ឧកញ៉ា ២រូប មានឈ្មោះក្នុងបញ្ជីសមាសភាពក្រុមប្រឹក្សាបរធនបាលនៃមូលនិធិអភិវឌ្ឍន៍ជំនាញ

ជុំវិញ​ឧកញ៉ា


មូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) នៅថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ បានចេញសេចក្ដីប្រកាសជាផ្លូវការ នូវសមាសភាពក្រុម ប្រឹក្សាបរធនបាលរបស់ខ្លួន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមសេចក្ដីប្រកាសនេះ សមាសភាពក្រុមប្រឹក្សាបរធនបាល មានចំនួន១០រូប ដឹកនាំដោយ លោក ផាន់ ផល្លា រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាប្រធាន។ ដោយឡែកឧកញ៉ា ដែលមានឈ្មោះក្នុងបញ្ជីសមាសភាព ក្រុមប្រឹក្សាបរធនបាល មានឧកញ៉ា សុខ ពិសិដ្ឋ ប្រធានសហព័ន្ធនិយោជក និងសមាគមពាណិជ្ជកម្មកម្ពុជា, ឧកញ៉ា លូ ម៉េង ប្រធានសហព័ន្ធទេសចរណ៍កម្ពុជា ជាសមាជិក។

មូលនិធិអភិវឌ្ឍន៍ជំនាញ បង្កើតឡើងដើម្បីកៀរគរធនធាន សម្រាប់ផ្តល់ហិរញ្ញប្បទានគាំទ្រដល់ការអភិវឌ្ឍជំនាញ ដែលឆ្លើយតបទៅនឹងតម្រូវការវិស័យឯកជន ប្រកបដោយប្រសិទ្ធភាព និងចីរភាព តាមរយៈការកំណត់អំពីលក្ខខណ្ឌ បែបបទ នីតិវិធី យន្តការ ក្នុងការគ្រប់គ្រង ការរៀបចំ និងការប្រព្រឹត្ត។

សូមជម្រាបជូនថា ក្រុមប្រឹក្សាបរធនបាល នៃមូលនិធិអភិវឌ្ឍន៍ជំនាញ មានតួនាទី សិទ្ធិ និងអំណាច ដូចជា៖ ដាក់ចេញ ទិសដៅ និងក្របខណ្ឌយុទ្ធសាស្ត្រឆ្លើយតបនឹងគោលបំណង, អនុម័តលើផែនការថវិកាប្រចាំឆ្នាំ របាយការណ៍ហិរញ្ញវត្ថុ និងបទបញ្ជាផ្ទៃក្នុង, កៀរគរធនធានហិរញ្ញវត្ថុ ដើម្បីបម្រើដល់គោលបំណងរបស់ខ្លួន។

ទន្ទឹមនឹងនោះ មូលនិធិនេះ ក៏មានសិទ្ធិស្នើកែសម្រួលរចនាសម្ព័ន្ធនៃអង្គភាពប្រតិបត្តិតាមការចាំបាច់, និងកំណត់នូវ ស្តង់ដា ប្រតិបត្តិ និងនីតិវិធីរដ្ឋបាល និងហិរញ្ញវត្ថុចាំបាច់នានាពាក់ព័ន្ធនឹងការគ្រប់គ្រង និងដំណើរការ ដើម្បីធានាឱ្យបាននូវ យន្តការ ប្រតិតុល្យភាពគ្រប់គ្រង និងស្វ័យភាពរដ្ឋបាល និងស្វ័យភាពហិរញ្ញវត្ថុផងដែរ៕