លោកស្រីអ្នកឧកញ៉ា មាស សុភារី ត្រូវបានព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ត្រាស់បង្គាប់តែងតាំងផ្តល់ឋានៈជាទីប្រឹក្សា សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នីតិកាលទី៧ នៃរដ្ឋសភា ជាមួយនឹងឥស្សរជនចំនួន ១៥រូបទៀត នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤។ នេះបើតាមព្រះរាជក្រឹត្យលេខ នស/រកត/០១២៤/០៦៤។

ក្នុងឱកាសដ៏រីករាយនេះ អ្នកឧកញ៉ា ទៀ ណារ៉ាវុទ្ធ ដែលត្រូវជាស្វាមីរបស់លោកស្រីអ្នកឧកញ៉ា មាស សុភារី បានបង្ហោះលិខិតលើទំព័រហ្វេសប៊ុក ចូលរួមអបអរសាទរភរិយាជាទីស្រលាញ់របស់ខ្លួន នៅល្ងាចថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៤ ដូច្នេះថា៖ “ក្នុងឱកាសដែលព្រះមហាក្សត្រត្រាស់បង្គាប់តែងតាំងអូន ជាទីប្រឹក្សា សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា មានឋានៈស្មើ អនុរដ្ឋលេខាធិការ ក្នុងនាមបងផ្ទាល់ ក៏ដូចជាក្រុមគ្រួសាររបស់យើង ពិតជាមានមោទកភាពក្រៃលែងចំពោះការទទួលបាននូវការតែងតាំងតួនាទីថ្មីនេះ ដែលទាំងអស់នេះ ជាស្នាដៃនៃការខិតខំប្រឹងប្រែងក្នុងស្មារតីជួយរាជរដ្ឋាភិបាល ក៏ដូចជាជួយការងារសង្គមកន្លងមក។ បងក៏សូមជូនពរអូនសម្លាញ់ សូមមានសុខភាពល្អ បញ្ញាឈ្លាសវៃ កម្លាំងមាំមួន អាយុយឺនយូរ សម្រស់កាន់តែស្រស់ស្អាត និងជោគជ័យគ្រប់ភារកិច្ច។ ដោយក្តីស្រលាញ់បំផុតពីស្វាមី”។

សូមជម្រាបថា លោកស្រីអ្នកឧកញ៉ា មាស សុភារី គឺជាកូនស្រីបង្កើតរបស់លោក មាស សុភា ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ មានឋានៈស្មើឧបនាយករដ្ឋមន្រ្តី។ លោកស្រីឧកញ៉ា មាស សុភារី ទទួលបានគោរមងារ «អ្នកឧកញ៉ា» នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣ ខណៈដែលស្វាមីរបស់លោកស្រី គឺឧកញ៉ា ទៀ ណារ៉ាវុទ្ធ ទទួលបានគោរមងារ «អ្នកឧកញ៉ា» នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣៕
