អ្នកឧកញ៉ា សុខ គង់ ប្រធានក្រុមហ៊ុន សូគីម៉ិច អ៊ិនវេសមេន គ្រុប (Sokimex Investment Group) បានរៀបចំពិធីជប់លៀងប្រចាំឆ្នាំជូនដល់ថ្នាក់ដឹកនាំ និងបុគ្គលិកក្រុមហ៊ុន សូគីម៉ិច អុិនវេសមេន គ្រុប ជាច្រើនរយនាក់ កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៤ នៅសណ្ឋាគារ សុខា ភ្នំពេញ។

ពិធីជប់លៀងប្រចាំឆ្នាំខាងលើនេះ មានការចូលរួមពីបុគ្គលិកមកពីក្រុមហ៊ុនបុត្រសម្ពន្ធ័ដូចជា៖ ក្រុមហ៊ុនសុខ គង់ អាហរ័ណ នីហរ័ណ ក្រុមហ៊ុនគង់ហុងកាត់ដេរ សុខាអូតែល សុខារៀលអុីស្តេត និងបូកគោហ្វាម។ ជាមួយគ្នានោះ ក៏មានការអញ្ជើញចូលរួមពីកូនស្រីរបស់អ្នកឧកញ៉ា សុខ គង់ ដូចជា លោកស្រីឧកញ៉ា សុខ ចន្ថា, លោកស្រីឧកញ៉ា សុខ ចន្ធី, លោកស្រីឧកញ៉ា សុខ ចន្ធូ និងស្វាមីរបស់លោកស្រី គឺលោកឧត្តមសេនីយ៍ឯកបណ្ឌិត ងិន បាណាល់ ព្រមទាំងអ្នកឧកញ៉ា ឧកញ៉ា និងភ្ញៀវកិត្តិយសជាច្រើនរូបទៀត។

តាមការបញ្ជាក់ពីក្រុមហ៊ុន សូគីម៉ិច អ៊ិនវេសមេន គ្រុប បានឱ្យដឹងថា ជារៀងរាល់ឆ្នាំក្រុមហ៊ុនតែងបង្កើតកម្មវិធីនេះឡើង ដើម្បីលើកទឹកចិត្តដល់បុគ្គលិកទាំងអស់ ដែលបានខិតខំបំពេញតួនាទីការងារពេញមួយឆ្នាំ សម្រាប់ភាពរីកចម្រើនរបស់ក្រុមហ៊ុន ព្រមទាំងបង្កើននូវចំណងមិត្តភាពរវាងក្រុមហ៊ុននិងដៃគូអាជីវកម្ម ថ្នាក់ដឹកនាំនិងបុគ្គលិក ក៏ដូចជាបុគ្គលិកនិងបុគ្គលិក និងបង្កើតភាពសប្បាយរីករាយជូនដល់បុគ្គលិក ព្រមទាំងដៃគូអាជីវកម្មទាំងអស់។
សូមជម្រាបថា អ្នកឧកញ៉ា សុខ គង់ ជាសេដ្ឋីមួយរូបនៅកម្ពុជា កំពុងវិនិយោគលើមុខជំនួញពហុវិស័យ។ អ្នកឧកញ៉ា បានបង្កើតស្ថានីយប្រេងឥន្ធនៈ សូគីម៉ិច ចាប់តាំងពីឆ្នាំ១៩៩០, បង្កើតសណ្ឋាគារលំដាប់ផ្កាយ៥ សុខា អូតែល & រីសត នៅឆ្នាំ២០០៤ ហើយមកដល់បច្ចុប្បន្នមាន ៧កន្លែង នៅរាជធានីភ្នំពេញ សៀមរាប ព្រះសីហនុ និងកំពត។ បន្ថែមពីនោះ អ្នកឧកញ៉ា មានមុខជំនួញជាច្រើនទៀតដូចជា សុខា អចលនទ្រព្យ, បូកគោ កសិដ្ឋានបន្លែសរីរាង្គ, ហាងកាហ្វេ សុខា, ទឹកពិសាឋានសួគ៌បូកគោ និងកាស៊ីណូ Sokha Vegas ជាដើម៕





