អ្នកឧកញ៉ា លី ហួរ អនុប្រធានសមាគមឧកញ៉ាកម្ពុជា និងអ្នកឧកញ៉ា ហ៊ុន ឡាក់ អគ្គលេខាធិការ តំណាងឱ្យសមាគមឧកញ៉ាកម្ពុជា កាលពីព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ បានអញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មការអន្តរក្រសួងពិនិត្យនិងវាយតម្លៃលើសំណើសុំគោរមងារ និងការបញ្ចប់គោរមងារឧកញ៉ា ( គ.ព.វ.គ ) ក្រោមការដឹកនាំផ្ទាល់របស់លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី នៅទីស្តីការគណៈរដ្ឋមន្ត្រី។

តាមការឱ្យដឹងពីសមាគមឧកញ៉ាកម្ពុជា នេះគឺជាកិច្ចប្រជុំលើកដំបូងនៃគណៈកម្មការអន្តរក្រសួងពិនិត្យនិងវាយតម្លៃលើសំណើសុំគោរមងារ និងការបញ្ចប់គោរមងារឧកញ៉ា ហើយកិច្ចប្រជុំនេះធ្វើឡើងដើម្បីពិនិត្យពិភាក្សាលើ «សេចក្តីព្រាងអនុក្រឹត្យស្តីពីការត្រួតពិនិត្យ និងវាយតម្លៃលើសំណើសុំគោរមងារ និងការបញ្ចប់គោរមងារឧកញ៉ា»។
អង្គប្រជុំខាងលើ បានធ្វើការពិនិត្យពិភាក្សា និងផ្តល់យោបល់ ដែលជាធាតុចូលដ៏សំខាន់លើសេចក្តីព្រាងអនុក្រឹត្យស្តីពីបែបបទ និងនីតិវិធីនៃការស្នើសុំនិងវាយតម្លៃក្នុងការផ្ដល់គោរមងារឧកញ៉ា និងការបញ្ចប់គោរមងារឧកញ៉ា ដោយបានពិនិត្យលើគ្រប់ទិដ្ឋភាពក្នុងនោះមានទិដ្ឋភាពច្បាប់ និងទិដ្ឋភាពជាក់ស្តែង ព្រមទាំងពិនិត្យលើឯកសារគាំទ្រផ្សេងៗ ជាពិសេសឱ្យស្របទៅនឹងព្រះរាជក្រឹត្យស្តីពីគោរមងារឧកញ៉ា។

សូមជម្រាបថា កាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ ទ្រង់ឡាយព្រះហស្តលេខា «ព្រះរាជក្រឹត្យស្តីពីគោរមងារឧកញ៉ា» ថ្មី ខណៈដែលព្រះរាជក្រឹត្យស្តីពីគោរមងារឧកញ៉ា ចុះថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៣ ត្រូវទុកជានិរាករណ៍។
ព្រះរាជក្រឹត្យស្តីពីឧកញ៉ាថ្មីនេះ នៅត្រង់ជំពូកទី២ បានចែងអំពីស្ថាប័នមានសមត្ថកិច្ច ក្នុងនោះ មាត្រា៤ បានចែងថា ត្រូវបានបង្កើតគណៈកម្មការអន្តរក្រសួងពិនិត្យនិងវាយតម្លៃលើសំណើសុំគោរមងារនិងការបញ្ចប់គោរមងារឧកញ៉ា មានសមត្ថកិច្ចពិនិត្យ វាយតម្លៃ និងលើកយោបល់ជូននាយករដ្ឋមន្ត្រីលើសំណើសុំផ្តល់និងបញ្ចប់គោរមងារឧកញ៉ា។
ជាមួយគ្នានេះ នៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្តេចធីបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានសេចក្តីសម្រេចចំនួន២ទំព័រ តែងតាំងសមាសភាពគណៈកម្មការអន្តរក្រសួងដើម្បីពិនិត្យ និងវាយតម្លៃលើសំណើសុំគោរមងារ និងការបញ្ចប់គោរមងារឧកញ៉ា ដោយលោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីនៃទីស្តីការគណៈរដ្ឋមន្ត្រី ជាប្រធាន និងអនុប្រធានចំនួន ២រូប ព្រមទាំងសមាជិក ៦រូបទៀត ដែលរួមទាំងអ្នកឧកញ៉ា លី ហួរ និងអ្នកឧកញ៉ា ហ៊ុន ឡាក់។

គួរបញ្ជាក់ថា បើតាមទីស្តីការគណៈរដ្ឋមន្ត្រី សេចក្តីព្រាងអនុក្រឹត្យខាងលើនេះ គឺនឹងកំណត់អំពីបែបបទ និងនីតិវិធីនៃការស្នើសុំនិងការវាយតម្លៃក្នុងការផ្ដល់គោរមងារឧកញ៉ា ទំហំទឹកប្រាក់នៃអំណោយនិងវិភាគទាន របកគំហើញ បច្ចេកវិទ្យាថ្មីៗឬស្នាដៃពិសេស ព្រមទាំងបែបបទនិងនីតិវិធីនៃការបញ្ចប់ គោរមងារឧកញ៉ា ដើម្បីធានាបាននូវសេចក្ដីថ្លៃថ្នូរ ទំនៀមទម្លាប់ ប្រពៃណីល្អ សណ្ដាប់ធ្នាប់សាធារណៈ សន្តិសុខជាតិ និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម៕