ឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាល នៃសមាគមមូលនិធិសម្ដេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា និងជាប្រធាន FASMEC បានដឹកនាំ និងរៀបចំកម្មវិធីសិក្ខាសាលាស្ដីពី “ការអភិវឌ្ឍន៍អាជីវកម្មក្រោយបរិបទកូវីដ១៩” ជូនសមាជិក សមាជិការបស់ FASMEC នៅខេត្តកែប នោថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៣។

ក្នុងសិក្ខាសាលានេះ មានការចូលរួមពីលោក ប៊ុន យោង អភិបាលរងខេត្តកែប ព្រមទាំងដៃគូសហការឧបត្ថម្ភនានា មាមានដូចជា សហគ្រិនខ្មែរ ,ធនាគារសហគ្រាសធុនតូចនិងមធ្យម កម្ពុជា , មូលនិធិអភិវឌ្ឍជំនាញ (SDF) និងដៃគូសហការផ្សេងៗទៀត ដោយមានSMEចូលរួមចំនួន១៥០នាក់ផងដែរ។

គួរឱ្យដឹងថា គោលបំណងនៃកម្មវិធីសិក្ខាសាលានេះ គឺដើម្បីចែករំលែកអំពីខ្សែសង្វាក់ទីផ្សារក្នុងស្រុក និងការនាំចេញ ព្រមទាំងជួយបំពេញបន្ថែមនូវចំណេះដឹងដែលម្ចាស់សហគ្រាសធុនតូច និងមធ្យមក្នុងខេត្តនៅមានចំណុចខ្វះខាត។
សមាគមមូលនិធិសម្ដេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា និងសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា(FASMEC) កន្លងមកតែងតែរៀបចំកម្មវិធីសិក្ខាសាលាស្តីពី «ការអភិវឌ្ឍន៍អាជីវកម្មក្រោយបរិបទកូវីដ-១៩» នៅតាមបណ្តាខេត្តនានា ដោយមានឧកញ៉ា តែ តាំងប៉ ជាប្រធានដឹកនាំកម្មវិធីផ្ទាល់។
ការរៀបចំកម្មវិធីសិក្ខាសាលាកន្លងមកនេះ គឺដើម្បីឱ្យម្ចាស់សហគ្រាស ឬអាជីវកម្មធុនតូច និងមធ្យម អាចលើកពីផលវិបាកដែលទាក់ទងនឹងការលក់ផលិតផលក្នុងស្រុក និងការនាំចេញ។លើសពីនោះ ក៏ជាការចែករំលែកខ្សែសង្វាក់ទីផ្សារក្នុងការនាំចេញ និងចែករំលែកចំណេះដឹងផ្សេងៗដល់ម្ចាស់សហគ្រាសធុនតូច និងមធ្យមផងដែរ៕







