អ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា និងអនុប្រធាន ព្រមទាំងសមាជិកក្រុមប្រឹក្សាភិបាលសរុបចំនួន១០រូប បានទទួលស្វាគមន៍ លោក Yoshihisa Suzuki ប្រធានគណៈកម្មាធិការកិច្ចសហប្រតិបត្តិការធុរកិច្ចមេគង្គ-ជប៉ុន នៃសភាពាណិជ្ជកម្មនិងឧស្សាហកម្មជប៉ុន ដើម្បីបន្តពិភាក្សាធុរកិច្ច ការវិនិយោគ កាលពីសៀលថ្ងៃចន្ទ ទី១ ខែកុម្ភៈ ឆ្នាំ២០២៤។

ក្នុងជំនួបពិភាក្សាធុរកិច្ចនេះ ទទួលបានផ្លែផ្កាជាវិជ្ជមាន ខណៈដែលភាគីទាំងពីរបានកំណត់ថា នឹងបង្កើតចំណងមិត្តភាព ព្រមទាំងកិច្ចសហប្រតិបត្តិការផ្សេងៗ ជាបន្តបន្ទាប់ទៀតដើម្បីបង្កើតកាលានុវត្តភាពពាណិជ្ជកម្ម និងវិនិយោគរវាងស្ថាប័នទាំងពីរឱ្យកាន់តែល្អប្រសើរ ជាពិសេសភាគីទាំងពីរព្រមព្រៀងនឹងចុះអនុស្សារណៈយោគយល់គ្នា និងការកៀរគរវិនិយោគិនបន្ថែមទៀតផងដែរ។ នេះបើតាមអ្នកឧកញ៉ា ហ៊ុន ឡាក់ អគ្គលេខាធិការនៃសមាគមឧកញ៉ាកម្ពុជា ប្រាប់សារព័ត៌មានឧកញ៉ាញូស៍។
គួររំលឹកថា ក្នុងឱកាសចូលរួមអមដំណើរសម្តេចធិបតី ហ៊ុន ម៉ាណែត នាយរដ្ឋមន្ត្រី ទៅប្រទេសជប៉ុន ក្នុងអំឡុងខែធ្នូឆ្នាំ២០២៣កន្លងទៅ អ្នកឧកញ៉ា សៀ ឬទ្ធី អនុប្រធានសមាគមឧកញ៉ាកម្ពុជា តំណាងអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា រួមទាំងសមាជិកក្រុមប្រក្សាភិបាលសមាគម បានជួបពិភាក្សាធុរកិច្ចម្តងរួចមកហើយនៅទីក្រុងតូក្យូ ប្រទេសជប៉ុន។ ទន្ទឹមនឹងនោះដែរ តំណាងសមាគមឧកញ៉ាកម្ពុជា ក៏បានអញ្ជើញភាគីជប៉ុនមកបំពេញទស្សនកិច្ចធុរកិច្ចនៅកម្ពុជាក្នុងពេលវេលាសមស្របណាមួយ។

ជាការឆ្លេីយតប ភាគីជប៉ុនបានមកបំពេញទស្សនកិច្ចនៅកម្ពុជា ហើយសមាគមឧកញ៉ាកម្ពុជា ក៏បានរៀបចំទទួលស្វាគមន៍ និងអញ្ជើញ គណៈប្រតិភូគណៈកម្មាការមេគង្គ-ជប៉ុន នៃសភាពាណិជ្ជកម្ម និងឧស្សាហកម្ម ជប៉ុន ទទួលទានអាហារថ្ងៃត្រង់ ដើម្បីបន្តពិភាក្សាការងារធុរកិច្ច និងរឹតចំណងកិច្ចសហប្រតិបត្តការរវាងស្ថាប័នទាំងពីរ៕








