែទឹកជំនន់។នេះជាកាយវិការល្អណាស់សម្រាប់សង្គមយើង។ យើងមានបាន យើងថ្កុំថ្កើង ក៏ដោយសារបានការគាំទ្រពីប្រជាជន ដូច្នេះពេលប្រជាជនមានទុក្ខលំបាក យើងត្រូវជួយរំលែកការលំបាករបស់គាត់។ទង្វើល្អដែលយើងបានធ្វើចំពោះគាត់នឹងធ្វើឱ្យជីវិតយើងមិនសាបសូន្យនោះឡើយ”។
លោកឧកញ៉ា ឡេង ណាវ៉ាត្រាបានលើកឡើងនោះចំពោះមុខក្រុមអ្នកសារព័ត៌មានដែលបានចុះទៅព័ត៌មានដោយផ្ទាល់ក្នុងសកម្មភាពមនុស្សធម៌នេះថា «នៅពេលដែលឃើញបងប្អូនខ្មែរមានទុក្ខ ខ្ញុំតែងតែមានទុក្ខជាមួយគាត់។ អ៊ីចឹងយើងមានសេចក្តីសុខ នៅពេលយើងបានចែករំលែកទៅដល់គាត់ ព្រោះយើងគិតថា ជីវិតយើងរស់មិនវែងទេ ១០ឆ្នាំ, ២០ឆ្នាំ, ៣០ឆ្នាំទៀត យើងមិនចឹងថានៅពេលណា? អ៊ីចឹងយើងមានឱកាសហ្នឹង អាចជួយគ្នាបាន យើងគួរតែជួយ ព្រោះគាត់ក៏ចង់រស់នៅបានស្រួល គាត់ក៏ចង់មានសេចក្តីសុខ អ៊ីចឹងយើងអាចចែករំលែកទៅគាត់ខ្លះទៅ។ ខ្ញុំគិតថា វាមិនចម្លែកសម្រាប់ខ្ញុំទេ»។
ទទឹមគ្នានោះដែរលោក ឡេង ណាវ៉ាត្រា ក៏បានបង្ហាញការគាំទ្រពេញទំហឹងចំពោះសកម្មភាពរបស់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល និងអាជ្ញាធរ ដែលបានយកចិត្តទុកដាក់ចំពោះពលរដ្ឋដែលកំពុងជួបទុក្ខជំនន់ទឹកភ្លៀងនៅប្រទេសកម្ពុជា។

សូមបញ្ជាក់ផងដែរថា ក្នុងតួលេខបង្ហាញដោយសម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីពេលថ្មីៗនេះ សប្បុរសជនដែលបានចូលរួមជួយប្រជាជនក្នុងគ្រោះជំនន់ទឹកភ្លៀងដែលកំពុងកើតមាននៅក្នុងប្រទេស គិតត្រឹមម៉ោង 11:34 នាទីថ្ងៃត្រង់ ថ្ងៃទី១៩ តុលា ២០២០ ថវិកាទទួលបាន 6,867,524 ដុល្លារ , 396,525,000 រៀល និង ៥.០០០€ (ប្រាំពាន់អឺរ៉ូ)។ ក្នុងចំណោម ឧកញ៉ាល្បីៗដែលជាម្ចាស់ក្រុមហ៊ុនជាច្រើនរូបបានចូលរួមបរិច្ចាគថវិកា គេឃើញថា លោកឧកញ៉ា ឡេង ណាវ៉ាត្រា នាយកក្រុមហ៊ុន ឡេងណាវ៉ាត្រា គ្រុប បានចូលរួមបរិច្ចាគថវិកាជូន ៦០ម៉ឺនដុល្លារ ជាចំនួនដែលច្រើនជាងគេ ខណៈដែលអ្នកដែលឈរលេខរៀងទី២បានចូលចំនួន៥០ម៉ឺនដុល្លារ៕
















