អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន កាឡាក់ស៊ីណាវ៉ាត្រា គ្រុប ស្នើឱ្យនិស្សិតទាំងអស់ដែលកំពុងសិក្សានៅសាកលវិទ្យាល័យ ឌីជីថលកម្ពុជា ត្រូវខិតខំប្រឹងប្រែងសិក្សាផ្តោតលើភាសាអង់គ្លេស សម្រាប់ឆ្នាំទី១ ដោយធ្វើយ៉ាងណាត្រូវនិយាយឱ្យប្រើការបានដើម្បីជាមូលដ្ឋានក្នុងការស្រាវជ្រាវ។

មានប្រសាសន៍ក្នុងពិធីសំណេះសំណាលជាមួយគណៈគ្រប់គ្រង សាស្រ្តាចារ្យ និងនិស្សិតនៅសាកលវិទ្យាល័យ ឌីជីថលកម្ពុជា កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៤ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានស្នើទៅសាកលវិទ្យាធិការនៃសាកលវិទ្យាល័យ ឌីជីថលកម្ពុជា (Digital University of Cambodia) ត្រូវពង្រឹងកម្មវិធីសិក្សាភាសារ បរទេសដោយដាច់ខាត់ឆ្នាំទី១ ត្រូវខិតខំរៀនសូត្រផ្ដោតលើភាសាអង់គ្លេស, និយាយប្រើការឲ្យបាន។ អ្នកឧកញ៉ាបានសង្កត់ធ្ងន់ថា ភាសាអង់គ្លេស ជាមូលដ្ឋានគ្រឹះឌីជីថលសំខាន់ក្នុងការសិក្សាស្រាវជ្រាវក្នុងបរិបទឧស្សាហកម្ម Digital ។
អ្នកឧកញ៉ាមានប្រសាសន៍ថា ភាសាអង់គ្លេសត្រូវរៀបចំឱ្យមានស្តង់ដារក្នុងគោលបំណង ដើម្បីអប់រំនិស្សិតនូវចំណេះដឹងជាមូលដ្ឋានបង្កើនសមត្ថភាពរបស់និស្សិតក្នុងការនិយាយ ការស្តាប់ ការអាន និងការសរសេរ ដើម្បីជាទុនសម្រាប់ការប្រាស្រ័យទាក់ទងផ្ទាល់ខ្លួន និងដើម្បីបម្រើតម្រូវការអាជីព និងវិស័យផ្សេងទៀត។

អ្នកឧកញ៉ាលើកឡើងថា ការសិក្សាភាសាអង់គ្លេសឱ្យចេះប្រើប្រាស់ស្ទាត់ជំនាញ គឺមានសារៈសំខាន់ក្នុងការអភិវឌ្ឍគុណភាពនៃអាជីពផ្នែកឌីជីថលរយៈពេលយូរអង្វែង ព្រោះ Digital បាននឹងកំពុងវិវត្តន៍យ៉ាងលឿននៅប៉ុន្មានឆ្នាំនេះ។
ក្នុងពិធីសំណេះសំណាលជាមួយនិស្សិតប្រមាណជាង ៣ពាន់នាក់នោះ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ក៏បានមានប្រសាសន៍ចែករំលែកនៅបទពិសោធដល់និស្សិតជាច្រើនចំណុច ទុកជាមួលដ្ឋានគ្រឹះក្នុងដំណើរជីវិតនាពេលអនាគត ក៏ដូចការសិក្សាផងដែរ។
សូមជម្រាបជូនថា ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារ និងសេដ្ឋកិច្ចក្នុងយុគសម័យឌីជីថល សាកលវិទ្យាល័យ ឌីជីថលកម្ពុជា បានចាប់បដិសន្ធិឡើងជាមួយកម្មវិធីសិក្សាសម្បូរបែប ពិសេសនោះផ្តោតលើការបណ្តុះបណ្តាលមុខវិជ្ជាឌីជីថល ស្របតាមស្តង់ដារក្រសួងអប់រំយុវជន និងកីឡា។
សាកលវិទ្យាល័យឌីជីថលកម្ពុជា ផ្ដល់អាហារូបករណ៍ មិនគិតថ្លៃ ១០០% រយៈពេល ៤ឆ្នាំ ដោយផ្ដល់កន្លែងស្នាក់នៅ ថ្លៃទឹកថ្លៃភ្លើង, អាហារបីពេល និងប្រាក់ឧបត្ថម្ភប្រចាំខែ ៣០ម៉ឺនរៀល។ អាហារូបកណ៍នេះគឺផ្ដល់ជូនសម្រាប់សិស្សនិស្សិត ក្រីក្រ ដែលគ្មានលទ្ធភាពរៀនបន្ត ធ្លាក់បាក់ឌុប ក៏អាចរៀនបរិញ្ញាប័ត្ររងបានដែររៀនចប់សាលានិងជួយស្វែងរកការងារឲ្យធ្វើថែមទៀត៕
ទំនាក់ទំនង 0965667774 /Telegram https://t.me/+855965667774









