សមាគមសមាធិព្រះធម៌-កម្ពុជា នៅថ្ងៃទី២៩ ខែមករានេះ បានបើកវគ្គបណ្ដុះបណ្ដាលសមាធិព្រះធម៌ឬសមាធិចក្រាជំនាន់ទី២១ ដោយមានការចូលរួមបើកវគ្គពីឧកញ៉ា កែវ មុំ និងអ្នកឧកញ៉ា ភាព ហៀក រួមទាំងលោកគ្រូ និងសិក្ខាកាមចាស់ ថ្មី ជាច្រើននាក់ នៅអគារសមាគមចិនត្រកូលតាំង ជ្រោយចង្វារ។

ថ្លែងបើកវគ្គបណ្ដុះបណ្ដាលនេះ ឧកញ៉ា កែវ មុំ ប្រធានសមាគមសមាធិព្រះធម៌-កម្ពុជា មានប្រសាសន៍ថា ការបើកវគ្គបណ្ដុះបណ្ដាលថ្មីនេះ ធ្វើឡើងក្នុងគោលបំណងបើកចក្រាជូនដល់ពលរដ្ឋភ្ជាប់រវាងមនុស្សយើង ទៅនឹងចក្រវាឡ ដោយមានជាការអង្គុយសមាធិស្រូបយកកម្លាំងពីចក្រវាឡមកព្យាបាលខ្លួនឯង និងមានកម្លាំងធាតុព្យាបាលអ្នកដទៃដោយគ្រាន់តែប្រើបាតដៃ។
លោកស្រីឧកញ៉ា បានបន្ដថា សម្រាប់ខ្លួនលោកស្រីផ្ទាល់បានរៀនសមាធិនេះតាំងពីឆ្នាំ២០០៨ គិតមកដល់ពេលនេះមានរយៈពេល១៥ឆ្នាំហើយ ជាលទ្ធផលគឺទទួលបានផលល្អប្រសើរចំនួន៤ចំណុច៖ ទី១ គឺព្យាបាលខ្លួនឯងឱ្យជាសះស្បើយ មានកម្លាំងក្នុងការធ្វើការងារផ្សេងៗ។ ទី២ គឺមានកម្លាំងធាតុដ៏អស្ចារ្យដែលលោកគ្រូតា ដាស៊ីរ៉ា ណារ៉ាដា ផ្ដល់ឱ្យ អាចមានកម្លាំងធាតុព្យាបាលអ្នកដទៃដោយប្រើតែបាតដៃ។ ទី៣ នៅពេលដែលជួបនៅឧបសគ្គឬគ្រោះផ្សេងៗអាចជួយសម្រាលបានពីកម្រិតធ្ងន់មកស្រាល។ ទី៤ ធ្វើឱ្យអ្នកមានញ្ញាណទី៦ អាចដឹងហេតុការណ៍ដែលកើតឡើងមុន។
ទន្ទឹមនឹងនេះ លោកស្រីឧកញ៉ា កែវ មុំ បង្ហាញពីគោលបំណងនិងក្ដីរំពឹងរបស់សិក្ខាកាមទាំងអស់ថា ក្រោយចប់វគ្គបណ្ដុះបណ្ដាលនេះទៅ សិក្ខាកាមទាំងអស់អាចទទួលបានថាមពលដ៏អស្ចារ្យពីលោកគ្រូតា ដាស៊ីរ៉ា ណារ៉ាដា ក្រោយពីបើកចក្រារួច ហើយអាចមានសមត្ថភាពព្យាបាលខ្លួនឯងឱ្យជា មានសុខភាពល្អ ហើយអាចព្យាបាលអ្នកដទៃបាន។

ជាមួយគ្នានោះ អ្នកឧកញ៉ា ភាព ហៀក សហស្ថាបនិកក្រុមហ៊ុន ជីប ម៉ុង គ្រុប ក៏បានលើកឡើងពីអត្ថប្រយោជន៍នៃការធ្វើសមាធិចក្រាដោយបានព្យាបាលអ្នកឧកញ៉ា ឱ្យជាសះស្បើយពីជំងឺក្រពះ ជំងឺទឹកនោមផ្អែម និងជំងឺគេងមិនលក់ មិនត្រឹមតែប៉ុណ្ណោះ តាមរយៈថាមពលពីចក្រាក៏ធ្វើឱ្យ អាចព្យាបាលចៅនិងកូនៗបានជាពីជំងឺផងដែរ។
បន្ថែមទៀតនោះ អ្នកឧកញ៉ា ភាព ហៀក ក៏បានលើកឡើងពីការផ្ដួចផ្ដើមរកទីតាំងសមាធិឱ្យមានកន្លែងច្បាស់លាស់តាំងពីជួលអគារគេមួយល្វែង បង់ក្នុងមួយខែ១០០០ដុល្លារ រហូតដល់ទៅសុំកន្លែងសម្រាប់សមាធិ ពីវត្តទួលទំពូង បន្ទាប់មក ក៏មានទីតាំងច្បាស់លាស់នៅអគារសមាគមចិនត្រកូលតាំង មកដល់បច្ចុប្បន្ននេះ។

លោកគ្រូ យ៊ុន ប៊ុនគន បានផ្ដល់បទជាមួយសម្ភាសន៍ឧកញ៉ាញូស៍ថា សមាធិព្រះធម៌ ឬសមាធិចក្រា ខុសពីសមាធិផ្សេងទៀត ដោយសមាធិចក្រាគឺផ្ដោតទៅលើការជួយលើផ្នែកសុខភាពបានជា១០០%។ លោកគ្រូបានបញ្ជាក់ថា សមាធិចក្រាអាចព្យាបាលជំងឺបានគ្រប់មុខនិងគ្រប់ប្រភេទទាំងអស់ ផ្អែកទៅលើពេលវេលា និងស្ដាប់តាមការណែនាំរបស់គ្រូបង្រៀនសមាធិ។ ការសមាធិចក្រា ពិតជាមិនអាចព្យាបាលទៅលើមនុស្សណាដែលមិនព្យាយាមរៀនសូត្រ មិនស្ដាប់តាមការណែនាំរបស់គ្រូនោះទេ៕








