សម្តេចអគ្គមហាពញាចក្រី ហេង សំរិន គឺជាឥស្សរជននយោបាយជាន់ខ្ពស់មួយរូបដែលមានភាពលេចធ្លោរះស្ទើគ្រប់សម័យកាល ដោយពេលបច្ចុប្បន្នសម្តេចជាប្រធានកិត្តិយសនៃក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ មានឋានៈស្មើ នាយករដ្ឋមន្ត្រី។
សម្តេច ហេង សំរិន ជាអតីតប្រធានរដ្ឋសភា ដែលចូលកាន់តំណែងតំបូង អំឡុងឆ្នាំ២០០៦ រហូតដល់ឆ្នាំឆ្នាំ២០២៣ នាអាណត្តិទី៦ ហើយក៏ធ្លាប់ធ្វើជាអនុប្រធានរដ្ឋសភា នាឆ្នាំ ១៩៩៨ ដល់ឆ្នាំ២០០៦ អនុប្រធានរដ្ឋសភា, ប្រធានក្រុមប្រឹក្សារដ្ឋនៃរដ្ឋកម្ពុជា ពីឆ្នាំ ១៩៩០ ដល់ឆ្នាំ១៩៩៣ និងប្រធានក្រុមប្រឹក្សារដ្ឋ នៃសាធារណៈដ្ឋប្រជាមានិតកម្ពុជា ពីឆ្នាំ១៩៨១ ដល់ឆ្នាំ១៩៨៩។

ក្រោយសម័យប្រជុំពេញអង្គរដ្ឋសភាលើកទី៤ នីតិកាលទី៣ នាថ្ងៃទី២១ ខែមីនា ឆ្នាំ២០០៦ ស្តីពីការបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំរដ្ឋសភា សម្តេច ហេង សំរិន ប្រធានរដ្ឋសភា បានក្រាបបង្គំទូលថ្វាយព្រះមហាក្សត្រ ក្នុងព្រះបរមនាម និងតាមព្រះរាជត្រាស់បង្គាប់ប្រមុខរដ្ឋស្តីទី សម្តេច ជា សុីម បានតែងតាំងលោក ជាម ប៊ុនណាត និងលោក ប៉ាង ណាំ ជាទីប្រឹក្សាផ្ទាល់មានឋានៈស្មើរដ្ឋលេខាធិការ ដោយមិនទទួលប្រាក់បំណាច់ពីរដ្ឋ។ នេះបើយោងតាមព្រះរាជក្រឹត្យលេខ នស/រកត/០៤០៦/១៨៨។
ក្នុងនោះ ឧកញ៉ា ប៉ាង ណាំ ត្រូវបានគេស្គាល់ថាជាប្រធានត្រួតពិនិត្យសមាគមសម្ព័ន្ធខ្មែរ-ចិន ដែលមានអ្នកឧកញ៉ា ពុង ឃាវសែ ជាប្រធាន។ ឧកញ៉ា ប៉ាង ណាំ ក៏ជាអ្នកតំណាងសាជីវកម្ម វិស្វកម្មសំណង់ស៊ីវិលចិនប្រចាំកម្ពុជា China Civil Engineering Construction Corporation (CCECC) ជាសហគ្រាសខ្នាតធំរបស់រដ្ឋចិនដែលមានជំនាញលើការអភិវឌ្ឍន៍ស្ថាបនគម្រោងផ្សេងៗ។
ក្រុមហ៊ុនដែលចូលរួមដឹកនាំពីឧកញ៉ា ប៉ាង ណាំ ធ្លាប់ទទួលបានគម្រោងការគ្របគ្រង់ប្រកបដោយចីរភាពនូវធនធានដែលមានស្រាប់សម្រាប់ការអភិរក្ស និងអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅរមណីយដ្ឋានអង្គរ និងតំបន់សៀមរាប។ នេះបើតាមកំណត់សម្គាល់ដោយលោក លឺ ហ្ស៉ីមីង (Liu Zhiming) ប្រធានសាជីវកម្ម វិស្វកម្មសំណង់ស៊ីវិលចិន CCECC ក្នុងពេលចុះ MoU ជាមួយអាជ្ញាធរអប្សរា នាពេលកន្លងទៅ។

បច្ចុប្បន្នឧកញ៉ា ប៉ាង ណាំ ជាប្រធានក្រុមហ៊ុនកាំត្រង់ស៊ីប ដែលបានចូលរួមសហការបង្កើតទីតាំងមជ្ឈមណ្ឌលបណ្តុះបណ្តាលបើកបរយានយន្តធុនធ្ងន់ និងទីលានប្រឡង ជាច្រើនកន្លែងជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន។ ប្រភពមួយចំនួនលើកឡើងថា ឧកញ៉ា ប៉ាង ណាំ គឺជាពាណិជ្ជករមួយរូបមានដែលមានទំនាក់ទំនងយ៉ាងល្អនិងស្អិតរមួតជាមួយអ្នកឧកញ៉ា ពុង ឃាវសែ អគ្គនាយកក្រុមហ៊ុន OCIC និងលោក ស៊ុន ចាន់ថុល ដែលជាអតីតរដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បច្ចុប្បន្នជាឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ព្រមទាំងក្រុមវិនិយោគិនចិននៅប្រទេសកម្ពុជា។
ពេលកន្លងទៅ ឧកញ៉ា ប៉ាង ណាំ បានឧបត្ថម្ភគាំទ្រផ្នែកថវិកាដើម្បីចូលរួមសាងសង់អាងហែលទឹក ក្នុងបរិវេណកីឡដ្ឋានស្រុកកោះធំ ក្នុងភូមិព្រែកថ្មី ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល ដែលគ្រោងចំណាយថវិកាអស់សរុបប្រមាណ៣០ម៉ឺនដុល្លារ សហរដ្ឋអាមេរិក។ នេះបើតាមលោក ស៊ុន ចាន់ថុល ក្នុងពិធីបញ្ចុះបឋមសិលាសាងសង់អាងហែលទឹក កាលពីឆ្នាំ២០១៩៕

