ឧកញ៉ា តែ តាំងប៉ ចេញលិខិតថ្លែងអំណរគុណចំពោះ អ្នកឧកញ៉ា ឧកញ៉ា ដែលបានចំណាយពេលអញ្ជើញចូលរួមពិធីចូលក្រាបថ្វាយបង្គំគាល់ព្រះមហាក្សត្រ

ជុំវិញ​ឧកញ៉ា

ឧកញ៉ា តែ តាំងប៉ ក្នុងនាមប្រធាន​ក្រុមប្រឹក្សាភិបាល សមាគម​មូលនិធិ​សម្តេចតេជោ ដើម្បី​អភិវឌ្ឍន៍​សហគ្រាស​ធុន​តូច និង​មធ្យម​នៅ​កម្ពុជា និង FASMEC ​​​​​នៅ​ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤​នេះ​ បាន​ចេញ​លិខិត​​ថ្លែង​អំណរគុណ​ជា​អនេក ​ចំពោះ​វត្តមាន​ដ៏​ខ្ពង់ខ្ពស់​របស់​​​ ឯកឧត្តម អ្នកឧកញ៉ា ឧកញ៉ា ​លោកជំទាវ លោក លោកស្រី ដែល​បាន​ចំណាយ​ពេល​វេលា​ដ៏​មាន​តម្លៃ ​អញ្ជើញ​ចូលរួម​ពិធីចូលក្រាបថ្វាយបង្គំគាល់ព្រះមហាក្សត្រ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

​​លោក​ឧកញ៉ា ប្រធាន​សមាគម​​​យល់​ឃើញ​ថា ​​កាយវិការ​ដ៏​ប្រពៃនេះ បាន​បង្ហាញ​ឱ្យ​ឃើញ​នូវ​សន្តាន​ចិត្ត ក្នុង​ការ​រួបរួម​ជា​មហា​គ្រួសារខ្មែរ ព្រម​ទាំង​បង្ហាញ​សកម្មភាព​ជោគជ័យ​ដ៏​ត្រចេះត្រចង់ និង​មោទនភាព។ ជា​ថ្មី​ម្តង​ទៀត សមាគម​មូលនិធិ​សម្តេច​តេជោ សូម​ថ្លែង​អំណរគុណ​​យ៉ាង​ជ្រាលជ្រៅ​បំផុត នឹង​ចងចាំ​ទុក​ក្នុង​ចិត្ត និង​កាយវិការ និង​ទឹកចិត្ត​ដ៏​សប្បុរស​នេះ។

គួរ​រំឭក​ថា ​ឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមមូលនិធិសម្ដេចតេជោ​ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និង​មធ្យមនៅកម្ពុជា និងលោកជំទាវ ទឹម គឹមហ៊ាង បាន​ដឹកនាំសមាជិកក្រុមប្រឹក្សាភិបាល ចំនួន ១០៨រូប ចូលក្រាបថ្វាយ​បង្គំ​គាល់​ព្រះករុណា ព្រះ​បាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និង​សម្តេចព្រះមហាក្សត្រី នរោត្ដម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ នៅព្រះរាជដំណាក់សិរីមង្គលនៃព្រះបរមរាជវាំង​​ កាលពី​ព្រឹក​​ថ្ងៃសៅរ៍ ទី២៧ ខែមករា ឆ្នាំ២០២៤។

ក្នុងឱកាសដ៏ឧត្តុង្គឧត្តមនោះ ឧកញ៉ា តែ តាំងប៉ បានក្រាបបង្គំទូលថ្វាយនូវសកម្មភាពជាច្រើន នាពេលកន្លងមករបស់​សមាគមមូល​និធិសម្ដេចតេជោដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា និងបាន​ថ្វាយនូវព្រះរាជតង្វាយ​រួមមានអង្ករ និងថវិកាមួយចំនួន ដើម្បីចូលរួមដង្ហែក្នុងព្រះរាជសកម្មភាពសប្បុរសធម៌​ដ៏ឧត្តុង្គឧត្តមប្រកបដោយ​ទសពិធ​រាជធម៌របស់ ព្រះអង្គទាំងទ្វេ ដែលតែងតែមានព្រះរាជហឬទ័យខ្វល់ខ្វាយ​ជាប់ជានិច្ចអំពីសុខទុក្ខរបស់ប្រជារាស្ត្រ​ជាកូន​ជាចៅរបស់ព្រះអង្គ៕