អ្នកឧកញ៉ា ជា រតនា ប្រធានស្ថាបនិកក្រុមហ៊ុន សាន់ & មូន គ្រុប (SUN & MOON Group), ឧកញ៉ា សុខ ពិសិដ្ឋ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងឧកញ៉ា ប៉ិច បូឡែន អគ្គនាយកក្រុមហ៊ុន វេសឡាញ អេឌ្យូខេសិន គ្រុប កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ បានអញ្ជើញចូលរួមវេទិកាចែករំលែកចំណេះដឹងទាក់ទងនឹងសហគ្រិនភាព និងការអភិវឌ្ឍធនធានមនុស្ស និងជប់លៀងថ្លែងអំណរគុណដៃគូអាជីវកម្មជាង១៦០ ដែលរៀបចំដោយវិទ្យាស្ថានអភិវឌ្ឍវិស័យអប់រំ (EDI) នៅសណ្ឋាគារ សាន់ & មូន។

កម្មវិធីខាងលើនេះ ក៏មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ បុគ្គលិក សាស្ត្រាចារ្យ និងភ្ញៀវកិត្តិយសជាច្រើននាក់ រួមទាំងលោកបណ្ឌិត តាន់ មុនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាអគ្គនាយករងក្រុមហ៊ុន ម៉ុង ឬទ្ធី គ្រុប ផងដែរ។
លោកឧកញ៉ា ប៉ិច បូឡែន ស្ថាបនិកវិទ្យាស្ថានអភិវឌ្ឍវិស័យអប់រំ (EDI) បានលើកឡើងលើទំព័រហ្វេសប៊ុក នៅព្រឹកថ្ងៃទី០១ ខែកុម្ភៈនេះ យ៉ាងដូច្នេះថា៖ “បើកឆាកឆ្នាំថ្មីជាមួយនឹងការគាំទ្រសេវា ៤០វគ្គសិក្សា ក្នុងថ្ងៃថ្លែងអំណរគុណដៃគូ។ សូមអរគុណក្រុមហ៊ុនឯកជន ស្ថាប័នរដ្ឋ និងអង្គការជាតិ-អន្តរជាតិនានាដែលបានគាំទ្រ វិទ្យាស្ថាន អភិវឌ្ឍវិស័យអប់រំ Educational Development Institute – EDI អស់រយៈពេល១៦ឆ្នាំមកនេះ”។

សូមជម្រាបថា វិទ្យាស្ថានអភិវឌ្ឍវិស័យអប់រំ គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធមួយរបស់វេសឡាញ អេឌ្យូខេសិន គ្រុប (Westline Education Group) ដែលបានបង្កើតឡើងនៅឆ្នាំ២០០៧ និងផ្តោតលើសេវាបណ្តុះបណ្តាលបុគ្គលិក សេវាប្រឹក្សាយោបល់និងស្រាវជ្រាវអាជីវកម្ម ប្រឹក្សាយោបល់ទៅសិក្សានិងរស់នៅក្រៅប្រទេស និងសេវាប្រលងតេស្តអន្តរជាតិជាច្រើន ដូចជាប្រលងទៅធ្វើការនៅជប៉ុន, TOEFL, Pearson, CFA និង CPA ជាដើម៕


