ឧកញ៉ា ហេង បូរិន អគ្គនាយក បុរី ហេង បូរិន គ្រុប នៅព្រឹកថ្ងៃទី០១ ខែកុម្ភៈនេះ បានបង្ហាញសារលើបណ្តាញសង្គមយ៉ាងផ្អែមល្ហែមជូនពរដល់ភរិយារបស់លោកគឺ លោកស្រី លី ហ្គេកឆេង ក្នុងឱកាសថ្ងៃខួបកំណើត បន្ទាប់ពីអ្នកទាំងពីរបានកាន់ដៃគ្នាកសាងគ្រួសារមួយ រយៈពេលជាង ១០ឆ្នាំ មកហើយ។

លោកឧកញ៉ាអគ្គនាយក បានបង្ហោះរូបភាពជាច្រើនសន្លឹកជាមួយគ្រួសារ រួមជាមួយកូនៗនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ភ្ជាប់ជាមួយនឹងសារជូនពរលើទំព័រហ្វេសប៊ុក យ៉ាងដូច្នេះថា៖ “រីករាយថ្ងៃខួបកំណើតអូនសម្លាញ់ ជាង១០ឆ្នាំមកនេះ អូនខំប្រឹងណាស់ ជួយបងគ្រប់យ៉ាង រឿងតូចធំគឺអូនលើកទឹកចិត្តបង នៅពីក្រោយចាំប្រឹក្សាផ្តល់យោបល់គាំទ្របងរហូត។ ជូនពរអូនឱ្យស្រលាញ់ប្តីខ្លាំងៗ។ Happy Birthday My Love”។
សូមជម្រាបថា ឧកញ៉ា ហេង បូរិន ជាសហគ្រិនវ័យក្មេងមួយរូប ដែលបាននឹងកំពុងរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ តាមរយៈវិស័យអចលនទ្រព្យ គឺគម្រោង បុរី ហេង បូរិន គ្រុប។ លោកឧកញ៉ា ក៏ជាអគ្គនាយកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដ៏ធំមួយនៅស្រុកខ្មែរ ផងដែរ។ សម្រាប់ជីវិតគ្រួសារ ជាចំណងដៃអាពាហ៍ពិពាហ៍រយៈពេលជាង ១០ឆ្នាំ បច្ចុប្បន្នលោកឧកញ៉ា និងលោកស្រី លី ហ្គេកឆេង មានបុត្រធីតាចំនួន ២នាក់ (ស្រីម្នាក់)៕


